ភ្នំពេញៈ មន្រ្តីជំនាញគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) បានអះអាងថា កម្ពុជាទទួលបានអត្ថប្រយោជន៍ច្រើន ពីការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំមហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែល្អ ជាមួយអន្តរជាតិ ក្នុងការឈានទៅទទួលបានជោគជ័យ សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជាប្រវត្តិសាស្រ្ត នៅឆ្នាំ ២០២៣។

សម្រាប់ការធ្វើម្ចាស់ផ្ទះ មហាសន្និបាត OCA ចាប់ពីថ្ងៃទី ១ ដល់ទី ៥ ខែតុលា លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានឱ្យដឹងថា កម្ពុជាទទួលបានទំនាក់ទំនងទ្វេភាគី រវាងគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងគណៈកម្មាធិការជាតិអូឡាំពិកនៃបណ្តាប្រទេសនានានៃទ្វីបអាស៊ី ជាពិសេសលោក ថោង ខុន ប្រធាន NOCC បានជួបពិភាក្សាជាមួយប្រធាន អូឡាំពិកអ៊ីរ៉ង់ និងប្រធានអូឡាំពិកអារ៉ាប៊ីសាអ៊ូឌីត ដែលប្រទេសនៅមជ្ឈិមបូព៌ា ទាំង២នេះ សុទ្ធតែបានបង្ហាញឆន្ទៈក្នុងការជួយដល់កម្ពុជា។

លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «នេះជាកិច្ចសហប្រតិបត្តិការដ៏ល្អបន្ថែមទៀត សម្រាប់កម្ពុជា និងប្រទេសមជ្ឈិមបូព៌ា លើវិស័យកីឡា ដែលកន្លងមក យើងមិនធ្លាប់ធ្វើជាមួយគ្នានោះទេ។ ពេលនេះ គឺជាឱកាសដ៏ល្អ ដែលកម្ពុជាទទួលធ្វើម្ចាស់ផ្ទះមហាសន្និបាត OCA ហើយបណ្តាប្រទេសទាំងអស់ បានមើលឃើញពីសក្តានុពលរបស់កម្ពុជា ដោយរាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ការគាំទ្រយ៉ាងពេញទំហឹង ចំពោះវិស័យកីឡាជាតិរបស់យើង»។

នៅក្នុងជំនួបសម្តែងការគួរសមរវាងលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថោង ខុន ប្រធាន NOCC ជាមួយព្រះអង្គម្ចាស់ Abdulaziz Bin Turki AI Saud រដ្ឋមន្ដ្រីក្រសួងកីឡា និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកនៃព្រះរាជាណាចក្រអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី ៤ ខែតុលា គឺកម្ពុជា និងអារ៉ាប៊ីសាអ៊ូឌីត បានឯកភាពផ្លាស់ប្តូរបទពិសោធ និងជួយគ្នាក្នុងជំនាញកីឡា ព្រោះប្រទេសទាំង២នេះ សុទ្ធតែកំពុងមានភាពមមាញឹក ក្នុងការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតធំៗដូចគ្នា។

លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កំពុងត្រៀមរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិធំៗជាច្រើន ដូចជាការត្រៀមទទួលរៀបចំធ្វើម្ចាស់ផ្ទះ Asian Games, Asian Winter Games, Asian Indoor Martial Art Games ជាបន្តបន្ទាប់ ដូច្នេះ អារ៉ាប៊ីសាអ៊ូឌីត មានភាពមមាញឹកខ្លាំងក្នុងការធ្វើម្ចាស់ផ្ទះ ចំណែកកម្ពុជា ក៏ត្រូវធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ និងការប្រកួតកីឡាអូឡាំពិកយុវជនអាស៊ី ឆ្នាំ ២០២៩។

«មានការឯកភាពគ្នាដ៏សំខាន់មួយ គឺក្នុងអំឡុងពេលកម្ពុជាធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ ២០២៣ ប្រទេសអារ៉ាប៊ី សាអ៊ូឌីត នឹងរៀបចំអ្នកស្ម័គ្រចិត្តមួយចំនួន មកជួយដល់កម្ពុជាយើង ក្នុងការបណ្តុះបណ្តាលបន្ថែមដល់មន្ត្រីកម្ពុជា ហើយក៏ជាការផ្លាស់ប្តូរបទពិសោធ ដើម្បីឱ្យអ្នកស្ម័គ្រចិត្តអារ៉ាប៊ី សាអ៊ូឌីត យកទៅជួយដល់ការរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតធំៗជាអន្តរជាតិ នៅប្រទេសរបស់ខ្លួនផងដែរ»។ លោក វ៉ាត់ ចំរើន បានបញ្ជាក់។

នៅក្នុងជំនួបនោះ លោក ថោង ខុន ក៏បានអញ្ជើញព្រះអង្គម្ចាស់ Abdulaziz Bin Turki AI Saud មកចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅខែឧសភា ឆ្នាំ២០២៣ ផងដែរ ហើយព្រះអង្គម្ចាស់ ក៏បានអញ្ជើញលោក ថោង ខុន ទៅធ្វើទស្សនកិច្ចនៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីពិភាក្សាគ្នា និងអាចឈានដល់ការចុះអនុស្សរណៈនៃការយោគយល់គ្នា (MOU) ក្នុងការផ្លាស់ប្តូរបទពិសោធ និងជួយគ្នាទៅវិញទៅមក លើជំនាញបច្ចេកទេសកីឡា។

ជាមួយគ្នានេះ កម្ពុជា និងប្រទេសអ៊ីរ៉ង់ ក៏នឹងអាចចុះ MOU ជាមួយគ្នា ដោយផ្តោតទាំងទៅលើវិស័យទេសចរណ៍ និងវិស័យកីឡា នាពេលឆាប់ៗនេះផងដែរ បន្ទាប់ពីមានការជួបពិភាក្សាគ្នារវាង លោក ថោង ខុន និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកអ៊ីរ៉ង់ លោក Mahmoud Khosravi Vafa កាលពីពេលថ្មីៗនេះ ហើយបច្ចុប្បន្ន អ៊ីរ៉ង់ ក៏បានបញ្ជូនគ្រូជំនាញមកជួយបង្វឹកក្នុងក្រុមជម្រើសជាតិកីឡាចំបាប់កម្ពុជា ផងដែរ។

អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «ប្រទេសអ៊ីរ៉ង់ មានសក្តានុពលខ្លាំង លើប្រភេទកីឡាប្រយុទ្ធ។ ដូច្នេះហើយទើបឯកឧត្តមបណ្ឌិត ថោង ខុន បានស្នើឱ្យភាគីអ៊ីរ៉ង់ ជួយឧបត្ថម្ភគាំទ្របន្ថែម លើការអភិវឌ្ឍវិស័យកីឡាជូនដល់កម្ពុជា ឱ្យកាន់តែល្អប្រសើរ ស្របពេលកម្ពុជា បាននិងកំពុងត្រៀមខ្លួនយ៉ាងក្លៀវក្លា ត្រៀមឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដំបូងរបស់ខ្លួន»។

ទន្ទឹមនឹងនេះ នៅក្នុងពិធីបើកកិច្ចប្រជុំមហាសន្និបាត OCA កាលពីថ្ងៃទី ៤ ខែតុលា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានជំរុញឱ្យ OCA បង្កើនការការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យបានកាន់តែច្រើនទៀត នៅតាមបណ្តាប្រទេសជាសមាជិក ដើម្បីលើកកម្ពស់វិស័យកីឡានៅតំបន់អាស៊ី និងបង្កើនការផ្សារភ្ជាប់វិស័យកីឡា ទៅនឹងវិស័យសេដ្ឋកិច្ច ជាពិសេសទេសចរណ៍កីឡា ដើម្បីពង្រឹងសមត្ថភាព សាមគ្គីភាព ដែលរួមចំណែកដល់ការកសាងសុខសន្តិភាពប្រកបដោយចីរភាព នៅក្នុងតំបន់។

លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ ដែលធ្វើឱ្យប្រទេសចូលរួមមហាសន្និបាតទាំងអស់ បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចូលរួមសហការជាមួយកម្ពុជា ដើម្បីអភិវឌ្ឍវិស័យកីឡា នៅលើពិភពលោក ហើយទាំងអស់នេះ ជាអត្ថប្រយោជន៍ដ៏ធំធេងណាស់»៕