The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក Honda ៖ ខ្ញុំ​ដឹង​ច្បាស់​ពី​អ្វី​ដែល​​​យើង​​ត្រូវធ្វើ ដើម្បីឱ្យ​ក្រុម​​កម្ពុជា មាន​ភាព​ប្រសើរ​

លោក Honda ៖ ខ្ញុំ​ដឹង​ច្បាស់​ពី​អ្វី​ដែល​​​យើង​​ត្រូវធ្វើ ដើម្បីឱ្យ​ក្រុម​​កម្ពុជា មាន​ភាព​ប្រសើរ​

Content image - Phnom Penh Post
លោក Keisuke Honda ពេលដឹកនាំ​ក្រុមជម្រើសជាតិកម្ពុជា​អាយុក្រោម ​២៣ ​ឆ្នាំ ប្រកួតជាមួយក្រុម U23 ជប៉ុន កាលពី​យប់មិញ។ រូប​ថត FFC

លោក Honda ៖ ខ្ញុំ​ដឹង​ច្បាស់​ពី​អ្វី​ដែល​​​យើង​​ត្រូវធ្វើ ដើម្បីឱ្យ​ក្រុម​​កម្ពុជា មាន​ភាព​ប្រសើរ​

ភ្នំពេញ៖ អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda បានអះអាង​ថា លោក​​បាន​ដឹង និងមើល​ឃើញ​យ៉ាងច្បាស់ពី​អ្វីដែល​លោក និងក្រុមការងារ​បច្ចេកទេស​របស់​លោក ត្រូវធ្វើ​ការ​កែ​ប្រែ ទៅលើ​ក្រុម​ជម្រើសជាតិកម្ពុជា​អាយុក្រោម​ ២៣​ ឆ្នាំ បន្ទាប់ពី​ក្រុម​​ត្រៀម​ស៊ីហ្គេម នៅឆ្នាំ​ ២០២៣ ​របស់កម្ពុជា​មួយនេះ បានចាញ់​ក្រុម ​U23 ជម្រើសជាតិ​ជប៉ុន ៣-១ ក្នុង​​ការ​​ប្រកួត​មិត្ត​ភាព​អន្តរជាតិ នៅ​ពហុកីឡ​ដ្ឋាន​ជាតិមរតកតេជា កាលពី​យប់​ថ្ងៃអង្គារ។

បើទោះបីជា ក្រុម U23 ជប៉ុន ដែល​មក​ប្រកួតជាមួយក្រុម ​U23 ជម្រើសជាតិ​កម្ពុជា កាល​ពីម្សិលមិញ​នេះ គឺ​ភាគ​ច្រើន ជា​កីឡាករ​លេងនៅ​សាកល​វិទ្យាល័យរបស់​ជប៉ុន ប៉ុន្តែតាម​រយៈ​ការ​ប្រកួតនេះ ​បានបង្ហាញ​ថា ពួកគេ​មាន​កម្រិត​លេង​ខ្ពស់ជាង​ក្រុម​កម្ពុជា ទាំងការ​លេង​ជា​ក្រុម និង​លេង​ជាលក្ខណបុគ្គល។

ក្រុម U23 ជប៉ុន​មួយនេះ បានដាក់សម្ពាធ​ទៅលើ​ក្រុម U23 កម្ពុជា ជាបន្តបន្ទាប់​មក ហើយ​បាន​បង្កើតឱកាស​មាស​ជា​ច្រើន​លើក ប៉ុន្តែ​ពួកគេ​រកបានត្រឹម​ ៣ គ្រាប់ទេ តែសុទ្ធ​ជា​​គ្រាប់​បាល់​ពិសេស ដោយក្នុង​នោះកីឡាករ Hiiro Komori បានស៊ុត​បាល់​ធ្លាក់ពី​លំហ បញ្ចូល​ទី​ នៅនាទីទី​ ១៣ ហើយ​គ្រាប់បាល់​ទី​ ២​ របស់ FujiiKaito នៅនាទីទី ​៣៧ ក៏ស៊ុត​បាល់​ពី​លំហ ធ្លាក់មិន​ទាន់ដល់​ដី​ដូចគ្នា ចំណែក​​គ្រាប់បាល់​ទី​ ៣​ ជាការ​តែត​បាល់បញ្ចូលទី​ដ៏​ល្អឥតខ្ចេះ​​របស់ Hayato Mizuno នៅនាទីទី​៦៧។

Content image - Phnom Penh Post
ប្រធានក្រុម​​របស់ U23 កម្ពុជា ជួន ចាន់ជាវ បានរារាំង​កីឡាករ​ជប៉ុន ពេលប្រកួត​នៅពហុកីឡដ្ឋាន​ជាតិមរតកតេជោ កាលពី​យប់ថ្ងៃ​អង្គារ។ រូប​ថត FFC

ចំណែក ​១ គ្រាប់​របស់​កម្ពុជា រក​បាន​ដោយការ​ទាត់​បាល់ពិន័យ​ ១១ ម៉ែត្រ បានសម្រេច​របស់ប្រធាន​ក្រុម ជួន ចាន់ជាវ នៅនាទីទី​ ២៧ បន្ទាប់ពី​កីឡាករ​ជប៉ុន បាន​យក​ដៃទៅប៉ះបាល់ នៅ​ក្នុងតំបន់​គ្រោះ​ថ្នាក់​របស់ខ្លួនឯង ពី​ការទាត់បាល់ហ្រ្វីឃីក​របស់​កីឡាករ មិន រតនៈ នោះ ខណៈការ​ប្រកួតនេះ ក្រុម U23 កម្ពុជា មានឱកាស​តិចតួចទេ ក្នុងការ​លេង​នៅមុខ​ទី​របស់​ក្រុមជប៉ុន និងស៊ុតបាល់ចំគោលដៅ​តែ ​១ ជើង​គត់។

ជាមួយគ្នា​នេះ ប្រធាន​ក្រុម ជួន ចាន់ជាវ បាន​មើល​ឃើញ​ថា មិត្តរួមក្រុម​របស់ខ្លួន ហាក់មិនមានទំនុក​ចិត្តខ្លាំង ក្នុងការប្រកួតប្រជែង ជាមួយក្រុមជប៉ុន នោះទេ។ «ដូចយើងបាន​ឃើញ​ជាក់ស្តែង​អ៊ីចឹង គឺ​ក្រុម​របស់គេ​ខ្លាំង​ជាងយើង​ គេ​ល្អជាង ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​ធ្វើ​ គឺ​ទំនុក​ចិត្តខ្លួន​ឯង កុំអស់​សង្ឃឹម តែ​ត្រូវខំហាត់ថែម​ទៀត»។

ខ្សែ​ការពារ​របស់​ក្រុម​ភ្នំពេញក្រោន រូបនេះ បាន​បន្ថែមថា៖​ «ចំណុច​ខ្វះខាត​របស់​យើង គឺ​ទំនុក​ចិត្ត! ទាល់តែ​យើង​មាន​ទំនុក​ចិត្ត ទើប​យើងហ៊ាន​លេង។ ទោះបីជា​យើង​ដឹង​ថា ក្រុមគេ​ខ្លាំង ប៉ុន្តែ​យើង​ត្រូវតែ​ហ៊ាន​លេង ដើម្បី​អភិវឌ្ឍ​ខ្លួនឯង ចំណែក​ក្រុម​ជប៉ុន ​លឿន ហើយ​តាក់ទិក​​គេ​ល្អ កីឡាករ​ម្នាក់ៗ​របស់គេ ល្អជាង​យើង អ៊ីចឹង​យើង​ត្រូវ​រៀនសូត្រ​ពីគេ»។

Content image - Phnom Penh Post

យ៉ាងណា​មិញ លោក Keisuke Honda ដែល​បាន​ឈរ​បញ្ជា​ក្រុម​ U23 ជម្រើស​ជាតិ​កម្ពុជា ដោយ​ផ្ទាល់​នោះ បាន​មើល​ឃើញ​យ៉ាងច្បាស់ពីចំណុច​ខ្វះ​ខាត ដែលត្រូវកែ​ប្រែ​បន្ថែម ទៅលើ​ទម្រង់លេង​​របស់​ក្រុមគោព្រៃជំទង់​កម្ពុជា ដើម្បី​​ធ្វើ​ឱ្យក្រុមនេះ មានគុណ​ភាពលេង កាន់តែ​ប្រសើរ ក្នុង​ការ​ត្រៀម​ការ​ប្រកួតស៊ីហ្គេម លើកទី ​៣២ ឆ្នាំ ​២០២៣ នៅកម្ពុជា។

លោក Keisuke Honda បានសរសេរ​បង្ហោះ នៅលើ​ផេចហ្វេស​ប៊ុក​ផ្ទាល់ខ្លួន ក្រោយ​ការ​ប្រកួត​ចប់​​ថា៖ «សូមអរគុណ សម្រាប់ការគាំទ្រ​របស់​អ្នកទាំង​អស់គ្នា ហើយ​ខ្ញុំ​ដឹង​ច្បាស់​ពី​អ្វី​ដែល​​​​យើង​​ត្រូវធ្វើ ដើម្បីឱ្យ​ក្រុម​របស់យើង មានភាពប្រសើរ​ជាង​នេះ។ ​ពិតមែនហើយ​ វា​ត្រូវ​ការ​ពេល​​វេលា ដើម្បី​សម្រេច​កិច្ចការទាំងអស់ហ្នឹង ប៉ុន្តែ​យើងអាច​ធ្វើ​បាន»។

ជាមួយ​គ្នា​នេះ លោក Ryu Hirose គ្រូបង្គោល​ក្រុមជម្រើសជាតិកម្ពុជា បាននិយាយ​ ក្នុង​សន្និសីទកាសែត ​ក្រោយការ​ប្រកួតថា៖​ «ដូចដែលអ្នក​បា​ន​ឃើញ​លទ្ធផល គឺយើងចាញ់ ប៉ុន្តែ​ក្រៅ​ពី​លទ្ធផល យើងឃើញភាព​វិជ្ជមាន​មួយ​ចំនួន​ផងដែរ។ ដំបូង​យើង​របូត​គ្រាប់​បាល់​ដោយ​បាល់រៀបចំ​​១គ្រាប់ ដោយ​គេធ្វើបានល្អ ​តែ​បន្ទាប់មក យើងក៏បម្លាស់​ទីបានល្អ ដូច្នេះ នេះ​ជា​បទពិសោធ​ដ៏ល្អ សម្រាប់យើងនាពេលអនាគត»៕

អត្ថបទគួរចាប់អារម្មណ៍