នៅ​សល់​តែ ៣ ថ្ងៃ​ទៀត​ប៉ុណ្ណោះ ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី៣ នឹង​បើក​ធ្វើ​ជា​ផ្លូវការ​នៅ​ថ្ងៃចន្ទ ទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ នៅ​ពហុកីឡដ្ឋានជាតិ​មរតកតេជោ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​អគ្គលេខាធិការ គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) គូស​បញ្ជាក់​ថា នៅក្នុង​ពិធី​បើក​ជា​ផ្លូវការ​នៃ​កីឡាជាតិ​លើកទី ៣ នេះ គណៈកម្មការ​បាន​រៀបចំ​បង្ហាញ​ការ​សម្តែង​ទស្សនីយភាព​ពិសេសៗ​ជាច្រើន​ទម្រង់ ពី​ក្រុម​កង​យោធពលខេមរភូមិន្ទ​របស់​ក្រុម​បញ្ជាការដ្ឋាន​អង្គរក្ស ចំនួន ១០០០នាក់ ការ​រាំ​ចង្វាក់​រាំវង់ ឡាំលាវ ដែល​ជា​ការ​រំា​ចង្វាក់​ប្រជាប្រិយ​ខ្មែរ មាន​នារី ៥០០នាក់ ការ​បាញ់​កាំជ្រួច​ទំនើប រួម​ទាំង​ទស្សនីយភាព​នៃ​ការ​សម្តែង​កីឡា​មួយ​ចំនួន​ទៀត ដែល​សរុប​មាន​អ្នក​សម្តែង​ប្រមាណ ២០០០នាក់។

បើតាម​លោក វ៉ាត់ ចំរើន ពិធី​បើក​កីឡាជាតិ​លើកទី​៣ នា​ខែវិច្ឆិកា ឆ្នាំ​២០២២ នឹង​មាន​ការ​អញ្ជើញ​ជា​អធិបតី​ពី​សំណាក់​លោក​នាយករដ្ឋមន្ដ្រី ហ៊ុន សែន ដោយ​កម្មវិធី​នឹង​ចាប់​ផ្តើម​ជាមួយ​នឹង​ទស្សនីយភាព​ចលនា​កាយ​សមស្រប លំហាត់​អប់រំ​កាយ​និង​កីឡា ក្បួន​ដង្ហែ​ប្រតិភូ​កីឡារាជធានី-ខេត្ត និងក្រសួង-ស្ថាប័ន។ ក៏​មាន​ផងដែរ ការ​ដង្ហែទង់ជាតិ ទង់កីឡាជាតិ និង​គោរព​ទង់ជាតិ​កម្ពុជា។

បន្ទាប់ពីនោះ នឹងមាន​សុន្ទរកថា និង​របាយការណ៍​របស់​លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​ជា​ប្រធាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​កីឡាជាតិ​លើក​ទី៣ និង​សុន្ទរកថា​របស់​លោក ថោង ខុន រដ្ឋមន្ដ្រី​ក្រសួង​ទេសចរណ៍ ដែល​ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា និង​សុន្ទរកថា​បើក​ជា​ផ្លូវការ​របស់​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន។

ដោយឡែក លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និងកីឡា និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គណៈកម្មការ​ទទួល​បន្ទុក​រួម​នៃ​ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី៣ ឆ្នាំ២០២២ បាន​ផ្តល់​ការ​ណែនាំ​ដល់​តំណាង​សហព័ន្ធ​កីឡាជាតិ រួម​ទាំង​ប្រតិភូ​កីឡា​រាជធានី​ខេត្ត-ក្រសួង​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ឱ្យ​បាន​ខ្ពស់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​សារធាតុ​ហាមឃាត់​ក្នុង​កីឡា និង​ការ​កាត់​សេចក្តី​ដល់​ការ​ប្រកួត​ឱ្យ​យុត្តិធម៌ ដើម្បី​រួមគ្នា​ជំរុញ​ឱ្យ​ព្រឹត្តិការណ៍​កីឡាជាតិ​លើក​ទី៣ ទទួល​បាន​ជោគជ័យ។

​ពិធី​បើក​ព្រឹត្តិការណ៍​កីឡាជាតិ​​កាល​ពី​ឆ្នាំមុន។ រូបថត សហការី

លោក ស សុខា បាន​ថ្លែង​យ៉ាងដូច្នេះ នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ជំនាញ ស្តីពី​ការ​រៀបចំ​ការ​ប្រកួត​កីឡាជាតិ លើក​ទី៣ និង​កីឡា​ជន​ពិការជាតិ លើក​ទី១ ឆ្នាំ​២០២២ នៅ​មជ្ឈមណ្ឌលជាតិ​ហ្វឹកហ្វឺន​កីឡា កាលពី​ល្ងាច​ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ស សុខា៖ «ខ្ញុំ​សូមផ្តាំ​ផ្ញើ​ដល់​គ្រប់​គណៈកម្មការ ទាំងអស់​នៃ​កីឡាជាតិ​លើក​ទី៣ ឆ្នាំ​២០២២ តំណាង​សហព័ន្ធ​កីឡា​ជាតិ​ទាំង​៣៨ និង​តំណាង​កីឡា​ប៉ារ៉ាឡាំពិក ព្រម​ទាំង​ប្រតិភូ រាជធានី-ខេត្ត ទាំងអស់​សូម​សហការ​ឈ្វេងយល់​ពី​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​សារធាតុ​ហាមឃាត់​ក្នុង​កីឡា ដើម្បី​កុំ​ឱ្យ​ជាប់​បម្រាម​ពី​ទីភ្ញាក់ងារ​ប្រយុទ្ធ​ប្រឆាំង​ដូពីង​ពិភព​លោក (WADA) នៃ​ដំណើរ​ឆ្ពោះទៅ​ធ្វើ​ម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ាន​ប៉ារ៉ាហ្គេម ២០២៣»។

សូម​ជម្រាប​ជូនថា ព្រឹត្តិការណ៍​កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ មាន​ការ​ប្រកួត​លើ ៣៨ ប្រភេទ​កីឡា និង​ប្រភេទ​កីឡា ប៉ារ៉ាឡាំពិក​ចំនួន​៧ ដែល​មាន​វិញ្ញាសា​សរុប​ចំនួន ៤០៥។

ការ​ប្រកួត​តាម​ប្រភេទ​កីឡា និង​វិញ្ញាសា​គ្រោង​នឹង​ធ្វើឡើង​នៅ​រាជធានី​ភ្នំពេញ កែប កំពត ព្រះសីហនុ និង​ខេត្ត​សៀមរាប។ កន្លងមក កម្ពុជា​ធ្លាប់​បាន​រៀបចំ​ព្រឹត្តិការណ៍​កីឡាជាតិ​នេះ​ចំនួន ២ លើក​រួច​មកហើយ ដោយ​ការ​ប្រកួត​កីឡាជាតិ​លើក​ទី១ ត្រូវ​បាន​ប្រារព្ធ​ធ្វើឡើង កាល​ពី​ឆ្នាំ​២០១៦ និង​ការ​ប្រកួត​កីឡាជាតិ​លើក​ទី២ ត្រូវ​បាន​ធ្វើឡើង​កាល​ពីឆ្នាំ ២០១៨។

បើតាមលោក វ៉ាត់ ចំរើន គ្រប់​ទម្រង់​នៃ​ការ​រៀបចំ​ការ​ប្រកួត​កីឡាជាតិ​នេះ មាន​គោលដៅ​ចម្បង ទាំង​ការ​រៀបចំ​ពិធី​បើក-បិទ ទម្រង់​ការ​ប្រកួត​របស់​មន្ត្រី​រៀបចំ​ការប្រកួត ការ​កាត់​សេចក្តី​របស់​អាជ្ញាកណ្តាល ចៅក្រម ក៏​ដូចជា បង្កើន​គុណភាព​បច្ចេកទេស​របស់​កីឡាករ កីឡាការិនី លើ​ប្រភេទ​កីឡា​ទាំងអស់ គឺ​សុទ្ធតែ​បាញ់​ឆ្ពោះ​ទៅ​ទទួល​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា ស៊ីហ្គេម លើកទី៣២ និង​ការ​ប្រកួត​កីឡាជនពិការ អាស៊ាន​ប៉ារ៉ាហ្គេម លើក​ទី១២ ឆ្នាំ២០២៣៕