
ខ្សែប្រយុទ្ធ Lionel Messi របស់អាហ្សង់ទីន ចូលរួមហ្វឹកហាត់ នៅមុនពេលព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ ២០២២។ AFP
តារាឆ្នើមជើងចាស់ Lionel Messi បាននិយាយថា រូបគេមានយកចិត្តទុកដាក់យ៉ាងខ្លាំងលើឱកាសរបស់ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន ខណៈដែលរូបគេត្រៀមដឹកនាំក្រុមរបស់គេក្នុងយុទ្ធនាការ World Cup ដោយសម្លឹងរកបំពេញអាជីពដ៏ត្រចះត្រចង់របស់គេ តាមរយៈការលើកពាននេះ ក្នុងប្រទេសកាតា។
ក្រុមអាមេរិកខាងត្បូងមួយនេះ ធ្លាប់បានឈ្នះពាន World Cup ២លើក ពោលគឺក្នុងឆ្នាំ ១៩៧៨ និង ១៩៨៦ និងធ្លាប់ជាជើងឯករងក្នុងឆ្នាំ ២០១៤ ជាមួយនឹង Messi។
Messi បាននិយាយក្នុងកិច្ចសម្ភាសន៍ជាមួយនឹង CONMEBOL ដែលជាសហព័ន្ធកីឡាបាល់ទាត់អាមេរិកខាងត្បូងថា៖ «យើងពិតជារំភើបណាស់។ យើងមានក្រុមដ៏ពិសេសមួយ ដែលពិតជាស្រេកឃ្លាន ប៉ុន្តែយើងនឹងគិតអំពីការប្រកួតយ៉ាងល្អិតល្អន់។ យើងដឹងថា ក្រុមក្នុង World Cup មិនមែនជាក្រុមខ្សោយឡើយ»។
ការប្រកួតបើកឆាករបស់ក្រុមជម្រើសជាតិអាហ្សង់ទីន នៅក្នុងយុទ្ធនាការ World Cup គឺនៅថ្ងៃទី ២២ ខែវិច្ឆិកា ដោយពួកគេត្រូវប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត ក្នុងពូល C ដែលក៏មានក្រុមជម្រើសជាតិម៉ិកស៊ិក និងប៉ូឡូញ ផងដែរ។
Messi បាននិយាយថា៖ «យើងសង្ឃឹមថា នឹងចាប់ផ្តើមយុទ្ធនាការ បានយ៉ាងល្អបំផុត ដើម្បីប្រឈមមុខនឹងរាល់អ្វីៗទាំងអស់ដែលកើតឡើងបន្ទាប់»។
ខ្សែប្រយុទ្ធរបស់ក្លិប Paris Saint-Germain មួយនេះ បានបង្ហាញពីកម្រិតខ្លាំងរបស់ក្រុមខ្លួន ក្រោមការដឹកនាំរបស់លោក Lionel Scaloni និងការមានប្រៀប ក្រោយពីពួកគេបានលើកពាន Copa America កាលពីឆ្នាំមុន។

ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi (កណ្តាល) និងមិត្តរួមក្រុមរបស់ខ្លួន ចូលរួមហ្វឹកហាត់ នៅទីក្រុងអាប៊ូដាប៊ី នៅមុនពេល World Cup ក្នុងប្រទេសកាតា។ AFP
Messi វ័យ ៣៥ ឆ្នាំ បានបញ្ជាក់ថា៖ «បើអ្នកលេងការប្រកួតកាន់តែ ហើយចំណាយពេលវេលាលើទីលានកាន់តែច្រើន នោះអ្នកនឹងយល់ចិត្តគ្នាកាន់តែច្បាស់។ យើងស្គាល់ពីបុគ្គលិកលក្ខណៈគ្នាយ៉ាងច្បាស់ ហើយនោះគឺជាចំណុចល្អបំផុតសម្រាប់ការប្រកួតនីមួយ»។
តារាឆ្នើមរូបនេះ បាននិយាយថា រូបគេមិនជឿថា នឹងមានម្ចាស់ជើងឯកដែលឥតរំពឹងទុក ក្នុងព្រឹត្តិការណ៍ World Cup នោះឡើយ។ រូបគេបានឲ្យដងថា៖ «នៅពេលដែលយើងនិយាយអំពីបេក្ខភាព យើងតែងតែជជែងអំពីក្រុមដូចៗគ្នា។ ប្រសិនបើយើងប្រៀបធៀបនឹងក្រុមផ្សេង ខ្ញុំគិតថា ប្រេស៊ីល បារាំង និងអង់គ្លេស ហាក់ឈរលើក្រុមផ្សេងបន្តិច។ ប៉ុន្តែ World Cup គឺជាយុទ្ធនាការដ៏លំបាក និងស្មុគស្មាញ ដែលអ្វីៗក៏អាចកើតឡើងបានផងដែរ»។
Messi ដែលអាចនឹងលេង World Cup ជាលើកចុងក្រោយរបស់គេនោះ បាននិយាយថា រូបគេបានសម្របខ្លួនពេញលេញហើយនៅទីក្រុងប៉ារីស ក្រោយពីជួបភាពត្រដាបត្រដួសនៅឆ្នាំទី១របស់គេ ក្រោយពីការផ្ទេររបស់គេពីក្លិប Barcelona៕ AFP