​ភ្នំពេញៈ លោក Raja Randhir Singh ប្រធាន​ស្តីទី​ក្រុម​ប្រឹក្សា​អូឡាំ​ពិក​អាស៊ី (OCA) បាន​បង្ហាញ​ភាព​ជឿ​ជាក់​ខ្លាំង​មក​លើ​ប្រទេស​កម្ពុជា ​ដោយ​លោក​មាន​ភាព​ប្រាកដ​ប្រជា​ថា ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ជា​ប្រវត្តិ​សាស្ត្រនៅ​លើ​ទឹកដី​កម្ពុជា​ នឹង​មាន​ការរៀបចំ​ដ៏​អស្ចារ្យ ​ហើយ​លោក​ក៏​ជឿ​ដែរ​ថា ​កម្ពុជានឹង​ឈាន​ទៅ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​ (ASIAN Games) នា​ពេល​អនា​គត​ផង​ដែរ​។​

​តាមរយៈ​ការ​ធ្វើ​ដំណើរ​មក​ចូល​រួម​មហាស​ន្និបាត​ក្រុម​ប្រឹក្សា​អូឡាំពិ​ក​អាស៊ី​លើក​ទី​៤១ ដែល​បានធ្វើ​នៅ​សណ្ឋា​គារ​សុខា ​កាល​ពី​ថ្ងៃទី​ ១ ដល់ទី​ ៥​ ខែតុលា​ លោក ​Raja Randhir Singh បាន​មើល​ឃើញ​យ៉ាង​ច្បាស់​ពី​ភាព​រីក​ចម្រើន​របស់​ក​ម្ពុ​ជា និង​ឆន្ទៈ​ដ៏​ពិត​ប្រាកដ​របស់​កម្ពុជា ​ក្នុង​ការ​ត្រៀម​ខ្លួន​ធ្វើជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​ ២០២៣​ ហើយ​លោក​ក៏​បាន​ជួប​ពិភាក្សា​ផ្ទាល់​ជា​មួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ផង​ដែរ មុន​ពេល​លោក​ទាំង ​២ ​ថ្លែង​សុន្ទ​រក​ថា​រួមគ្នា ​នៅ​ក្នុង​កិច្ច​ប្រជុំ​មហា​សន្និ​បាត OCA កាល​ពី​ថ្ងៃទី ​៤ ខែតុលា​ ​។​

​លោក Raja Randhir Singh បាន​វាយ​តម្លៃ​ខ្ពស់ ​និង​កោត​សរសើរ​ពី​ការ​រៀប​ចំ​បាន​យ៉ាង​ល្អ​របស់​កម្ពុជា ​ក្នុង​ការ​ធ្វើ​ម្ចាស់​ផ្ទះ​មហា​សន្និ​បាត​ OCA នេះ ដោយ​លោក​អះ​អាង​ថា «​កម្ពុជា​បាន​ឈ្នះ​លើ​បដិសណ្ឋារ​កិច្ច​» ដែល​ធ្វើ​ឱ្យតំណាង​ស្ថាប័ន​កីឡា​ទាំង ​៤៥ ​ប្រទេស​មកពី​ទ្វីប​អាស៊ី​រួម​ទាំង​អ្នក​សង្កេត​ការណ៍​របស់​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​អន្តរ​ជាតិ ​(IOC)​ មក​ពី​ ១០ ​ប្រទេស​ទៀត​ពិត​ជា​រីករាយ​ខ្លាំង​និង​មាន​ការ​ភ្ញាក់​ផ្អើល​ចំពោះ​ភាពរួស​រាយ​រាក់​ទាក់​របស់​ប្រជា​ជន​កម្ពុជា​។​

​បន្ថែម​លើ​នេះ ​លោក ​Raja Randhir Singh បាន​កោត​សរសើរ​ទៅ​ដល់​លោក​នាយក​រដ្ឋមន្ត្រី​ដែល​បាន​យក​ចិត្ត​ទុក​ខ្លាំង​ទៅ​លើ​ការ​អភិវឌ្ឍ​វិស័យ​កីឡា និង​ធ្វើឱ្យ​មាន​ភាព​រស់​រវើក​នៃ​ចលនា​អូឡាំ​ពិក​នៅ​កម្ពុជា​។ អ្វីដែល​លោក​ប្លែក​ភ្នែក​ខ្លាំង​ទៀត​នោះ គឺ​កម្ពុជា​ បាន​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​សម្បូរ​បែប ​ជាពិសេស​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេ​ជោ ហើយ​លោក​ថា អ្វីៗ​ទាំង​អស់​នេះ ​នឹង​ជួយ​ឱ្យ​កម្ពុជា​អាច​រៀបចំ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ ​២០២៣​ ដ៏​អស្ចារ្យ​មិន​ខាន​។​

​ប្រធាន​ស្តីទី​ OCA​ រូបនេះ បាន​បញ្ជាក់​ថា​៖ «​សម្ដេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ ពិតជា​គាំទ្រ​ណាស់​។ ខ្ញុំ​ទៅ​មើល​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេ​ជោ ​ដោយ​បាន​សាង​សង់​ឡើង​ធំ អាច​ផ្ទុក​ទស្សនិក​ជន​បាន​៦​ម៉ឺន​នាក់​ គឺជា​ពហុ​កីឡ​ដ្ឋាន​ដ៏​អស្ចារ្យ​ និង​ស្រស់​ស្អាត ហើយ​សូម្បី​តែ​បរិវេណ​ជុំវិញ​ពហុ​កីឡ​ដ្ឋាន ក៏​ពិត​ជា​ស្រស់​ស្អាត​»​។​

«​យើង​ឃើញ​ថា កម្ពុជា​នៅ​សល់​ពេល​ ១ ​ឆ្នាំ​ទៀត ​ដើម្បី​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ជា​លើក​ដំបូង​នេះ ​ហើយ​វា​គ្រប់​គ្រាន់ សម្រាប់​អ្នក​ដើម្បី​ជួប​ប្រជុំ​រួមគ្នា ខ្ញុំ​គិត​ថា សមត្ថ​ភាព​នៃ​ការរៀ​បចំ​នឹង​អស្ចារ្យ​»​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​ លោក R​aja Randhir Singh ​។

​ជា​មួយ​គ្នា​នេះ​ ការ​ថ្លែង​របស់​លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​នៅ​ក្នុង​កិច្ចប្រជុំ​មហា​សន្និ​បាត OCA ​កាលពី​ថ្ងៃទី​ ៤ ខែ​តុលា ​ដែល​ថា «​កម្ពុជា​កំពុង​សម្លឹង​ឃើញ​ការ​អភិវឌ្ឍ​កីឡា​ស្ដង់​ដា​នៅក្នុង​ប្រទេស​» នោះ ​ត្រូវ​បាន​លោក​ Raja Randhir Singh ចាត់​ទុក​ថា ជា​ជំហាន​ដ៏​ត្រឹម​ត្រូវ ហើយ​លោក​ថា ការ​ទទួល​រៀបចំ​ស៊ី​ហ្គេម គឺ​នឹង​ផ្ដល់​ការ​ជំរុញ​ដល់​យុវជន ​និង​ផ្ដល់​ចំណេះ​ដឹង​ដល់​កុមារ ​យុវជន​ជា​ច្រើន​ ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ព្រឹត្តិ​ការណ៍​ ដូច្នេះ​វា​នឹង​ដំណើរ​ការ​រលូន​សម្រាប់​កម្ពុជា​។​

​បន្ថែម​ទៅ​លើ​ការ​រៀប​ចំ​ការ​ប្រកួត​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ ឆ្នាំ​ ២០២៣ និង​ការ​ធ្វើ​ម្ចាស់ផ្ទះ​ការ​ប្រកួត​កីឡា​យុវជន​អាស៊ី​ (Asian Youth Games) ​នៅ​ឆ្នាំ​ ២០២៩ ​របស់​កម្ពុជា​នេះ ​លោក​ Raja Randhir Singh បាន​បង្ហាញ​ការ​ជឿ​ជាក់​យ៉ាង​មុតមាំ​ថា ​កម្ពុ​ជា​មាន​សមត្ថ​ភាព​គ្រប់​គ្រាន់​ដើម្បី​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី ​(Asian Games)​ នា​ថ្ងៃ​អនា​គត ផង​ដែរ​។

​លោក ​Raja Randhir Singh បញ្ជាក់​ថា​៖ «​ពិត​ណាស់ ឆ្នាំ​ ២០២៩ ​អ្នក​នឹង​រៀបចំ​កីឡា​យុវជន​អាស៊ី​ ដែល​ស្ថិត​ក្នុង​ដែន​នៃ​ការរៀបចំ​របស់​កម្ពុជា​។ ខ្ញុំ​ជឿថា ​ថ្ងៃ​អនាគត​ កម្ពុជា​ក៏​អាច​ទទួល​រៀបចំ​កីឡា​អាស៊ី​។ ហេតុ​អ្វី​មិន​អាច​? ខ្ញុំ​ជឿ​លើ​សមត្ថ​ភាព​របស់​កម្ពុ​ជា​»​។​

«​កម្ពុជា​មាន​ព្រឹត្តិ​ការណ៍​កីឡា ​២ កីឡា​ស៊ី​ហ្គេម ​បន្ទាប់​មក​កីឡា​យុវជន​អាស៊ី ​អ៊ីចឹង​កម្ពុជា​ក៏​អាច​ទទួល​រៀបចំ​កីឡា​អាស៊ី​ដែរ​។ ខ្ញុំ​ចង់​លើក​ឡើង​ថា ចំនួន​អត្ត​ព​លិ​ក​នឹង​កើន ​ហើយ​មាន​គ្រូ​ល្អៗ ​សម្ភារ​កីឡា​ល្អៗ ​ហើយ​ការ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិ​ការណ៍​កាន់​តែ​ច្រើន នឹង​ធ្វើ​ឱ្យ​ប្រសិទ្ធ​ផល​កើន​ឡើង​។ នេះ​ជាកា​របញ្ជាក់​បន្ថែម​របស់​លោក Raja Randhir Singh។​

​យ៉ាង​ណា​ក៏ដោយ នៅ​ក្នុង​កិច្ច​ប្រជុំ ​OCA នោះ ​លោក ​ហ៊ុន សែន បាន​ជំរុញ​ NOCC ជាពិសេស​គណៈ​កម្មាធិកា​រ​ជាតិ ​CAMSOC ត្រូវ​បង្កើន​កិច្ច​សហ​ការ​ទាំង​បច្ចេក​ទេស ​និង​បទ​ពិសោធ​ជាមួយ​ក្រុម​ប្រឹក្សា​អូឡាំ​ពិក​អាស៊ី ​និង​ស្ថាប័ន​អន្តរ​ជាតិ​ផ្សេងៗ​ទៀត​ ដើម្បី​បណ្តុះ​បណ្តាល​ និង​អភិវឌ្ឍ​កម្រិត​បច្ចេក​ទេស​របស់​អត្ត​ព​លិ​ក​កម្ពុជា​ឱ្យ​មាន​កម្រិត​ខ្ពស់​ហើយ​លោក​បាន​អំពាវ​នាវ​ដល់​បណ្តា​ប្រទេស​សមា​ជិក​របស់​ OCA សូម​គាំទ្រ​គ្រប់​ទម្រង់​ដល់​កម្ពុជា ដើម្បី​ជួយ​ឱ្យ​កម្ពុជា​ទទួល​បាន​ជោគ​ជ័យ​ក្នុង​ការរៀបចំ​ការ​ប្រកួត​ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេមនៅ​ឆ្នាំ​ ២០២៣​៕