
ប្រធានាធិបតីបារាំងលោក Emmanuel Macron (ស្តាំ) បញ្ចេញកាយវិការក្នុងពេលជួបជាមួយនឹង នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់-អូឆា នៅទីក្រុងបាងកក កាលពីថ្ងៃទី ១៧ ខែវិច្ឆិកា។ AFP
លោក Emmanuel Macron ប្រធានាធិបតីបារាំង កាលពីថ្ងៃព្រហស្បតិ៍ ទី ១៦ ខែវិច្ឆិកា បានចូលខ្លួនទៅក្នុងភាពចម្រូងចម្រាស់ ជុំវិញការធ្វើជម្ចាស់ផ្ទះរបស់កាតា ក្នុងព្រឹត្តិការណ៍ World Cup តាមរយៈការបញ្ជាក់ថា កីឡាមិនត្រូវបានយកទៅធ្វើជារឿងនយោបាយឡើយ។
លោក Macron ដែលក្រុមជម្រើសជាតិរបស់លោក គឺជាម្ចាស់ការពារតំណែងជើងឯក ក្រោយពីពួកគេបានឈ្នះនៅប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៨ នោះ បានឲ្យដឹងថា៖ «ខ្ញុំគិតថា យើងមិនត្រូវធ្វើឲ្យកីឡាក្លាយជារឿងនយោបាយឡើយ»។
ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ ដែលនឹងចាប់ផ្តើមប្រកួតនៅថ្ងៃអាទិត្យ ទី ២០ ខែវិច្ឆិកានោះ បានជួបភាពចម្រូងចម្រាស់ជាច្រើន ក្នុងនោះរាប់បញ្ចូលទាំងការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្សនៅកាតា ការបង្ក្រាបការប្រឆាំងនានា ការមិនយកចិត្តទុកលើកម្មករបរទេស និងការរំលោភបំពានសហគមន៍ស្រឡាញ់ភេទដូចគ្នា។
ក្នុងពេលលោកចូលរួមក្នុងកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) លោក Macron បានប្រាប់អ្នកយកព័ត៌មានក្នុងទីក្រុងបាងកកថា៖ «សំណួរទាំងនេះ ត្រូវតែបានដោះស្រាយ នៅពេលដែលការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ត្រូវបានសម្រេច»។

អ្នកចាំទីបារាំង Hugo Lloris (ស្តាំទី២) ធ្វើដំណើរទៅដល់អាកាសយានដ្ឋានអន្តរជាតិ Hamad ក្នុងទីក្រុងដូហា កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ដើម្បីត្រៀមសម្រាប់ការប្រកួតព្រឹត្តិការណ៍ World Cup។ AFP
ជាមួយគ្នានេះ អ្នកចាំទី Hugo Lloris ប្រធានក្រុមនៃក្រុមជម្រើសជាតិបារាំង បាននិយាយថា រូបគេនឹងចូលរួមជាមួយនឹងប្រធានក្រុមផ្សេងទៀតមកពីទ្វីបអឺរ៉ុប ដើម្បីពាក់បូរុំដៃដែលបង្ហាញពីការប្រឆាំងនឹងការរើសអើងឡើយ អំឡុងពេលនៃយុទ្ធនាការនេះ ដោយនិយាយថា រូបគេចង់បង្ហាញពីការគោរពដល់ប្រទេសកាតា ដែលហាមឃាត់ចំពោះការស្រឡាញ់ភេទដូចគ្នា។
លោក Macron ដែលនឹងធ្វើដំណើរទៅកាន់ប្រទេសកាតា ប្រសិនបើបារាំង ឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនោះ បាននិយាយថា វាមិនមែនជាគំនិតល្អឡើយ ក្នុងការធ្វើនយោបាយលើរឿងកីឡា តាមរយៈការបញ្ជាក់ថា បារាំង នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍អូឡាំពិក ឆ្នាំ ២០២៤។
ប្រធានាធិបតីរូបនេះបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ី ក្នុងឆ្នាំ ២០១៨ ដើម្បីមើល Lloris លើកពាន World Cup ជាលើកទី២សម្រាប់ក្រុមជម្រើសជាតិបារាំង ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិក្រូអាស៊ី ក្នុងលទ្ធផល ៤-២ ក្នុងវគ្គផ្តាច់ព្រ័ត្រ។
បារាំង នឹងចាប់ផ្តើមការពារពាន World Cup របស់ខ្លួន ដោយត្រូវប៉ះជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី នៅថ្ងៃអង្គារ សប្តាហ៍ក្រោយ នៅមុនពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិដាណឺម៉ាក និងទុយនីស៊ី៕ AFP