
ក្រុមអ្នកលេងសាច់ដុំកម្ពុជាក្នុងពេលប្រកួតនៅហ្វីលីពីនកាលពីថ្ងៃទី ៨ តុលា ។ រូបថត សហការី
ភ្នំពេញៈក្រុមអ្នកលេងសាច់ដុំនៃប្រភេទកីឡាកាយវប្បកម្មបានទទួលជ័យជម្នះគួរជាទីមោទនៈគឺការឈ្នះបានមេដាយប្រាក់ ២ និងសំរឹទ្ធ ១ ពីការប្រកួត International Federation of Bodybuilding and Fines (IFBB)នៅប្រទេសហ្វីលីពីន ប៉ុន្តែម្ចាស់មេដាយមាសពិភពលោក សំបូរ សុភ័ណ្ឌ បានទទួលស្គាល់ថា សមត្ថភាពឬការធ្វើសាច់ដុំរបស់ខ្លួននៅមានកម្រិត មិនទាន់អាចឈានទៅដណ្តើមបានមេដាយ ក្នុងការប្រកួតកម្រិត Open សម្រាប់ក្រុមអ្នកជំនាញមានបទពិសោធយូរឆ្នាំក្នុងការធ្វើសាច់ដុំឱ្យស្ងួត និងដាច់ល្អនោះទេ។
សម្រាប់ការប្រកួតកាលពីថ្ងៃទី៨ ខែតុលា កីឡាករវ័យ ៤០ ឆ្នាំ វី វុទ្ធី ដណ្តើមបានមេដាយប្រាក់ទាំងលើប្រភេទវិញ្ញាសា Men physique40+ និងវិញ្ញាសា Bodybuilding40+ ។ ចំណែកមេដាយសំរឹទ្ធ១ទៀត រកបានដោយកីឡាករ វីរ: នីរ៉ាយុទ្ធ លើប្រភេទវិញ្ញាសា Men Physique ។
ប៉ុន្តែសម្រាប់ម្ចាស់មេដាយមាសពិភពលោកឆ្នាំ ២០១៨ សំបូរ សុភ័ណ្ឌ ទទួលបានត្រឹមមេដាយកិត្តិយសចំណាត់ថ្នាក់លេខ ៥ សម្រាប់ការប្រកួតវិញ្ញាសា Classic Physique Open ព្រមទាំងបានចូលដល់វគ្គ ១០ នាក់ចុងក្រោយ (Top10)សម្រាប់វិញ្ញាសា Men Physique Open ដោយបានលេខ ៧ គឺមានន័យថា សុភ័ណ្ឌ បានបរាជ័យ សម្រាប់ការដាក់គោលដៅរបស់ខ្លួនសម្រាប់ការប្រកួតលើកនេះ។
ទោះបីជាយ៉ាងណា តាមរយៈការឡាយវីដេអូ ក្រោយការប្រកួតចប់ សំបូរ សុភ័ណ្ឌ បានឱ្យដឹងថា រូបគេអាចនឹងដណ្តើមបានមេដាយមាស ប្រសិនបើចុះឈ្មោះចូលរួមប្រកួតក្នុងវិញ្ញាសា សម្រាប់អ្នកចូលរួមថ្មីដូចទៅនឹងកីឡាករ វី វុទ្ធី និង វីរ: នីរ៉ាយុទ្ធ ដែលឈ្នះបានមេដាយ ប៉ុន្តែ សុភ័ណ្ឌ បានអះអាងថា ការចុះឈ្មោះចូលរួមប្រកួតក្នុងកម្រិតខ្ពស់ (Open) នេះ ដោយសាររូបគេ ចង់ប្រជែងយកឱកាសឡើងទៅប្រកួតយកអាជ្ញាប័ណ្ឌ Pro Card ឬ Professional bodybuilding ដ្បិតអី សម្រាប់វិញ្ញាសាអ្នកថ្មី គឺមិនត្រូវបានគេអនុញ្ញាតប្រកួតយក Pro Card នោះទេ ទោះដណ្តើមបានមេដាយមាសក៏ដោយ។
សំបូរ សុភ័ណ្ឌ បាននិយាយថា៖ «បើខ្ញុំចុះឈ្មោះចូលប្រកួតសម្រាប់អ្នកថ្មី គឺខ្ញុំអាចនឹងយកមេដាយសឹងតែទាំងអស់ មិនដឹង ប៉ុន្តែខ្ញុំអត់ចូលទេ ព្រោះខ្ញុំចង់អភិវឌ្ឍខ្លួនបន្តទៀត។ ខ្ញុំបានចូលរួមប្រកួតកម្រិត Open ព្រោះខ្ញុំចង់បានឱកាសទៅប្រកួត Pro ហើយការប្រកួត Open នេះ មានការពិបាកខ្លាំង ដោយសារគេល្អៗជាងយើងទៅទៀត»។
កីឡាករកម្ពុជារូបនេះ បានអះអាងថា នៅមុនការប្រកួត IFBB នេះ លោកបានប្រឹងប្រែងខ្លាំង ទាំងទៅលើការបំប៉នអាហារ ដើម្បីធ្វើយ៉ាងណាឱ្យសាច់ដុំដាច់ស្អាត ស្ងួត គ្មានជាតិទឹក ប៉ុន្តែការព្យាយាមប្រកបដោយទំនុកចិត្តរបស់លោកនៅតែមិនទាន់អាចរកឃើញលទ្ធផល ទៅតាមអ្វី ដែលចង់បានដដែល។
សំបូរ សុភ័ណ្ឌ បានបន្ថែមថា៖ «សម្រាប់វិញ្ញាសា Men Physique Open នេះ ខ្ញុំមានសង្ឃឹមនិងជឿជាក់លើខ្លួនឯង តែឆ្នាំនេះ ខ្ញុំបានធ្លាក់ដោយមិនបានចូលក្នុង Top5 នោះទេ។ ខ្ញុំរំពឹងខ្លាំងថា នឹងធ្វើបានល្អ ប៉ុន្តែធ្វើអត់បានទេ។ គីឡូខ្ញុំលើកនេះ ឡើងដល់៨០គីឡូក្រាម គឺធំ ហើយសាច់ដុំស្ងួតទៀត ប៉ុន្តែគេធំ ស្ងួត និងល្អជាងយើងទៀត គេខ្លាំងមែន»។
ទន្ទឹមនឹងនេះ អ្នកលេងសាច់ដុំរូបសង្ហា សំបូរ សុភ័ណ្ឌ បានរៀបរាប់ថា សម្រាប់ការប្រកួតកីឡាកាយវប្បកម្មកម្រិតខ្ពស់បំផុតឈ្មោះ Mr. Olympia នៅជប៉ុន រូបគេ បានឡើងទៅដល់វគ្គ Top8 ដោយបានចំណាត់ថ្នាក់លេខ ៦ ក្នុងចំណោមអ្នកចូលរួមលើវិញ្ញាសា Men Physique Open នេះ សរុប៣៧នាក់ ប៉ុន្តែការប្រកួតនៅហ្វីលីពីននេះ មានតែ ២៧ នាក់ តែរូបគេបានចូលដល់ត្រឹម Top10 គឺមានន័យថា អ្វីដែលរូបគេធ្វើបាន មានការធ្លាក់ចុះជាងមុន។
ប្អូនប្រុសម្ចាស់មេដាយមាសពិភពលោក ឆ្នាំ ២០១៧ សំបូរ ណាន និង សំបូរ នន់ រូបនេះ បានបញ្ជាក់ថា៖ «កាលនៅជប៉ុន ខ្ញុំគីឡូតែ ៧០,៥ គីឡូក្រាម ទេ តែលើកនេះ ខ្ញុំគីឡូដល់ ៨០ ប៉ុន្តែស៊ូជាមួយគេអត់បានទៀត ព្រោះគេធំ សាច់ស្ងួត ហើយស្អាតមែនទែន គឺខ្ញុំទទួលស្គាល់ថា យើងនៅចាញ់គេមែន»។
ទោះបីជាយ៉ាងណា សំបូរ សុភ័ណ្ឌ មិនបោះបង់ឆន្ទៈក្នុងការប្រជែងស្វែងរកអាជ្ញាប័ណ្ឌ Pro Card នោះទេ។«ការចុះឈ្មោះចូលរួមប្រកួតOpen នេះ ព្រោះខ្ញុំមានការតាំងចិត្ត ចង់បាន Pro Card។ បើមានកីឡាករខ្មែរយើងណាម្នាក់បាន Pro Card ទើបអាចហៅសហព័ន្ធ IFBB របស់អាមេរិក មកស្រុកខ្មែរបាន ប៉ុន្តែបើយើងគ្មានទេ គឺមិនអាចហៅ IFBB មករៀបចំការប្រកួតនៅស្រុកខ្មែរបាននោះទេ អ៊ីចឹងហើយទើបពួកយើងខំប្រឹង ព្រោះយើងស្រឡាញ់ និងចង់ឱ្យវិស័យនេះរីកចម្រើនទៅមុខទៀត»៕