
លោក ទៀ បាញ់ ពេលថ្លែងនៅក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ៩ ខែ ដើមឆ្នាំ ២០២២ កាលពីថ្ងៃទី ២២ ខែកញ្ញា។ រូបថត CAMSOC
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ ២០២៣ បានជំរុញ និងក្រើនរំឭកទៅដល់គណៈកម្មការជំនាញទាំងអស់ ព្រមទាំងភាគីពាក់ព័ន្ធ ត្រូវតែមានភាពទទួលខុសត្រូវទាំងទៅលើការបំពេញការងារ និងការចំណាយ ដើម្បីធានាបាននៅសុក្រឹតភាព និងគុណភាពការងារ ក្នុងការឈានទៅទទួលបានជោគជ័យរួម ក្នុងពេលកម្ពុជា ត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម ជាប្រវត្តិសាស្រ្ត លើកដំបូង នៅឆ្នាំ ២០២៣។
នៅក្នុងកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារ ៩ ខែ ដើមឆ្ នាំ២០២២ និងទិសដៅយុទ្ធសាស្រ្ដសំខាន់ៗ អនុវត្តបន្ដ នៅទីស្ដីការក្រសួងការពារជាតិ កាលពីព្រឹកថ្ងៃទី ២២ ខែកញ្ញានេះ លោក ទៀ បាញ់ បានស្តាប់ និងពិនិត្យមើលយ៉ាងល្អិតល្អន់ ទៅលើរបាយការណ៍របស់គណៈកម្មការជំនាញនីមួយៗ ដែលបានលើកឡើង មុនពេលលោកធ្វើការវាយតម្លៃជារួម និងផ្តល់អនុសាសន៍ណែនាំបន្ថែម។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសាររួមដល់ប្រព័ន្ធផ្សព្វផ្សាយក្រោយកិច្ចប្រជុំថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន CAMSOC បានដឹកនាំកិច្ចប្រជុំប្រកបដោយជោគជ័យ និងរលូន ហើយធានាបាននៅសុវត្ថិភាព ក្នុងការដឹកនាំ និងគ្រប់គ្រង ឆ្ពោះទៅរៀបចំការធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣»។
នៅក្នុងកិច្ចប្រជុំនោះ គណៈកម្មការបានវាយតម្លៃខ្ពស់ ទៅលើវឌ្ឍនភាពការងារមួយចំនួនធំ ប៉ុន្តែក៏នៅមានបញ្ហាប្រឈមមួយចំនួន និងការងារ ដែលត្រូវធ្វើបន្តផងដែរ ហើយក្នុងនោះលោក ទៀ បាញ់ បានធ្វើការណែនាំនូវអនុសាសន៍ធំៗមួយចំនួន ដែលតម្រូវឱ្យគណៈកម្មការទាំងអស់ និងភាគីពាក់ព័ន្ធ ត្រូវបំពេញការងារ ដោយឈរលើភាពត្រឹមត្រូវ និងត្រូវទទួលខុសត្រូវ នៅអ្វីដែលខ្លួនបានធ្វើ។

លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «សម្តេចពិន័យសេនា បានឱ្យរាជធានី-ខេត្ត ដែលជារដ្ឋបាលដែនដី ទទួលបន្ទុកការងារគាំទ្រដល់ស៊ីហ្គេមនេះ ត្រូវរៀបចំជាក់លាក់ ពីការទទួលខុសត្រូវរៀងៗខ្លួន និងរៀបចំអ្នកទទួលខុសត្រូវជាអភិបាលរងម្នាក់ ដើម្បីធ្វើការជាមួយ CAMSOC ដើម្បីឱ្យមានភាពច្បាស់លាស់ ហើយទទួលបាននូវការទទួលខុសត្រូវ និងបំពេញតាមការងារ ភារកិច្ច ដែល CAMSOC បានបំផុសឱ្យមានយុទ្ធនាការជាតិទូទាំងប្រទេសហ្នឹង»។
ទន្ទឹមនឹងនេះ លោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ ក៏បានសង្កត់ធ្ងន់ ទៅលើការងារ ដែលត្រូវប្រមូលផ្តុំកម្លាំង មកធ្វើការងារនៅក្នុង «មជ្ឈមណ្ឌលប្រតិបត្តិការបញ្ជាការរួម» ផងដែរ ដែលមជ្ឈមណ្ឌលនេះ នឹងបើកឱ្យដំណើរនៅដើមខែវិច្ឆិកា ឆ្នាំ ២០២២ នេះ នៅវិមានពហុកីឡដ្ឋានជាតិមរតកតេជោ ផ្ទាល់តែម្តង។
អ្នកជំនាញកីឡា លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងដឹងហើយថា CAMSOC បានប្រមូលកម្លាំងមកពីគ្រប់ក្រសួង ស្ថាប័នទាំងអស់ ឱ្យមកចូលរួមធ្វើការជាមួយគ្នា អ៊ីចឹងសម្រាប់អ្នកដែលបានទទួលសិទ្ធិចាត់តាំងពីក្រសួង និងស្ថាប័នរបស់ខ្លួន គឺសម្តេចពិជ័យសេនា ឱ្យអ្នកទាំងអស់នោះ មកធ្វើការជាមួយគ្នា អនុវត្តជាមួយគ្នា សម្រេចជាមួយគ្នា ក្នុងរយៈពេល ៧ ទៅ ៨ ខែហ្នឹង ហើយនេះជាប្រសិទ្ធភាព ធានាបាននៅការដឹកនាំ គ្រប់គ្រងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះឱ្យទទួលបានជោគជ័យ»។
ចំណុចសំខាន់ ១ ទៀតលោក ទៀ បាញ់ បានកំណត់ឱ្យរៀបចំឱ្យបានច្បាស់លាស់ ទៅលើការងារថវិកា ការចំណាយ ចំណូល និងការងាររៀបចំឱ្យមាននៅការចំណាយ ចំណូល និងការស្នើសុំរបស់គណៈកម្មការជំនាញនីមួយៗ គឺគ្រប់ការចំណាយទាំងអស់ ត្រូវមានកិច្ចសន្យា។
ទាក់ទងនឹងបញ្ហានេះ លោក វ៉ាត់ ចំរើន បញ្ជាក់ថា៖ «កិច្ចសន្យា ជាគោលការណ៍ធានាបាននូវតម្លាភាព គណនេយ្យភាព និងសុក្រឹតភាព ក្នុងការចាយវាយថវិការបស់រដ្ឋ និងការងាររបស់ CAMSOC អ៊ីចឹងគម្រោងចំណាយទាំងអស់ ត្រូវតែមានការផ្ទៀងផ្ទាត់នូវតម្លៃ និងគុណភាពនៃការងារ និងផ្ទៀងផ្ទាត់នៃរយៈពេលប្រើប្រាស់ ដោយសម្តេចសង្កត់ធ្ងន់ថា រាល់គម្រោងទាំងអស់ ទាល់តែមានប្រភពច្បាស់លាស់ និងការផ្ទៀងផ្ទាត់ច្បាស់លាស់ ទើបអាចចាយបាន ប៉ុន្តែការជំរុញខាងផ្នែកថវិកា និងការធានាបាននៅថវិកាគ្រប់គ្រាន់ នៅតែមានការជំរុញ»៕