ភ្នំពេញៈ ​ការបរាជ័យ ៣-១ របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម ​២៣ ​ឆ្នាំ ក្រោម​ស្នាដៃ​ក្រុម​ U23 ជម្រើសជាតិ​ជប៉ុន កាលពី​យប់​ថ្ងៃ​អង្គារ វា​ហាក់​ដាក់​សម្ពាធ​ទៅលើ​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា ដោយ​ពួកគេត្រូវ​រកឱ្យឃើញ​នូវ​ជ័យជម្នះ ជូន​ដល់​អ្នកគាំទ្រ សម្រាប់​ការប្រកួត​មិត្តភាព​អន្តរជាតិ ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ នា​យប់​ម៉ោង ​៧ ថ្ងៃទី​ ២២ ខែកញ្ញា​ ឆ្នាំ ២០២២។​

ជាមួយគ្នានេះ គ្រូ​បង្គោល​ជនជាតិ​ជប៉ុន​លោក Ryu Hirose ក៏​បានដឹង​ច្បាស់​ដែរ​ថា លោក​ត្រូវ​ដឹកនាំ​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា ឱ្យ​ទទួលបាន​ជ័យជម្នះ សម្រាប់​ការជួប​ក្រុម​បង់​ក្លា​ដែ​ស ដើម្បី​ស្អំ​ចិត្ត​អ្នកគាំទ្រ​កម្ពុជា ដែល​ទើប​ជួប​ការខកចិត្ត ពេល​ឃើញ​ក្រុម​ U23​ ជម្រើសជាតិ​កម្ពុជា ចាញ់​ក្រុម ​U23 ​ជប៉ុន នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​នេះ កាលពី​យប់​ថ្ងៃទី ​២០ ខែកញ្ញា​។​

លោក Ryu Hirose បាន​ថ្លែង នៅក្នុង​សន្និសីទកាសែត កាលពី​ព្រឹក​ថ្ងៃទី​ ២១ ខែកញ្ញា​​ថា​៖ «​សម្រាប់​ការប្រកួត​ជាមួយ​ក្រុម​បង់​ក្លា​ដែ​ស យើង​ត្រូវតែ​ស្រេកឃ្លាន ក្នុងការ​យកជ័យ​ជម្នះ ហើយ​ការនិយាយ​បែបនេះ មិនមែន​មានន័យថា ជាការ​ប្រកួត​ងាយស្រួល​នោះទេ ប៉ុន្តែ​វា​ជា​កាតព្វកិច្ច ដែល​យើង​ត្រូវតែ​ឈ្នះ សម្រាប់​ការប្រកួត ក្នុង​ដី​ខ្លួនឯង​»​។​

កីឡាករ​ចំនួន​ ២៤​ នាក់ ត្រូវបាន​ជ្រើសរើស និង​ជាប់​នៅក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ សម្រាប់​ការត្រៀម​ប្រកួត​ជាមួយ​ក្រុម​បង់​ក្លា​ដែ​ស លើក​នេះ ក្នុងនោះ​មាន​អ្នកចាំទី ហ៊ុល គឹម​ហ៊ុយ​, ម៉ាត់ នូ​រុណ របស់​បឹងកេត​, កែវ សុខ​សិលា ឈ​ង់ ប៊ុន​ណាត​, អ៊ុក សុវណ្ណ​, អ៊ិន សូ​ដា​វីដ​, រ៉ឹង ប៊ុន​ហៀ​ង​, ស៊ិន កក្កដា របស់​ក្លិប​វិសាខា​, សឿត បារាំង​, ជួន ចាន់​ជាវ​, យ៉ើ សា​ហ្វី​, ប្រាក់ ធី​វ៉ា របស់​ភ្នំពេញ​ក្រោ​ន​, ស៊ូ យ៉ា​ទី​, គួច ដា​នី​, ដាវ នី​ម របស់​ណាហ្គា​វើ​លដ៍​, អោម ឧ​ត្ត​ម​, សឿ​យ វិសាល​, សារ៉េត គ្រី​យ៉ា​, គីម សុខ​យុទ្ធ​, ត្រាយ វិចិត្រ របស់​ព្រះខ័ន​រាជ​ស្វាយរៀង​, កាន់ ពិសាល​, ជឿន ណា​ចា របស់​ក្រុម​ទ័ព​, ថេ​ឡរ នី​កូ​ឡាស់ ឌឿ​ង របស់​ក្លិប Orlando City SC និង វ៉ាន់ តៃ​ឡា​ម៉ី របស់​នគរបាលជាតិ​។​

បេក្ខភាព​ទាំង​ ២៤ ​នាក់​នេះ សុទ្ធតែ​បានជា​ប់ នៅក្នុង​ការធ្វើ​តេស្ត​កម្លាំង (30-15IFT test) ចាប់ពី ២០.៥ គីឡូម៉ែត្រ​/​ម៉ោង​ឡើងទៅ ដែល​កំណត់ដោយ​អ្នកចាត់ការ​ទូទៅ លោក Keisuke Honda ប៉ុន្តែ​កីឡាករ​ធ្លាប់មាន​ទម្រង់​លេង​ល្អ និង​តែងតែ​មានឈ្មោះ​នៅក្នុង​ក្រុម​ធំ​ជម្រើសជាតិ ដូចជា​ខ្សែការពារ ទេស សម្បត្តិ​, ឆេង ម៉េង​, ធា​រី ចន្ថា​ប៊ី​ន​, កែន ច័ន្ទ​សុ​ភ័​ក្រ ខ្សែប្រយុទ្ធ កែវ សុខ​ផេង របស់​វិសាខា ព្រមទាំង អ៊​ន ចាន់​ប៉ូ​លីន របស់​ភ្នំពេញ​ក្រោ​ន សុះ ស៊ូ​ហា​ណា និង គួច សុ​កុម្ភៈ របស់​ណាហ្គា​វើ​លដ៍ និង សេត រ៉​ស៊ី​ប របស់​បឹងកេត ជាដើម សុទ្ធតែ​បាន​ធ្លាក់ នៅក្នុង​ការធ្វើ​តេស្ត​កម្លាំង​នេះ​។​

ចំពោះ​បញ្ហា​នេះ លោក Ryu Hirose បាន​បញ្ជាក់ថា​៖ «​ពិតណាស់ មាន​កីឡាករ​សំខាន់ៗ​មួយចំនួន មិនបាន​ជាប់ នៅក្នុង​បញ្ជី​ឈ្មោះ​ចុងក្រោយ ដោយសារ​ពួកគាត់ បាន​ធ្លាក់​ក្នុងការ​ធ្វើតេស្ត​កម្លាំង ប៉ុន្តែ​សម្រាប់​កីឡាករ ដែល​បាន​ជាប់​លើក​នេះ គឺ​លក្ខណៈកាយសម្បទា និង​ភាព​អំណត់​របស់គាត់ មាន​កម្រិត​ខ្ពស់ជាង​មុន។ អ៊ីចឹង​មធ្យមភាគ​នៃ​ការលេង​ពាក់ព័ន្ធ​នឹង​កាយសម្បទា គឺ​យើង​ប្រសើរ​ជាង​មុន​»​។​

ជាមួយគ្នានេះ លោក Ryu Hirose មិន​ចង់ឃើញ​ហេតុការណ៍ ដែល​បាន​កើតមានឡើង​ពេល​ក្រុម​ U23​ កម្ពុជា ចាញ់​ក្រុម​ U23​ ជប៉ុន ៣-១ កាលពី​យប់​ថ្ងៃ​អង្គារ កើតមានឡើង ពេល​ក្រុម​ធំ​ជម្រើសជាតិ​កម្ពុជា ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ទេ​។

គ្រូបង្វឹក​វ័យ ​៦៦ ​ឆ្នាំ​រូបនេះ បានបញ្ជាក់​បន្ថែមថា​៖ «​ការប្រកួត​ជាមួយ​ក្រុម​ជប៉ុន កាលពី​ម្សិលមិញ យើង​បាន​បង្កើត​ឱកាស និង​ស្ថានភាព​គ្រោះថ្នាក់​ច្រើន ប៉ុន្តែ​យើង​មិនអាច​បង្កើត​ឱកាស​ទាត់​ចូល​ទី​បាន ប៉ុន្តែ​ការប្រកួត​ជាមួយ​ក្រុម​បង់​ក្លា​ដែ​ស យើង​មិន​ចង់ឱ្យ​ស្ថានភាព​បែបនេះ កើតមានឡើង​ទៀត​នោះទេ គឺ​យើង​នឹង​ព្យាយាម​ទាត់​បញ្ចូល​ទី​ឱ្យបាន​ច្រើន​»​។​

ទន្ទឹមនឹងនេះ ប្រធាន​ក្រុម សឿ​យ វិសាល ក៏បាន​អះអាង​ពី​ការរក​គ្រាប់​បាល់​ឱ្យបាន​ច្រើន ពេល​ជួប​ក្រុម​បង់​ក្លា​ដែ​សផងដែរ​។ «​នេះ​ជាការ​ប្រកួត​ដ៏​ល្អ​មួយ សម្រាប់​ពួកយើង ហើយ​ពួកយើងនឹង​ប្រឹងប្រែង​លេង​ឱ្យ​អស់ពី​សមត្ថភាព ក្នុង​ការរក​គ្រាប់​បាល់​ឱ្យបាន​ច្រើន ទៅតាម​លទ្ធភាព និង​ឱកាស​ដែល​ពួកយើង​អាចធ្វើ​បាន​»​។

ខ្សែការពារ​របស់​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង សឿ​យ វិសាល បាន​បន្ថែមថា​៖ «​បង់​ក្លា​ដែ​ស ជា​ក្រុម​មួយ​មាន​របៀប​លេង​ល្អ ដែល​យើង​មិនអាច​មើលស្រាល​នោះទេ ប៉ុន្តែ​ពួកយើង ក៏បាន​ត្រៀមខ្លួន​រួចជាស្រេច ហើយ​លើក​នេះ យើង​មាន​កីឡាករ​ថ្មីៗ​ច្រើន ដោយ​ខ្ញុំ​ជឿជាក់ថា ពួកគាត់​ធ្វើបាន​ល្អ ដើម្បី​ជា​មោទនភាព​របស់​ពួកគាត់ ដែល​បាន​បង្ហាញខ្លួន ក្នុង​ក្រុម​ធំ​ជម្រើសជាតិ លើក​នេះ​»​។​

យ៉ាងណាក៏ដោយ ចំពោះ​មហិច្ឆតា​ស្វែងរក​ជ័យជម្នះ ជាមួយ​ការដាក់​ទិសដៅ​រក​គ្រាប់​បាល់​ឱ្យបាន​ច្រើន​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ហាក់​មិនទាន់មាន​ប្រាកដប្រជា​នៅឡើយ​ទេ ព្រោះ​លោក Javier Fernandez Cabrera Martin ជា​គ្រូ​បង្គោល​ក្រុម​ជម្រើសជាតិ​បង់​ក្លា​ដែ​ស ក៏មាន​ទំនុកចិត្ត​ខ្ពស់ និង​ដាក់​គោលដៅ​ស្វែងរក​ជ័យជម្នះ នៅក្នុង​ការប្រកួត​មិត្តភាព​អន្តរជាតិ លើក​នេះ​ដូចគ្នា​។​

គ្រូបង្វឹក​ក្រុម​បង់​ក្លា​ដែ​សរូប​នេះ បាន​និយាយថា​៖ «​ក្រុម​របស់​យើងបាន​បោះជំរំ​ហ្វឹកហាត់​នៅក្នុង​ស្រុក បាន​២០​ថ្ងៃ ហើយ​យើង​ក៏បាន​ធ្វើដំណើរ​មក​ហ្វឹកហាត់​នៅ​កម្ពុជា បាន ​១​ សប្តាហ៍​ទៀត។ អ៊ីចឹង​ការប្រកួត​នេះ យើង​ត្រៀមខ្លួន​បានល្អ។ ដូច្នេះ​ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ការប្រកួត​លើក​នេះ ជាការ​ប្រកួត​ដ៏​ល្អ ហើយ​យើង​មក​ទីនេះ ដើម្បី​ប្រកួតប្រជែង​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា អ៊ីចឹង​ច្បាស់​ណាស់ គោលដៅ​របស់​យើង គឺ​ត្រូវតែ​ឈ្នះ​»​។​

កីឡាករ Jamal Bhuyan របស់​បង់​ក្លា​ដែ​ស បាន​និយាយថា​៖ «​ដូច​លោកគ្រូ​បានលើកឡើង​អ៊ីចឹង គឺ​យើង​មាន​ពេល​គ្រប់គ្រាន់ ក្នុងការ​ហ្វឹកហាត់​។ យើង​ត្រៀម​បានល្អ​មែនទែន ហើយ​គោលដៅ​របស់​យើង​មក​ទីនេះ គឺ​ដើម្បី​ឈ្នះ និង​ដើម្បី​បង្ហាញ​ពី​ការលេង​របស់​ក្រុម​បង់​ក្លា​ដែ​ស ឱ្យ​កម្ពុជាបានឃើញ តែ​កម្ពុជា ក៏​មិនមែនជា​ក្រុម​ងាយស្រួល​យកឈ្នះ​នោះដែរ ដោយ​យើង​ត្រូវតែមាន​ការគោរព​ដល់​ពួកគាត់​»៕