
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi (កណ្តាល) និងមិត្តរួមក្រុម ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Hamad នៅថ្ងៃទី ១៧ ខែវិច្ឆិកា។ AFP
ស្គរឥណ្ឌាត្រូវបានបន្លឺឡើងយ៉ាងលាន់រំលងពីអ្នកគាំទ្រដ៏ស្មោះស្ម័គ្ររបស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ខណៈដែលអ្នកគាំទ្ររាប់រយនាក់ បានរង់ចាំអស់រយៈពេលជាច្រើនម៉ោង ដើម្បីស្វាគមន៍ការទៅដល់របស់រថយន្តក្រុងដែលដឹងតារាឆ្នើម Lionel Messi នៅក្បែរមូលដ្ឋានហ្វឹកហាត់សម្រាប់យុទ្ធនាការ World Cup របស់ក្រុមខ្សែប្រយុទ្ធរូបនេះ នៅក្នុងប្រទេសកាតា។
ក្រុមអ្នកវាយស្គរ និងក្រុមរាំរបស់ឥណ្ឌា បានបង្ហាញឲ្យឃើញម្តងទៀតថា ទិដ្ឋភាពជុំវិញព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ក្នុងប្រទេសកាតា នឹងផ្តល់ជូននូវបទពិសោធផ្សេងគ្នាមួយសម្រាប់កីឡាករ និងអ្នកគាំទ្រ។ អ្នកគាំទ្រមកពីតំបន់អាមេរិកឡាទីនមួយនេះ គឺមានចំនួនច្រើនជាងអ្នកគាំទ្រអង់គ្លេស ដែលបានស្វាគមន៍ក្រុមរបស់ខ្សែប្រយុទ្ធ Harry Kane កាលពីថ្ងៃអង្គារ ទៅទៀត។
អ្នកគាំទ្រ ដែលមានចំនួនច្រើនជាង ៥០០ នាក់ បានរង់ចាំរហូតដល់ម៉ោងជិត ៤ ទៀបភ្លឺ (ម៉ោងក្នុងស្រុក) ដើម្បីរង់ចាំមើលវីរបុរសរបស់ខ្លួននោះ ត្រូវបានបំបែកជា២ក្រុមស្មើគ្នារវាងអ្នកគាំទ្រឥណ្ឌារបស់អាហ្សង់ទីន និងអ្នកគាំទ្រមកពីប្រទេសអាមេរិកខាងត្បូង ខណៈដែលភាគច្រើននៃអ្នកគាំទ្រទាំងនេះ បានចំណាយប្រាក់ជាច្រើន ដើម្បីអាចទស្សនាការប្រកួត World Cup។

ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi (ស្តាំទី២) និងមិត្តរួមក្រុម ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Hamad នៅថ្ងៃទី ១៧ ខែវិច្ឆិកា។
ក្រុមជម្រើសជាតិអាហ្សង់ទីន បានធ្វើដំណើរកាលពីថ្ងៃព្រឹកថ្ងៃព្រហស្បតិ៍ ពីទីក្រុងអាប៊ូដាប៊ី ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិអ៊េមីរ៉ាតអារ៉ាប់រួម ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតកម្តៅសាច់ដុំលើកចុងក្រោយរបស់ពួកគេ មុនយុទ្ធនាការ World Cup កាលពីថ្ងៃពុធ ខណៈដែល Messi វយ ៣៥ ឆ្នាំ រកបានគ្រាប់បាល់អន្តរជាតិលើកទី៩១របស់គេ។
ក្នុងនាមជាក្រុមមួយក្នុងចំណោមក្រុមដែលមានក្តីសង្ឃឹមខ្ពស់ក្នុងការឈ្នះពាន World Cup នៅឆ្នាំនេះ អាហ្សង់ទីន នឹងចាប់ផ្តើមយុទ្ធនាការរបស់ខ្លួន នៅរាត្រីថ្ងៃអង្គារ ដោយពួកគេត្រូវប៉ះក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងពូល C ដែលក៏មានក្រុមជម្រើសជាតិម៉ិកស៊ិក និងប៉ូឡូញ ផងដែរ៕ AFP