
ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo ត្រូវបានរំពឹងទុកថា នឹងក្លាយជាអាវុធដ៏មុតស្រួចសម្រាប់ក្រុមខ្លួនក្នុង World Cup នៅកាតា។ AFP
Cristiano Ronaldo «តែងតែរីករាយជានិច្ច» នៅពេលដែលលេងឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ហើយបញ្ហារសប់គេជាមួយនឹងក្លិប Manchester United នឹងមិនបំផ្លាញក្តីសង្ឃឹមរបស់ប្រទេសមួយនេះ ក្នុងយុទ្ធនាការ World Cup ឡើយ។ នេះបើយោងទៅតាមការបញ្ជាក់របស់ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Joao Mario កាលពីថ្ងៃអង្គារ។
ខ្សែប្រយុទ្ធរូបនេះ បានធ្វើការរិះគន់លើ Man United យ៉ាងចាស់ដៃ ក្នុងកិច្ចសម្ភាសន៍តាមទូរទស្សន៍មួយត្រឹមតែប៉ុន្មានថ្ងៃ នៅមុនពេលចាប់ផ្តើមយុទ្ធនាការ នៅប្រទេសកាតា ដោយនិយាយថា រូបគេមានអារម្មណ៍ថា ក្លិបបានក្បត់រូបគេ ហើយថា រូបគេមិនគោរពដល់លោក Erik ten Hag ដែលជាអ្នកចាត់ការទូទៅឡើយ។
Ronaldo វ័យ ៣៧ ឆ្នាំ កំពុងតែត្រៀមដឹកនាំក្រុមជម្រើសជាតិព័រទុយហ្គាល់ ក្នុងព្រឹត្តិការណ៍ World Cup ដែលជាអាចតយុទ្ធនាការជាលើកចុងក្រោយរបស់គេ។
ខ្សែបម្រើ Joao Mario របស់ក្លិប Benfica បានបញ្ជាក់ថា៖ «Ronaldo តែងតែរីករាយជានិច្ច នៅពេលដែលរូបគេស្ថិតក្នុងក្រុមជម្រើសជាតិ។ ខ្ញុំបានឃើញរូបគេម្សិលមិញ ហើយរូបគេពិតជាស្ថិតក្នុងអារម្មណ៍ជានិច្ច។ ដូចដែលរូបគេធ្លាប់បាននិយាយកាលពីមុនអ៊ីចឹង សម្រាប់រូបគេ វាជារឿងដ៏រីករាយមួយក្នុងការស្ថិតនៅទីនេះ។ រូបគេកំពុងផ្តោតអារម្មណ៍ទាំងស្រុងលើក្រុមជម្រើសជាតិ»។
ខ្សែបម្រើរូបនេះបានបន្ថែមទៀតថា៖ «ខ្ញុំមិនឃើញថា មានបញ្ហាឡើយក្នុងកិច្ចសម្ភាសន៍នោះ ពីព្រោះគ្រប់គ្នា តែងតែនិយាយអំពី Cristiano ហេតុនេះ យើងមិនមានបញ្ហាឡើយ»។
ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ នឹងបើកយុទ្ធនាការ World Cup របស់ពួកគេ ក្នុងពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិហ្គាណា ក្នុងទីក្រុងដូហា នាថ្ងៃទី ២៤ ខែកញ្ញា ហើយក៏នឹងត្រូវជួបជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង ក្នុងពូល H ផងដែរ៕ AFP