ភ្នំពេញ៖ មន្រ្តីជំនាញ​របស់​សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ ​បាន​លើកឡើងថា ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់សកលអាជីព ULTIMATE PRO BOXING ដែលនឹង​ចាប់​ដំណើរការ​ប្រកួត​ប្រចាំ​សប្តាហ៍​ទី​១ នៅថ្ងៃ​ព្រហស្បតិ៍នេះ គឺ​ដើម្បី​វាស់ស្ទង់​កម្រិត​សមត្ថ​ភាព​កីឡាករ​ជម្រើសជាតិកម្ពុជា ព្រមទាំង​ពង្រឹងដល់ការរៀបចំកម្មវិធីប្រកួត សម្រាប់​ព្រឹត្តិការណ៍​ស៊ីហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

អគ្គលេខាធិការ​សហព័ន្ធ​កីឡាប្រដាល់សកល​កម្ពុជា លោក ប៊ុយ សុភ័ណ្ឌ ​បាននិយាយ​ថា៖ «សម្រាប់ទិសដៅ ដែល​យើង​រៀបចំ​ឱ្យមានការ​ប្រកួត ULTIMATE PRO BOXING នេះ គឺ​យើង​​ផ្ដោតធ្វើ​យ៉ាង​ណា​ឱ្យ​​កីឡាករ មាន​សកម្មភាព​ប្រកួត ដើម្បី​ដក​ស្រង់​បច្ចេកទេស​កម្រិត​ក្នុង​ប្រទេស មុន​ពេល​ពួកគាត់ ​​ឈាន​​ទៅ​​រក​​ការ​​ប្រកួត​លក្ខណៈអន្តរជាតិ ជាពិសេស​ការ​ប្រកួត​ស៊ីហ្គេម លើកទី​​៣២ ឆ្នាំ​ ២០២៣ នៅ​ប្រទេសកម្ពុជា ខាង​មុខ​នេះ»។

សម្រាប់ការប្រកួតបើក​ឆាកចំនួន​ ៥ ​គូ នៅពហុកីឡដ្ឋានជាតិ ដែលនឹង​ចាប់ផ្តើមពី​ម៉ោង​ ៥ ​តទៅនោះ ​មានកីឡាករ​ កំពុង​ហ្វឹកហាត់​ក្នុងក្រុមជម្រើសជាតិប្រដាល់សកលកម្ពុជា រហូតដល់​៨​នាក់ ហើយ​ក្នុង​នោះ ក៏មាន​វត្តមាន​អតីតម្ចាស់មេដាយ​ប្រាក់ស៊ីហ្គេម វ៉ែន រដ្ឋា ផងដែរ ដោយ​ពេល​នេះ​ គេ​ប្រើ​ឈ្មោះ​​ផ្លូវការ​ថា Remi Aleye។

ជើងខ្លាំង វ៉ែន រដ្ឋា ដែលដណ្តើមបានមេដាយប្រាក់ឱ្យកម្ពុជា ក្នុងការ​ប្រកួត​ស៊ីហ្គេម កាល​ពី​ឆ្នាំ​ ២០១៥​​ នោះ នឹងត្រូវប្រកួតជាមួយ​អ្នកប្រដាល់ ពេញ វណ្ណថង ក្នុងទម្ងន់​ ៦៧ គីឡូក្រាម ក្នុងលំដាប់គូឯក ដែលមាន ​៥ ទឹក​ពេញ រីឯ​ម្ចាស់មេដាយ​ប្រាក់​ស៊ីហ្គេម ឆ្នាំ​ ២០២២ អុង ភារាក់ ត្រូវ​ជួប​កីឡាករ​ Martin Chmielo ក្នុងទម្ងន់​ ៨៥ គីឡូក្រាម ហើយ​ជនជាតិប៉ូឡូញ​ម្នាក់នេះ កំពុង​ហ្វឹកហាត់ នៅ​ក្លិប KH គុនខ្មែរខេត្តកំពត។

ម្ចាស់មេដាយ​ប្រាក់ វ៉ែន រដ្ឋា បាន​ម៉ាត់​ទៅលើ​ផ្ទៃមុខកីឡាករ​ឥណ្ឌូនេស៊ី ពេលប្រកួត​ស៊ីហ្គេម កាល​ឆ្នាំ​ ២០១៥។ រូប​ថត ភ្នំពេញប៉ុស្តិ៍

យ៉ាងណា​មិញ សម្រាប់គូទី​១ ដល់​ទី​៣ ជា​ការ​ប្រកួត​​រវាងកីឡាករកម្ពុជា ដែល​ហ្វឹក​ហាត់​ក្នុង​​ជម្រើស​​ជាតិ​ប្រដាល់សកលកម្ពុជាជាមួយ​គ្នា ប៉ុន្តែ​លោក ប៊ុយ សុភ័ណ្ឌ បានអះអាងថា សហព័ន្ធបាន​​ចង​ក្រង​ក្បួន​ច្បាប់​មួយចំនួន ដើម្បីឱ្យ​កីឡាករ ធ្វើ​យ៉ាងណា ប្រកួត​​អស់ពី​​សមត្ថភាព ចំណែកការប្រកួត ត្រូវបានប្តូរពីការប្រកួត​មាន​៣ទឹក មកប្រកួត​ ៤ ទឹកវិញ។

លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​នេះ​ថា៖​ «​​ឆ្នាំនេះ ប្លែក​​ជាង​ឆ្នាំមុន ដោយ​យើងមានការប្រកួតចាប់ពី​ ៤ ទឹក​ឡើង​ទៅ ដោយ​ល្ងាច​នេះ ពីគូទី​១ ដល់ទី​៤ ត្រូវប្រកួត​ ៤ ទឹក ចំណែក​គូឯកទី​៥ ប្រកួត​ ៥ ទឹក​ ហើយចំពោះ​កីឡាករ​វាយមិន​អស់សមត្ថ​ភាព អាជ្ញាកណ្តាល នឹងមានការព្រមាន​ដល់ ​៣ ដង រួចបណ្តេញ​ចុះ​ទាំង​២តែម្តង បើគាត់នៅតែមិន​ព្រមវ៉ៃ។ បន្ទាប់មក យើងអាច​នឹងផ្អាកចាប់គូ​ដល់ពួកគាត់ ឬមិន​ឱ្យ​គាត់​ចេញ​ទៅ​ប្រកួត​ជា​អន្តរជាតិនោះ​ទេ បើរក​ឃើញថា គាត់ពិតជា​មានចេតនា ប្រកួត​មិនអស់សមត្ថភាព មែន​នោះ»។

យ៉ាងណាក៏ដោយ ការ​ផ្តល់ឱកាស​ឱ្យ​ក្រុមជម្រើសជាតិ​ប្រដាល់សកល​កម្ពុជា បាន​ប្រកួត​ប្រជែងញឹកញាប់ ពិតជា​រឿងសំខាន់ ដោយ​លោក ប៊ុយ សុភ័ណ្ឌ បានបញ្ជាក់ថា ប្រភេទ​កីឡា​ប្រដាល់​សកល គឺ​មិន​មាន​ឱកាស​ប្រកួត​ប្រចាំ​សប្ដាហ៍ នៅតាមស្ថានីយទូរទស្សន៍ ដូច​​ប្រដាល់​គុនខ្មែរនោះទេ។

អ្នកជំនាញកីឡា​វ័យក្មេង​រូបនេះ បានបញ្ជាក់បន្ថែម​ថា៖​ «មូលហេតុនេះហើយ ទើប​សហព័ន្ធ​ សម្រេច​បង្កើត​ការប្រកួត​ផ្ទាល់ខ្លួន ព្រោះ​ទី១ យើងផ្ដល់ឱកាសឱ្យ​កីឡាករ ទី២ យើង​ពង្រឹង​សមត្ថភាព​នៃ​ការវិនិច្ឆ័យរបស់មន្ត្រីគណៈកម្មការ អាជ្ញាកណ្ដាល ចៅក្រម ហើយ​មួយទៀត គឺ​​យើង​ពង្រឹង​លើការរៀបចំការប្រកួតឱ្យ​ស្របតាមលក្ខណៈស្តង់ដារបច្ចេកទេស របស់​សហព័ន្ធ​អន្តរ​​ជាតិ ដើម្បីឱ្យ​ពួកគាត់អាចត្រៀមឆ្ពោះទៅរៀបចំការ​ប្រកួត​ធំៗ ជាពិសេស​​ការ​ប្រកួត​ស៊ីហ្គេម នៅ​ឆ្នាំក្រោយ»៕