ព្រះសីហនុៈ ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី ៥ តុលា បាន​បើក​កិច្ចប្រជុំ​ស្តីពី​ការត្រៀម​រៀបចំ​ពិធី​ប្រកួត​កីឡា SEA GAMES លើក​ទី ៣២ និង ASEAN PARA GAMES លើក​ទី១២ ដែល​នឹង​ចាប់ផ្តើម​ដំណើរការ​ពី​ដើមខែ​កុម្ភៈ ឆ្នាំ ២០២៣ ខណៈដែល​ខេត្ត​ទេសចរ​ជាប់មាត់​សមុទ្រ ១ នេះ នឹង​ទទួល​វិញ្ញាសារ ការប្រកួត​កីឡា​ស៊ីហ្គេម​ចំនួន ៥​។ នេះ​បើតាម​ការ​ចុះផ្សាយ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃទី ៦ តុលា។​

​លោក គង់ វិ​តាណៈ អភិបាលរង​ខេត្ត​ព្រះសីហនុ បាន​ដឹកនាំ​កិច្ចប្រជុំ​គណៈបញ្ជាការ​ឯកភាព​ខេត្ត ស្តីពី​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ក្នុង​ឱកាស​ពិធី​ប្រកួត​កីឡា SEA GAMES លើក​ទី ៣២ និង ASEAN PARA GAMES លើក​ទី១២ ឆ្នាំ ២០២៣ ដោយ​មាន​ការ​ចូលរួម​ពី​លោក​នាយក​រដ្ឋបាល​សាលាខេត្ត អភិបាលក្រុង ស្រុក និង​ប្រធាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ។​

​លោក គង់ វិ​តាណៈ មានប្រសាសន៍​បើក​កិច្ចប្រជុំ​ថា ការប្រកួត​កីឡា SEA GAMES លើក​ទី៣២ និង ASEAN PARA GAMES លើក​ទី១២ ឆ្នាំ ២០២៣ នឹង​ចាប់ផ្តើម​ដំណើរការ​ពី​ដើមខែ​កុម្ភៈ ឆ្នាំ ២០២៣ រហូតដល់​ខែ​មិថុនា ឆ្នាំ ២០២៣។

​លោក​បន្តថា ខេត្ត​ព្រះសីហនុ ត្រូវ​បានទទួល​វិញ្ញាសារ ការប្រកួត​កីឡា​ស៊ីហ្គេម​ចំនួន ៥ សម្រាប់​ស៊ីហ្គេម​ឆ្នាំ ២០២៣ មាន​ដូចជា កីឡា​ទូកក្តោង កីឡា​ម៉ូតូ​ទឹក និង​កីឡា ៣ ប្រភេទ​ផ្សេងទៀត​។ ដោយឡែក​ខេត្ត ៤ ផ្សេងទៀត ក៏​ទទួល​វិញ្ញាសារ​ក្នុងការ​ប្រកួត​ស៊ីហ្គេម​ផ្សេងៗ​ផងដែរ។​

​ចំណែក​រាជធានី​ភ្នំពេញ ទទួល​ការប្រកួត​កីឡា​ស៊ី​ហ្គេម​សម្រាប់​ការប្រកួត​ការបើក និង​បិទ​កីឡា ស៊ីហ្គេម​ឆ្នាំ ២០២៣ ដែល​ទាមទារ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ​រួមគ្នា​រៀបចំ​ផែនការ​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់​ធ្វើ​យ៉ាងណា​ឱ្យ​ដំណើរការ​ការប្រកួត​ទទួល​បាន​លទ្ធផល​ល្អ។

​លោក​អភិបាលរង​ខេត្ត បាន​លើកឡើងថា ការបើក​ដំណើរការ​កីឡា​អាស៊ីអាគ្នេយ៍ កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ ដូច្នេះ​កម្ពុជា​ត្រូវការ​មេដាយ​មាស​ឱ្យបាន​កាន់តែ​ច្រើន ម្យ៉ាង​ទៀត​កម្ពុជា ក៏បាន​គិតគូរ​ពី​លទ្ធភាព​ដណ្តើម​យក​មេដាយ មាស ពី​ស៊ីហ្គេម​នេះ​ឱ្យបាន​ច្រើន​ផងដែរ។​

​មាន​វិញ្ញាសារ​ចំនួន ២ ត្រូវបាន​ចុះបញ្ជី​រួចហើយ នៅសល់​វិញ្ញាសារ​ចំនួន ៣ ផ្សេង​ទៀត មាន​ដូចជា បាល់ទះ លើ​ឆ្នេរ​ខ្សាច់ បាល់ទាត់​លើតុ និង​កីឡា​មួយ​ប្រភេទ​ទៀត ដែល​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​ត្រៀម និង​ផ្សព្វផ្សាយ​ឱ្យបាន ទូលំទូលាយ​ដល់​មហាជន ពិសេស​កិច្ចការពារ​សន្តិសុខ សម្រាប់​ការប្រកួត​កីឡា​ស៊ីហ្គេម នាពេល​ខាងមុខ។​

​លោក​បញ្ជាក់ថា កិច្ចការ​នេះ​អាជ្ញាធរ​ត្រូវ​ធានា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សម្រាប់​ការ​ប្រកួត​កីឡា​ស៊ីហ្គេម និង​ប៉ារ៉ា​ហ្គេម​នៅ​ខេត្ត​ព្រះសីហនុ​។ ចំពោះ​វិញ្ញាសារ​ទូកក្តោង និង​ម៉ូតូ​ទឹក គ្រោង​ធ្វើការ​ប្រកួត​នៅ​ឆ្នេរ​អូរឈើទាល។​

​បន្ថែម​ពីនេះ លោក​អភិបាលរង​ខេត្ត សូមឱ្យ​ស្ថាប័ន​សមត្ថកិច្ច​ពាក់ព័ន្ធ​ខេត្ត ត្រូវ​រៀបចំ និង​បង្ហាញ​ពី​ផែនការ​សន្តិសុខ​សណ្តាប់ធ្នាប់ ពិសេស​ការ​ចូលរួម​ពី​មន្ត្រី​កងកម្លាំង​ប្រដាប់​អាវុធ​ដែល​មាន​ស្នងការដ្ឋាន​នគរបាល​ខេត្ត កងរាជ​អាវុធហត្ថ​ខេត្ត ដែលជា​សេនាធិការ​ឱ្យ​គណៈបញ្ជាការ​ឯកភាព​ខេត្ត រៀបចំ​ធ្វើ​ផែនការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់ ដើម្បី​បញ្ចូល​ជាមួយ​នឹង​ក្រុម​ការងារ​ថ្នាក់ជាតិ។​

​លោក​គង់ វិ​តាណៈ បាន​បញ្ជាក់ថា ក្នុងការ​ប្រកួត​កីឡា SEA GAMES លើក​ទី៣២ និង ASEAN PARA GAMES លើក​ទី១២ ឆ្នាំ ២០២៣ ខេត្ត​ព្រះសីហនុ​មាន​គោលដៅ​ចំនួន ២ គឺ​គោលដៅ នៃ​ការ​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ក្នុងការ​ប្រកួត និង​ការ​ស្នាក់នៅ​របស់​គណៈប្រតិភូ​កីឡា​ដែល​ចូលរួម​ការប្រកួត​កីឡា​នៅ​ខេត្ត​ព្រះសីហនុ។

​លោក​បាន​ជំរុញ​ឱ្យ​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវយក​ពិធី​ប្រកួត​កីឡា SEA GAMES លើក​ទី៣២ និង ASEAN PARA GAMES លើក​ទី១២ នេះ ផ្សព្វផ្សាយ​ពី​សក្តានុពល​របស់​ព្រះរាជា​ណាចក្រ​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ និង ក៏ជា​មុខមាត់​របស់​ប្រទេស​កម្ពុជា​ផងដែរ៕​