
ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Harry Kane ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Hamad ក្នុងទីក្រុងដូហា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP
ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស និងហូឡង់ បានក្លាយជាក្រុមគីឡូធ្ងន់ក្នុង World Cup ដំបូងគេ ដែលបានធ្វើដំណើរទៅដល់ប្រទេសកាតា កាលពីថ្ងៃអង្គារ ទី ១៥ ខែវិច្ឆិកា ស្របពេលដែលលោក Gianni Infantino ប្រធានសហព័ន្ធកីឡាបាលទាត់អន្តរជាតិហៅកាត់ថា FIFA បានអំពាវនាវម្តងទៀតឲ្យក្រុមទាំងអស់ផ្តោតលើការប្រកួតកីឡាបាល់ទាត់។
ក្រុមជម្រើសជាតិអង់គ្លេសរបស់លោក Gareth Southgate ដែលមានអាវុធដ៏មុតស្រួចគឺខ្សែប្រយុទ្ធ Harry Kane នោះ កំពុងតែសម្លឹងរកការធ្វើឲ្យក្លាយជាក្រុមម្ចាស់ជើងឯកពិភពលោក ជាលើកទី២ ក្រោយពីបានធ្លាក់ចេញក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពី ៤ ឆ្នាំមុន ក្នុងប្រទេសរុស្ស៊ី។ ពួកគេបានបង្កើនក្តីសង្ឃឹមរបស់អ្នកគាំទ្ររបស់ខ្លួន តាមរយៈការឈានទៅប្រកួតក្នុងព្រឹត្តិការណ៍ Euro ឆ្នាំ ២០២០ វគ្គផ្តាច់ព្រ័ត្រ កាលពីឆ្នាំមុន ផងដែរ ប៉ុន្តែបានធ្លាក់ចុះទម្រង់លេងក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
Kane បានឲ្យដឹងថា៖ «ភាពរំភើប កំពុងតែស្ថិតក្នុងអារម្មណ៍របស់គ្រប់គ្នា។ យើងពិតជារីករាយណាស់ក្នុងការមកដល់ទីនេះ និងកំពុងតែសម្លឹងឆ្ពោះទៅកាន់ការបង្ហាញខ្លួននៅលើទីលានហ្វឹកហាត់»។
ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ដែលគ្រូបង្វឹករបស់ពួកគេគឺលោក Louis van Gaal បានបញ្ជាក់ពីមតិរបស់លោកយ៉ាងច្បាស់ថា កាតា មិនគួរទទួលបានសិទ្ធិធ្វើជាម្ចាស់ផ្ទះ World Cup នោះ ក៏បានធ្វើដំណើរទៅដល់ផងដែរ។
ក្រុមជម្រើសជាតិហូឡង់ បានបង្ហោះរូបភាពនានាក្នុងពេលទៅដល់ រួមជាមួយនឹងការសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «សួស្តី FIFAWorldCup យើងមកដល់ហើយ! យើងពិតជាអន្ទះសាសរក្នុងការចាប់ផ្តើមប្រកួតណាស់»។

លោក Louis Van Gaal (ស្តាំ) គ្រូបង្វឹកនៃក្រុមជម្រើសជាតិហូឡង់ និងខ្សែការពារ Virgil van Dijk ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Hamad ក្នុងទីក្រុងដូហា កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP
ហូឡង់ គឺជាក្រុមម្ចាស់ជើងឯករងឆ្នាំ ២០១០ និងបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៣ ក្នុងរយៈពេល៤ឆ្នាំក្រោយមក ប៉ុន្តែ មិនបានឈ្នះកៅអីទៅលេងក្នុងយុទ្ធនាការឆ្នាំ ២០១៨ នៅប្រទេសរុស្ស៊ី ឡើយ។
ក្រុមម្ចាស់ការពារជើងឯកបារាំង និងក្រុមម្ចាស់ជើងឯក World Cup ២ សម័យកាល អាហ្សង់ទីន នឹងត្រូវធ្វើដំណើរទៅដល់ប្រទេសកាតា នៅថ្ងៃពុធ ទី ១៦ ខែវិច្ឆិកា នេះ។
ការអំពាវនាវពីសំណាក់អង្គភាពគ្រប់គ្រងកីឡាបាល់ទាត់ FIFA ឲ្យបង្វែរការចាប់អារម្មណ៍នានា ទៅលើកីឡាបាល់ទាត់ ហាក់មិនសូវមានប្រសិទ្ធិភាពឡើយក្នុងប្រទេសមួយចំនួន ខណៈដែលការរាប់ថយក្រោយទៅកាន់ការចាប់ផ្តើមការប្រកួតនៅថ្ងៃអាទិត្យ ចុងសប្តាហ៍នេះ បានបង្កើតឲ្យមានការចាប់អារម្មណ៍កាន់តែខ្លាំងទៅលើការប្រព្រឹត្តរបស់កាតា លើកម្មករអន្តោប្រវេសន៍ ស្ត្រី និងសហគមន៍អ្នកស្រឡាញ់ភេទដូចគ្នា។
FIFA បានដាក់ចេញនូវយុទ្ធនាការឈ្មោះថា «Football Unites the World (កីឡាបាល់ទាត់បង្រួបបង្រួមពិភពលោក» រួមជាមួយនឹងវីដេអូមួយ ដែលមានកីឡាករឆ្នើមៗជាច្រើនដូចជា Neymar, Karim Benzema និង Edouard Mendy ជាដើម។
លោក Infantino បានឲ្យដឹងថា៖ «បើទោះបីកីឡាបាល់ទាត់គឺជា និងគួរតែជារឿងសំខាន់របស់យើងដែលត្រូវផ្តោតអារម្មណ៍ក៏ដោយ ប៉ុន្តែ ព្រឹត្តិការណ៍ FIFA World Cup ក៏បង្ហាញពីគុណតម្លៃ និងបុព្វហេតុនានា ដែលមានវិសាលភាពមិនមែនតែលើទីលានប្រកួតឡើយ ហើយយើងពិតជារីករាយណាស់ដែលតារាកីឡាបាល់ទាត់ឆ្នើមៗពីមុន និងបច្ចុប្បន្ន បានចូលរួមជាមួយនឹងយើង ដើម្បីផ្សព្វផ្វាយ និងបង្ហាញពីប្រធានបទទាំងនេះ ដែលក៏ជាការបង្រួបបង្រួមពិភពលោកទាំងមូលផងដែរ»៕ AFP