ភ្នំពេញៈ ដោយ​បាន​ចាត់ទុក​ហេតុការណ៍​រត់​ជាន់គ្នា​បណ្តាល​ឱ្យ​ស្លាប់​មនុស្ស​ជាង​ ១០០ ​នាក់​ក្នុង​ការប្រកួត​បាល់ទាត់​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្មីៗ​នេះ​ថា​ជា​សោកនាដកម្ម​ដ៏អាក្រក់​​នោះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ស្នើ​ដល់​ប្រទេស​ទាំងអស់​នៅលើ​ពិភពលោក ជាពិសេស​ប្រទេស​ទាំង​ ៤៥ ​នៅ​អាស៊ី​​គួរតែ​ចូលរួម​គិត​ និង​រួមគ្នា​ពង្រឹង​ក្រមសីលធម៌​នៅក្នុង​ការប្រកួត​ ដើម្បី​ទប់ស្កាត់​កុំឱ្យ​មាន​ហេតុការណ៍​បែបនេះ​កើតឡើង​ទៀត​។

នៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក-​អាស៊ី​ (OCA) ​នៅ​សណ្ឋាគារ​សុខា កាលពី​ព្រឹក​ថ្ងៃទី​ ៤ ខែ​​តុលា លោក ហ៊ុន សែន បាន​អះអាង​ថា លោក​បាន​លើកឡើង​ ២​ ចំណុច មក​ពិភាក្សា​ជាមួយ​លោក Raja Randhir Singh ប្រធាន​ស្តីទី​អូឡាំពិក​អាស៊ី នៅមុន​កិច្ចប្រជុំ​នេះ​ចាប់ផ្តើម ដោយ​ទី ​១ ផ្តោតលើ​ការត្រួតពិនិត្យ​ភាពទន់ខ្សោយ​នៃ​វិស័យ​កីឡា​​នៅ​តំបន់​អាស៊ី​ និង​ទី​ ២ ការពង្រឹង​ក្រមសីលធម៌​ក្នុង​ការប្រកួត​។

នៅ​ចំពោះមុខ​ប្រតិភូ​ផ្នែក​កីឡា​ប្រមាណ​ ៣៣៦​ នាក់​មកពី​ ៥៥​ ប្រទេស​ជុំវិញ​ពិភពលោក​ ដែល​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​មហាសន្និបាត​ OCA នេះ លោក ហ៊ុន សែន​ បាន​​ថ្លែងថា​៖ «​នៅក្នុង​ជំនួប​ដែល​ខ្ញុំ​បាន​ទទួល​ឯកឧត្តម​ប្រធាន OCA អម្បាញ់មិញ ខ្ញុំ​បាន​លើកឡើង​ថា អាស៊ី​របស់​​យើង គួរតែ​ពិនិត្យ​មើល តើ​ហេតុអ្វី​ទៅ​បាន​ជា​កីឡា​ក្នុង​ទ្វីប​របស់​យើង​នៅ​ទន់ខ្សោយ​?»​។

លោកនាយក​រដ្ឋមន្ត្រី​បាន​លើកយក​ការប្រកួត​បាល់ទាត់​មក​ធ្វើជា​ឧទាហរណ៍​បញ្ជាក់​ដល់​អង្គ​ប្រជុំ​ និង​ធ្វើការ​ពិនិត្យ ដោយ​លោក​សំអាង​ថា នៅក្នុង​តំបន់​អាស៊ី​នេះ គឺ​គ្រាន់តែ​ចិន និង​ឥណ្ឌា​មាន​ប្រជាជន​ជិត​ ៣​ ពាន់​លាននាក់ បូករួម​ទាំង​ប្រទេស​អាស៊ាន និង​ប្រទេស​នានា​ទៀត គឺ​មាន​ប្រជាជន​ច្រើនណាស់ ប៉ុន្តែ​សូម្បី​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ក៏​យើង​ពិបាក​ចូល គឺ​មាន​តែ​ប្រទេស​មួយចំនួន​តូច​ប៉ុណ្ណោះ ដែល​អាច​ចូល​ទៅក្នុង​វគ្គ​ជម្រុះ​ WorldCup​។

លោក​ ហ៊ុន សែន បាន​បន្ថែម​ថា​៖ «​នៅ​ឆ្នាំនេះ យើង​ពិតជា​មាន​មោទនភាព ដោយសារ​តំបន់​អាស៊ី​របស់​យើង​មាន​ព្រឹត្តិការណ៍​វើលខាប់​នៅ​ប្រទេស​កាតា ដោយ​សង្ឃឹម​ថា យើង​នឹង​ទទួលបាន​ផ្លែផ្កា​ពី​ការប្រកួត​នៅ​ទីនោះ ក៏ប៉ុន្តែ​អ្វីដែល​យើង​គួរ​សិក្សា តើ​មាន​មូលហេតុ​អ្វីខ្លះ ដែល​យើង​មាន​ចំនួន​ប្រជាជន​ដ៏ច្រើន​ហើយ តែ​ផ្នែក​កីឡា បែរ​ជា​មាន​ភាពទន់ខ្សោយ​ជាង​ទ្វីប​ដទៃ​។ បើ​ប្រៀបធៀប​ទ្វីបអឺរ៉ុប ទ្វីប​អាមេរិក​ឡាទីន គឺ​ទ្វីប​របស់​យើង​មាន​ភាពទន់ខ្សោយ​ជាង ហើយ​នេះ​ជា​​ចំណុច ដែល​យើង​គួរ​សិក្សា​»​។

បន្ថែម​លើ​នេះ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​ស្នើឱ្យ​ប្រទេស​ក្នុង​តំបន់​អាស៊ី​ទាំងអស់​គួរ​មាន​វិធានការ ពង្រឹង​លើ​ក្រមសីលធម៌​នៅក្នុង​ការប្រកួត ដើម្បី​កាត់បន្ថយ​ហេតុការណ៍​អាក្រក់ៗ ឬ​ការបាត់បង់​ជីវិត​ដែល​អាច​កើត​មានឡើង​នៅក្នុង​វិស័យ​កីឡា​នេះ ជា​បន្តទៀត​។

លោក ហ៊ុន សែន បាន​បញ្ជាក់ថា​៖ «​ដោយសារតែ​បញ្ហា​ប្រកួត យើង​ឃើញ​ថា សោកនាដកម្ម​បាន​កើតឡើង ជាពិសេស​ថ្មីៗ​នេះ​នៅ​ឥណ្ឌូនេស៊ី​អំពើ​ហិង្សា និង​ការរត់​ជាន់គ្នា​ស្លាប់ ហើយ​នៅ​ប្រទេស​មួយ​ចំនួន​នៅ​អឺរ៉ុប និង​នៅក្នុង​ទ្វីប​ដទៃ ក៏មាន​ព្រឹត្តិការណ៍​បែបនេះ​កើតឡើង ដូច្នេះ​វា​ជា​ការចាំបាច់​ណាស់ ដែល​ត្រូវ​ពង្រឹង​ក្របខ័ណ្ឌ​ក្រមសីលធម៌ អំពី​ការប្រកួត ដែល​វា​មិនមែន​គ្រាន់តែ​ដើម្បី​ការឈ្នះ​ក៏បាន​រំលោភ​ទៅលើ​លក្ខខណ្ឌ​នៃ​ការប្រកួត ត្រូវ​ប្រើ​អំពើ​ហិង្សា​នោះទេ​»​។

គួររំឭក​ថា ហេតុការណ៍​រត់​ជាន់គ្នា ក្នុង​ការប្រកួត​លីក​កំពូល​នៅ​ប្រទេស​​ឥណ្ឌូនេស៊ី​រវាង​ក្រុម Arema FC និង Persebaya Surabaya កាលពី​យប់​ថ្ងៃទី​ ១ ខែតុលា កន្លង​មក​នេះ​បាន​​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​ ១២៥ ​នាក់​ស្លាប់ និង​មាន​អ្នករងរបួស ៣២៣ ​នាក់ ក្នុងនោះ​ក៏មាន​កុមារ​ចំនួន​ ៣២ ​នាក់​ផងដែរ​។

បើតាម​ប៉ូលិស​ក្នុង​តំបន់ ហេតុការណ៍​ឆោឡោ​នោះ បង្ក​ចេញ​ពី​ក្រុម​អ្នកគាំទ្រ Arema FC ចុះ​លុកលុយ​នៅក្នុង​ទីលាន​ប្រកួត បន្ទាប់ពី​ក្រុម​របស់​ពួកគេ​រង​បរាជ័យ​។ ភ្លាមៗ ក្រុមប៉ូលិស​បាន​ហៅ​ភាពចលាចល​នោះ​ថា ជា​«​កុបកម្ម​» ក្រោយ​បង្ក​ឱ្យ​មន្ត្រី​ប៉ូលិស​ ២ ​នាក់​ស្លាប់​នៅនឹង​កន្លែង​រហូត​​ដល់​កម្លាំង​សមត្ថកិច្ច​ត្រូវ​បង្ខំ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក ដើម្បី​ទប់ស្កាត់​ការរត់​ចូល​ទីលាន ដែល​បង្កឱ្យ​មាន​ជា​ហេតុការណ៍​រត់​ជាន់​គ្នា​យ៉ាង​អាណោច​អាធ័ម​នោះ​។

ក្នុង​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃទី​ ២ ខែ​តុលា​លោក Nico Afinta មេប៉ូលិស​ខេត្ត East Java ថា ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​ជួយ​រំដោះ​អ្នក​រងរបួស និង​យក​សាកសព​ចេញ​ពី​កន្លែង​កើតហេតុ​។ លោក​បាន​បញ្ជាក់ថា ក្នុង​សោកនាដកម្ម​រត់​ជាន់គ្នា​នេះ​បាន​ផ្តាច់ជីវិត​មនុស្ស​ ១២៥ ​នាក់ ក្នុងនោះ​ ២​ នាក់​ជា​មន្ត្រីប៉ូលិស​។ ក្នុង​ចំណោម​នោះ​មាន​ ៣៤​ នាក់​ស្លាប់​ដោយ​ការជាន់​សង្កត់​ពី​លើ​មិនអាច​រើរួច រហូត​​ដល់​ថប់ដង្ហើម​នៅ​កន្លែង​កើតហេតុ​ ខណៈ​អ្នក​នៅ​សេសសល់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​។

ជាមួយ​ហេតុការណ៍​ដ៏រន្ធត់​នេះ លោក ហ៊ុន សែន បាន​ទទូច​ទៅ​ដល់​ប្រទេស​ទាំងអស់​នៅក្នុង​តំបន់​អាស៊ី ត្រូវ​តែ​នាំគ្នា​ពង្រឹង​ទៅលើ​ក្រម​សីលធម៌​នៅក្នុង​ការប្រកួត​។ ​លោក​បាន​សង្កត់ធ្ងន់​ថា​៖ «​ប្រសិនជា​តំបន់​អាស៊ី​របស់​យើង មាន​ភាពទន់ខ្សោយ​ខាង​កីឡា​ក៏ដោយ​ចុះ ក៏ប៉ុន្តែ​យើង​មិនត្រូវ​ទន់ខ្សោយ​ខាង​ផ្នែក​សីលធម៌​ក្នុង​ការគ្រប់គ្រង​ខាង​កីឡា​នោះទេ​»​។

ទន្ទឹមនេះ​លោក​នាយក​រដ្ឋមន្ដ្រី​បាន​ថ្លែង​អរគុណ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី​ដែល​បាន​ផ្ដល់​សេចក្ដី​ទុកចិត្ដ និង​គាំទ្រ​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​មហាសន្និបាត OCA លើក​នេះ ហើយ​បាន​ចាត់ទុក​ការជួបជុំ​ក្នុង​មហាសន្និបាត​នេះ​គឺជា​ពេលវេលា​មួយ​ដ៏ល្អ សម្រាប់​ប្រទេស​កម្ពុជា ដែល​កំពុង​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ដ្រ ស៊ីហ្គេម-​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣​។

លោក​បាន​ថ្លែងថា​៖ «​ការជួបជុំ​នៃ​មហាសន្និបាត​នេះ​គឺជា​ពេលវេលា​មួយ​ដ៏សមស្រប​ និង​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ផ្លាស់ប្ដូរ​យោបល់​ និង​ការដកស្រង់​នូវ​បទពិសោធ​ជាក់ស្ដែង​ព្រមទាំង​ធាតុ​ចូល​ល្អៗ​​ដែល​នឹង​ទទួលបាន​តាមរយៈ​ការធ្វើ​បទបង្ហាញ​ ដោយ​អ្នកជំនាញ​នៃ​វិស័យ​កីឡា និង​កិច្ចពិភាក្សា​ពាក់ព័ន្ធ​នឹង​វិស័យនេះ ព្រោះ​នៅ​ឆ្នាំ ​២០២៣ ​កម្ពុជា​ត្រូវ​ផ្ដល់​ការគាំទ្រ​ធ្វើជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ីហ្គេម​ និង​អាស៊ាន​ប៉ារ៉ាហ្គេម​ហើយ​នឹង​រៀបចំ​ការប្រកួត​កម្រិត​អន្ដរជាតិ​ដ៏ធំ​នេះ​នៅ​កម្ពុជា​»​។

ស្របពេល​ជាមួយ​គ្នា​នេះ លោក ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ភាគី​កម្ពុជា ពិសេស​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន ប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣ (CAMSOC) ត្រូវ​បង្កើន​កិច្ចសហការ​ទាំង​បច្ចេកទេស និង​បទពិសោធ​ជាមួយ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​ព្រមទាំង​ភាគី​ពាក់ព័ន្ធ ដើម្បី​ស្វែងរក​ការបណ្តុះបណ្តាល និង​ការអភិវឌ្ឍ​កម្រិត​បច្ចេកទេស​កីឡា​ដល់​អត្តពលិក​កម្ពុជា​ឱ្យបាន​ដល់​កម្រិត​ដែល​អាច​ធ្វើ​ទៅបាន​ ដើម្បី​ឱ្យ​អត្តពលិក​កម្ពុជា​អាច​ចូលរួម​កាន់តែ​ទូលំទូលាយ ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​នៅ​ថ្ងៃ​អនាគត​។

ទោះបីជា​យ៉ាងណា លោក​នៅតែ​អំពាវនាវ​ឱ្យ​ប្រទេស​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​មហាសន្និបាត​នេះ​ជួយ​ដល់​កម្ពុជា​។ «​ខ្ញុំ​សូម​អំពាវនាវ​ដល់​បណ្តា​ប្រទេស​សមាជិក​នៃ​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​មេត្តា​ផ្ដល់នូវ​ការគាំទ្រ​ក្នុង​គ្រប់​ទម្រង់​តាម​ដែល​អាចធ្វើ​ទៅបាន ដើម្បី​ឱ្យ​ការរៀបចំ​ការប្រកួត​កីឡា​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​ ២០២៣ នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​ជោគជ័យ​ខ្ពស់​»​។

យ៉ាងណា​មិញ ប្រធាន​ស្ដីទី​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី លោក Raja Randhir Singh ក៏បាន​សម្តែង​ការអរគុណ​ដល់​កម្ពុជា​ សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​គាំទ្រ​ដល់​ចលនា​​អូឡាំពិក​ផងដែរ​។​ លោក​បាន​ថ្លែងថា​៖ «​សម្ដេច ហ៊ុន សែន គឺជា​អ្នកគាំទ្រ​ចលនា​អូឡាំពិក​ដ៏សំខាន់​នៅ​កម្ពុជា​​ហើយ​កម្ពុជា​នឹង​រៀបចំ​ទទួល​កីឡា​អូឡាំពិក​ស៊ីហ្គេម និង​អាស៊ាន​ប៉ារ៉ាហ្គេម​»​។

លោក Raja Randhir Singh បាន​បន្ថែមថា​៖ «​ថ្ងៃនេះ ជា​ពេលវេលា​មួយ​ដ៏សមស្រប​ក្នុង​ការពិនិត្យ​មើល​ ​និង​ទៅ​ថ្ងៃ​អនាគត​ក្នុងការ​រៀបចំ​កម្មវិធី​ប្រកួត ដើម្បី​ទិសដៅ​កិច្ចសហការ​រវាង​ប្រទេស​ក្នុង​តំបន់ និង​ទៅកាន់​ពិភពលោក​។ យើង​នឹង​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត និង​រួមគ្នា​បង្កើត​បរិស្ថាន​ឱ្យ​ល្អ​សម្រាប់​កីឡាករ កីឡាការិនី ប្រកួត​ឱ្យបាន​ល្អប្រសើរ​។ ​ខ្ញុំ​សូម​សម្ដែង​នូវ​អំណរសាទរ​ចំពោះ​គណៈកម្មាធិការ​អូឡាំពិក​ ដែល​បាន​ធ្វើការ​ដ៏មមាញឹក​ទាំងអស់​គ្នា ជាពិសេស​អស់​រយៈពេល​ ៣ ​ឆ្នាំ​កន្លងទៅ​»៕