ភ្នំពេញៈ ​លោក​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ទៀ បាញ់ បានចាត់ទុក​ការទទួល​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «​ខ្សែ​កមាស​» របស់លោក​រដ្ឋមន្ត្រីក្រសួង​ទេសចរណ៍ ថោង ខុន ពី​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី (OCA) ថា ជា​កិត្តិយស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​សម្រាប់​កម្ពុជា និង​ជាការ​ផ្តល់​កិត្តិយស​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត ដែល​បាន​រួមគ្នា​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ជាតិ និង​ចលនា​អូឡាំពិក​នៅ​កម្ពុជា​។

ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​ ២០២៣ (CAMSOC) លោក ទៀ បាញ់ បានធ្វើការ​វាយតម្លៃ​ខ្ពស់ និង​បានចាត់ទុក​ការទទួលបាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «​ខ្សែ​កមាស​» របស់​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក (NOCC) លោក ថោង ខុន ថា វា​មាន​អត្ថន័យ​ជ្រាលជ្រៅ​ជា​ប្រវត្តិសាស្ត្រ សម្រាប់​វិស័យ​កីឡា នៅ​កម្ពុជា​។

តាម​លិខិត​ជូនពរ​របស់ខ្លួន លោក ទៀ បាញ់ បាន​លើកឡើងថា​៖ «​នៅក្នុង​ឱកាស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​ប្រសើរ​ថ្លៃថ្លា ប្រកបដោយ​ក្តី​សោមនស្ស​រីករាយ មាន​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​ជា​ប្រវត្តិសាស្ត្រ​នេះ ខ្ញុំ​សូម​ចូលរួម​អបអរសាទរ​យ៉ាង​ក្លៀវក្លា​ចំពោះ​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន NOCC ទទួលបាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «​ខ្សែ​កមាស​» ពី OCA ដែល​បានបង្ហាញ​ពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ឯកឧត្តម​បណ្ឌិត ក្នុងការ​ជំរុញ​ចលនា​អូឡាំពិក ក៏ដូចជា​ចលនា​អូឡាំពិក​អន្តរជាតិ​»​។​

សម្រាប់​ការផ្តល់​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «​ខ្សែ​កមាស​» ពី​សំណាក់​លោក Raja Randhir Singh ប្រធានស្តីទី​អូឡាំពិក​អាស៊ី ជូនទៅ​ដល់​លោក ថោង ខុន ត្រូវបាន​ធ្វើឡើង ក្នុង​ពិធី​បើក​មហាសន្និបាត OCA នៅ​សណ្ឋាគារ​សុខា កាល​ថ្ងៃទី​៤ ខែតុលា ក្រោម​អធិបតីភាព​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ហើយ​មហាសន្និបាត​នេះ ក៏មាន​ឥស្សរជន និង​ថ្នាក់ដឹកនាំ​ចលនា​កីឡា​អូឡាំពិក​អាស៊ី និង​អន្ដរ​ជាតិប្រមាណ ៤០០​ នាក់ មកពី ៥៥​ប្រទេស​ ជុំវិញ​ពិភពលោកបាន​ចូលរួម​ផងដែរ​។​

លោក ទៀ បាញ់ បាន​បញ្ជាក់ថា​៖ «​ការទទួលបាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត នេះ ជា​កិត្តិយស​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​សម្រាប់​ប្រទេស​កម្ពុជា និង​ជាការ​ផ្តល់នូវ​កិត្តិយស​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក NOCC សហព័ន្ធ​កីឡា​ជាតិ ក្រសួងទេសចរណ៍ ក្រសួង​អប់រំ យុវជន និង​កីឡា និង​អ្នកចូលរួម​ក្នុង​ចលនា​អូឡាំពិក​ទាំងអស់ ដែលជា​កម្លាំងចលករ​ដ៏​សំខាន់​មួយ សម្រាប់​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​ជាតិ និង​ចលនា​អូឡាំពិក នៅ​កម្ពុជា​»​។

ជាមួយគ្នា​នោះ លោក Raja Randhir Singh បាន​គាំទ្រ​ដល់​លោក ថោង ខុន ដែល​បាន​ខិតខំ​រៀបចំ​កិច្ចប្រជុំ​មហាសន្និបាត OCA នេះ បានល្អ ហើយ​លោក​ក៏​អរគុណ​ដល់​លោក ហ៊ុន សែន ដែលជា​អ្នកគាំទ្រ​ចលនា​អូឡាំពិក​ដ៏​សំខាន់​ជាងគេ នៅ​ប្រទេស​កម្ពុជា ស្របពេល​កម្ពុជា ក៏​នឹង​ត្រូវធ្វើ​ម្ចាស់ផ្ទះ ការប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣ និង​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ី ឆ្នាំ​ ២០២៩ ផងដែរ​។

ចំណែក​លោក ថោង ខុន បាន​ថ្លែង ក្រោយ​ទទួលបាន​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុតនេះថា ខ្សែក​មាស​នេះ បានផ្ដល់​កិត្តិយស​យ៉ាង​ក្រៃលែង​ដល់​កម្ពុជា ហើយ​ជា​មេដាយ សម្រាប់​ការផ្ដល់​កិត្តិយស​ដល់​កីឡាករ កីឡាការិនី គ្រូបង្វឹក សហព័ន្ធ​កីឡា​ជាតិ ក្រសួង​អប់រំ យុវជន និង​កីឡា ព្រមទាំង​អ្នកចូលរួម​ពី​ចលនា​អូឡាំពិក​ទាំងអស់ ដែល​បាន​គាំទ្រ​ចលនា​អូឡាំពិក​នៅ​កម្ពុជា ហើយ​បាន​រួមគ្នា ធ្វើឱ្យ​វិស័យ​កីឡា​នៅ​កម្ពុជា មានការ​រីកចម្រើន និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ធំៗ​។​

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC បាន​ថ្លែងថា​៖ «​ឯកឧត្តម​បណ្ឌិត ថោង ខុន បានទទួល​នូវ​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត «​ខ្សែ​កមាស​» ដែល​ផ្ដល់​ដោយ OCA គឺ​បាន​ផ្ដល់នូវ​កិត្តិយស​ជូន​ដល់​ការលះបង់​ផ្ទាល់​របស់​ឯកឧត្តម ចំពោះ​ចលនា​អូឡាំពិក ក៏ដូចជា​កីឡា ដោយ​ឯកឧត្តម ជា​អ្នក​កសាង​នូវ​ចលនា​អូឡាំពិក​កម្ពុជា​បាន​រីកចម្រើន រហូតដល់​ទទួលបាន​សិទ្ធិ​រៀបចំ​ព្រឹត្តិការណ៍​អន្ដរជាតិ​ធំៗ គឺ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ និង​ការប្រកួត​កីឡា​អូឡាំពិក​យុវជន​អាស៊ី ឆ្នាំ​ ២០២៩»៕