ភ្នំពេញៈ មហា​សន្និ​បាត​ក្រុម​ប្រឹក្សា​អូ​ឡាំ​ពិក​អាស៊ី ​(OCA) លើក​ទី​៤១​ ដែល​បាន​ចាប់​ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ទី ៤ ​ខែ​តុលា ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​ឱកាស​ក្នុង​ការ​បង្ហាញ​សក្ដា​នុពល​ក្នុង​ដំណាក់​កាល​អភិវឌ្ឍន៍​។ បន្ថែម​លើ​នេះ​មហា​សន្និ​បាត​នេះ ក៏​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​​សម្រាប់​ការ​ជ​ជែក​ពិភាក្សា​លើ​ព្រឹត្តិ​ការណ៍​កីឡា​អូឡាំ​ពិក​អាស៊ី​ដែល​តែង​តែ​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​ផង​ដែរ​​។

ជុំ​វិញ​រឿង​នេះ​លោក ​វ៉ាត់ ចំរើន ​អគ្គ​លេខា​ធិការ​គណៈ​កម្មា​ធិ​ការ​ជាតិ​រៀប​ចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ (CAMSOC) បាន​ប្រាប់​ថា មហា​សន្និ​បាត​នេះមាន​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​អាស៊ី​បាន​ចូល​រួមហើយ​នេះ​ជា​ការ​បង្ហាញ​នូវ​សក្ដា​នុពល​របស់​ប្រទេស​កម្ពុជា​នៅ​ក្នុង​ដំណាក់​កាល​ដែល​កំពុង​អភិវឌ្ឍ និ​ង​មាន​សន្តិ​ភាព ​ដូច្នេះ​ហើយ​ទើប​ផ្ដល់​ឱ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​។

លោក វ៉ាត់ ចំរើន លើក​ឡើង​ថា​៖ «​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នឹង​ផ្ដល់​អត្ថ​ប្រយោជន៍​ឱ្យកម្ពុជា​ជា​ច្រើន​ដូច​ជា​បណ្ដា​ប្រទេស​ដែល​មក​ចូលរួម សុទ្ធ​តែ​ជា​រដ្ឋ​មន្ត្រី និង​ជា​សាច់​ឈាម​រាជ​វង្សា​នុ​វង្ស និងអ្នក​មុខ​ អ្នក​ការ​នៅ​ក្នុង​វិស័យ​កីឡា​ជាតិ​របស់​គេ ក៏​មក​ច្រើន​ដែរ​។អ៊ីចឹង​យើង​ឃើញ​ថា ​ការ​មក​ដល់​នេះ​មាន​ជាង​ ៣០០ ​នាក់​ ដែល​មក​ចូល​រួម​ក្នុង​ពិធី​គឺ​បាន​ផ្ដល់​នូវ​ការ​គាំ​ទ្រ​កម្ពុជា​របស់​យើង នៅ​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​»​។

លើស​ពី​នេះ​ទៀត​លោក​ថា ចំពោះ​កិច្ច​ប្រជុំ​នេះ គឺ​ប្រជុំ​ផ្ទៃ​ក្នុងដែល​ទាក់​ទង​នឹង​កីឡា ប៉ុន្តែ​មាន​ការ​ជួប​ប្រជុំ​ជា​លក្ខណៈ​អន្តរ​ទ្វេ​ភាគី​រវាង​រដ្ឋ​មន្ត្រី​កីឡា និង​ប្រធាន​អូឡាំ​ពិក ​ដែល​បាន​ពិភាក្សា​គ្នា​រួម​ជា​មួយរដ្ឋ​មន្ត្រី​ក្រសួង​អប់​រំនិង​រដ្ឋ​មន្ត្រី​ក្រសួង​ពាណិជ្ជ​កម្ម​ជា​ដើម ដើម្បី​ផ្លាស់​ប្ដូរ​យោ​បល់ និង​ពង្រឹង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​។

លោក​បន្ថែម​ថា​៖ «កា​ល​ណា​គេ​ស្គាល់​ប្រទេស​យើង ​ដឹង​ពី​យើង​អ៊ីចឹង​ ទាំង​នេះសុទ្ធ​ជា​ផល​ចំណេញ​ រូប​ភាព​នៃ​នយោបាយ​ការ​ទូត នយោ​បាយ​ការ​បរ​ទេស និង​នយោ​បាយ​កីឡា​ដូច្នេះ​ទទួល​បាន​ភាព​ល្អ​ប្រសើរ​»​។

សូម​បញ្ជាក់​ថា ក្រុម​ប្រឹក្សា​អូឡាំ​ពិក​អាស៊ី ត្រូវ​បាន​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី​ ១៦ ខែ​វិច្ឆិកា ឆ្នាំ ​១៩៨២ ​នៅ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា​។បច្ចុប្បន្ន​ក្រុម​ប្រឹក្សា​នេះ​មាន​ទី​ស្នាក់​ការ​ធំនៅ​ប្រទេ​សកូ​វ៉ែតដឹក​នាំ​ដោយ​ប្រធាន​ស្ដី​ទី គឺ​លោក Raja Randhil Singh ​ជន​ជាតិ​ឥណ្ឌា ក្រោយ​ពី​ព្រះអង្គ​ម្ចាស់ Sheikh Ahmad Al Fahad Al Sabah បាន​លា​លែង​ពី​តំណែង​នៅ​ឆ្នាំ​ ២០១៩​។

ក្រុម​ប្រឹក្សា​អូឡាំ​ពិក​អាស៊ី​ មាន​សមា​ជិក​ជា​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​ចំនួន ៤៥ ​ប្រទេស​ក្នុង​ទ្វីប​អាស៊ី ក្នុង​នោះ​ក៏​មាន​គណៈ​កម្មា​ធិការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​ផង​ដែរ​។ គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​បាន​ចូល​ជា​សមា​ជិក​ក្រុម​ប្រឹក្សា​អូឡាំ​ពិក​អាស៊ី​ ឆ្នាំ​ ១៩៩៤​៕