ប្រទេសអារ៉ាប៊ី​ សាអ៊ូឌីត នឹងធ្វើជាម្ចាស់ផ្ទះ​ទទួលរៀប​ចំព្រឹត្តិការណ៍​កីឡា​អាស៊ី​រដូវរងា​ Asian Winter Games នៅឆ្នាំ​ ២០២៩។​ បើតាម​អារ៉ាប៊ី​ សាអ៊ូឌីត​ព្រឹត្តិការណ៍​កីឡានេះ ​នឹងត្រូវ​ប្រព្រឹត្ត​ធ្វើ​នៅលើភ្នំ ​Trojena ក្បែរ​គម្រោង​ទីក្រុង​អនាគ ត​ម្លៃ ៥០០ ​ប៊ីលានដុល្លារ​ដែលមានឈ្មោះ​ថា ​«Neom»។​ ជា​ទីក្រុង​ដែល​ក្នុងនោះ គ្រោងរៀប​ចំបង្កើតឱ្យ​មាន​រមណីយដ្ឋាន​ជិះស្គីមួយ​ផង​ដែរ នៅក្នុងឆ្នាំ​ ២០២៦​។

ការ​សម្រេច​ជ្រើសរើស​ប្រទេស​អារ៉ាប៊ី សាអ៊ូ​ឌីត ​ដែលគ្របដណ្ដប់​ដោយវាលខ្សាច់​ និង​ភ្នំឱ្យទទួលធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ីរដូវ​រងានេះ ​ត្រូវបាន​ប្រកាសដោយ​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី ​នៅ​ថ្ងៃ​អង្គារ ទី ៤ ខែតុលា​ឆ្នាំ ២០២២។ ​រដ្ឋមន្ដ្រី​ទទួលបន្ទុក​ផ្នែក​កីឡា​របស់​អារ៉ាប៊ី សាអ៊ូឌីត​ ព្រះអង្គម្ចាស់​ Abdulaziz bin Turki Al-Faisal​ មាន​ព្រះរាជ​បន្ទូលថា៖ «Trojena ​គឺជា​តំបន់​ដែលមាន​ទំហំ ៦០​ គីឡូម៉ែត្រ​ក្រឡា​ និងស្ថិតនៅ​កម្ពស់ ១ ៥០០ ទៅ ​២​ ៦០០ ម៉ែត្រ ​ដែលជា​អនាគត​នៃការរ​ស់នៅ​លើភ្នំ​»។

គួរបញ្ជាក់​ដែរថា​ ក្រៅពីធ្វើជា​ម្ចាស់ផ្ទះ​កីឡា​អាស៊ីរដូវរងា​ Asian Winter Games នៅឆ្នាំ ២០២៩ អារ៉ាប៊ី​សាអ៊ូ​ឌីត​ ក៏នឹង​ទទួលរៀបចំ​ព្រឹត្តិការណ៍​កីឡា​អាស៊ី ​Asian Games នៅឆ្នាំ ២០៣៤​ ក្នុងទីក្រុង​រីយ៉ាដ​ផងដែរ​។ អារ៉ាប៊ី ​សាអ៊ូ​ឌីត បាន​បង្ហាញមហិច្ឆតា​ក្នុងការរៀបចំព្រឹត្តិ​ការណ៍​កីឡាធំ​ៗ ដើម្បី​ព្យាយាម​ស្វែងរកប្រភព​ចំណូលផ្សេង ​បន្ថែមពី​លើចំណូល​បានមក​ពីការ​បូមប្រេង​៕