ភ្នំពេញ៖ សមាជិករដ្ឋសភាគុយបា លោក Raul Fornes Valenciano បានអះអាង​ថា ប្រទេស​របស់លោក ជាពិសេស​វិទ្យាស្ថានជាតិកីឡា អប់រំកាយ និងកម្សាន្ដនៃសាធារណរដ្ឋគុយបា នឹង​ធ្វើ​ការ​យ៉ាង​ស្អិត​ល្មួតជាមួយក្រសួងអប់រំ យុវជន និងកីឡា​របស់កម្ពុជា និងភាគីពាក់ព័ន្ធ​មួយ​ចំនួន​ទៀត ក្នុង​ការ​ជួយ​អភិវឌ្ឍ​វិស័យ​កីឡា​នៅកម្ពុជា ឱ្យមានការ​រីក​ចម្រើន បានឆាប់រហ័ស ដើម្បី​ត្រៀម​ទៅ​កាន់​ការ​ប្រកួត​​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ដែលកម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ។

​នៅក្នុងជំនួប​ជាមួយ​លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា នៅ​មជ្ឈមណ្ឌល​ជាតិហ្វឹកហ្វឺនកីឡា ដែល​មានការ​ចូល​រួម​របស់​លោកជំទាវ Liurka Rodríguez Barrios ឯកអគ្គរដ្ឋទូតគុយបា ប្រចាំនៅកម្ពុជាផងនោះ លោក Raul Fornes Valenciano បាន​ទទួល​​យក​នៅគ្រប់សំណើ​របស់កម្ពុជា តាម​រយៈ លោក ស សុខា ហើយ​លោក​បានសន្យា​ថា នឹង​រៀបចំ​ឱ្យបាន​លឿនផងដែរ។

តាងនាម​ឱ្យ​លោកបណ្ឌិតសភាចារ្យ ហង្សជួន ណារ៉ុន រដ្ឋមន្រ្តី​ក្រសួងអប់រំ​ យុវជន និង​កីឡា លោក ស សុខា បាន​យក​ជំនួប​ជាមួយប្រតិភូ​គុយបា កាលពី​ថ្ងៃ​ទី​ ២០ ខែតុលា​នេះ ដើម្បី​​​អរគុណ​ទៅដល់​​ប្រទេស​គុយបា ដែលបាន​ជួយជ្រោមជ្រែង​ទៅលើវិស័យជា​ច្រើន​របស់​កម្ពុជា រួមទាំង​វិស័យ​កីឡាផងដែរ។

ជាមួយគ្នា​នោះ លោក ស សុខា បាន​ស្នើ​ឱ្យប្រទេស​​គុយ​បា ​ជួយ​ផ្តល់នៅមន្រ្តី​វិទ្យាសាស្រ្ត​​កីឡា ពេទ្យ និងគ្រូ​កីឡា ជាពិសេស​ទៅលើប្រភេទ​កីឡា ដែលគុយបា មាន​ភាព​ខ្លាំងស្រាប់ ដូចជា​​ប្រដាល់​សកល យូដូ បាល់​ទះ អត្តពលកម្ម ជាពិសេស​បេសបល ដោយ​លោក​បញ្ជាក់ថា កម្ពុជា អាច​នឹង​ដណ្តើមបាន​​មេដាយមាស​ នៅស៊ីហ្គេម បើសិនជា​មានការជួយ​បង្វឹក​ពី​គ្រូជំនា​ញ​គុយបា ព្រោះ​គុយបា ខ្លាំង​លើប្រភេទកីឡានេះ ខណៈ​នៅ​ក្នុងតំបន់អាស៊ាន បេសបល នៅ​មាន​​​កម្រិត​ទាប នៅឡើយ​ទេ​។

បន្ថែម​លើនេះ លោក ស សុខា បានស្នើ​បញ្ជូន​មន្រ្តី​ជំនាញ​កីឡា​ ៣ នាក់ ទៅទស្សនកិច្ច ក៏​ដូចជា​​ទៅ​សិក្សា​វគ្គ​ខ្លី នៅប្រទេស​គុយបា ដោយ​ផ្តោត​ទៅ​លើ​ការ​សិក្សាស្រាវជ្រាវលើ​ជំនាញ​រៀបចំ​ព្រឹត្តិការណ៍ និងគ្រប់​គ្រង​កីឡា ដោយ​លោក​ចាត់ទុក​ថា «​នេះជា​ទុនដ៏​​សំខាន់ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​​ស៊ីហ្គេម នៅ​កម្ពុជា» ហើយ​​លោក​ក៏​បាន​សុំឱ្យអ្នកជំនាញ​របស់​ប្រទេស​​គុយបា ជួយរៀបចំ​មជ្ឈមណ្ឌល​​កីឡា​កម្ពុជា ដែល​ប្រហាក់ប្រហែល​មជ្ឈមណ្ឌល​កីឡា​នៅគុយ​បា ផងដែរ។

ជាការ​ឆ្លើយ​តបទៅនឹងសំណើ​ទាំង​អស់នេះ​របស់កម្ពុជា លោក Raul Fornes Valenciano បាន​លើកឡើង​ថា ​តាម​រយៈ​ការ​ទំនាក់ទំនង​របស់ប្រទេសទាំង​ ២ អស់​រយៈពេល​ជាង​​ ៦០ ​ឆ្នាំមកនេះ ហើយ​ក៏ស្ថិត​ក្នុង​ការ​​ទទួល​ខុស​ត្រូវ​លើ​ផ្នែកកីឡាផង​នោះ លោក​ជឿជាក់ថា វិស័យ​កីឡា​ ជា​ផ្នែក​​មួយដ៏​ល្អ ក្នុងការ​ជួយ​ដល់​កិច្ច​សហប្រតិបត្តិ​ការ​រវាងប្រទេស​​កម្ពុជា និង​គុយបា។

លោក Raul Fornes Valenciano ដែល​បានអមដំណើរ លោក​រដ្ឋមន្រ្តីក្រសួងអប់រំ ហង្សជួន ណារ៉ុន ពេល​លោក​ទៅទស្សនកិច្ច នៅ​ប្រទេស​គុយ​បា នាពេលកន្លងមក​នេះ បាន​បញ្ជាក់​ថា៖​ «ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្រ្តី​ក្រសួងអប់រំ យុវជន និង​កីឡា បាន​នាំមក​នូវ​ការ​ចុះ MOU ហើយយើងនឹងទទួលបាន​ផលជា​ផ្លែផ្កា​ គឺ​មិនមែន​តែ​ផ្នែកកីឡា ១ ​​ប្រភេទនោះ​ទេ ប៉ុន្តែ​នៅមាន​ប្រភេទ​កីឡា​ផ្សេងៗ​ទៀតជា​ច្រើន»។

លោក​បាន​បន្ថែម​ថា៖ «ចំណែក​ការ​ស្នើសុំ​ឱ្យ​មានមន្រ្តី​វិទ្យាសាស្រ្ត​​កីឡា ​របស់ឯកឧត្តម ស សុខា គឺជា​គំនិតផ្តួច​ផ្តើម​​ដ៏ល្អ​ហើយ ព្រោះ​គុយបា មិន​​មែន​រីកចម្រើនត្រឹមតែ​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​យើង​មាន​ការ​រីក​ចម្រើន​ខាង​ផ្នែកវិស័យ​​សុខា​ភិបាល​​កីឡា​ទៀតផង។ ជាមួយគ្នានេះ ​យើង​​មាន​គ្រូ​បង្វឹក​ និង​​កីឡាករ​​ល្អៗ​ផងដែរ ហើយ​តាម​កិច្ចសន្យា​នៃ​​កិច្ច​សហប្រតិបត្តិ​ការ​​របស់​ប្រទេស​យើងទាំង​ ២ គឺ​គុយបា ត្រូវ​​​ដាក់​ចេញ​នូវ​គ្រូ​ជំនាញល្អៗ ដើម្បី​មកជួយ​ដល់កម្ពុជា»។

ចំពោះ​ការ​ស្នើ​សុំ​​ឱ្យមាន​ មជ្ឈមណ្ឌល​កីឡា​នៅ​កម្ពុជា ដែល​មាន​ភាពប្រហាក់​ប្រហែល​ទៅនឹងមជ្ឈមណ្ឌល​កីឡា​នៅប្រទេស​​គុយបាវិញ លោក Raul Fornes Valenciano បានបញ្ជាក់ថា៖​​«​យើង​មាន​​លក្ខខណ្ឌ​ល្អ ក្នុងការ​រៀបចំ ហើយ​គុយបា នឹង​ជួយ​ឱ្យកីឡា​កម្ពុជា មាន​បទ​ពិសោធកាន់តែ​ច្រើន​ផងដែរ ទៅលើ​ការងារ​នេះ ដើម្បី​អភិវឌ្ឍ​ចំណេះដឹង​បន្ថែម​ទៀត»។

លោក Raul Fornes Valenciano ដែលជាអនុប្រធាន​វិទ្យាស្ថានជាតិ កីឡា អប់រំកាយ និង​កម្សាន្ដ​នៃសាធារណរដ្ឋគុយបា ផង​នោះ បានបន្ថែម​ថា៖ ​«គុយបា ក៏មានការ​បង្ហាត់​បង្ហាញ​ជំនាញជា​ច្រើន ដើម្បី​គោរព​​តាម​​លក្ខខណ្ឌ។ ​យើងនឹងជួយ​ ដោយ​ផ្តោតលើការ​ផ្តល់​បទ​ពិសោធ​ ដែល​ប្រទេស​គុយបា​​មាន​ ដើម្បី​អភិវឌ្ឍវិស័យ​​កីឡា​របស់​កម្ពុជា។ យើងនឹងខិតខំចាប់ផ្តើម​ធ្វើ​ការងារ​នេះ​ភ្លាម ដើម្បីសាមគ្គីភាព និង​មិត្ត​ភាព​របស់​ប្រទេ​សទាំង​២ ហើយ​​​យើង​រៀបចំ​​ធ្វើ​ម៉េច​ឱ្យបាន​ប្រសើរ និង​រហ័ស​ ដើម្បី​ឆ្លើយ​តប​ទៅនឹង​សំណើ​របស់ឯកឧត្តម ស សុខា ក៏​ដូចជា​​ក្រសួង​របស់យើងទាំង​ ២»៕