ទី​បំផុត​ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កាតា នឹង​​ចាប់​ផ្តើម​យុទ្ធនា​ការ World Cup លើ​ទឹក​ដីខ្លួន​ឯង​​​នៅ​រាត្រី​ថ្ងៃ​អាទិត្យ ទី ​២០ ខែ​វិច្ឆិកា ឆ្នាំ​ ២០២២ ក្រោយពី​​ការ​ដេញ​ថ្លៃ​​យ៉ាង​ជោគ​ជ័យ​របស់​ប្រទេស​មួយនេះ បាន​បង្កើត​ឲ្យ​មានការ​ត្រៀម​ខ្លួន​​ប្រកប​ដោយ​ភាព​ចម្រូង​ចម្រាស់ និង​ការ​ចំណាយ​ប្រាក់​រាប់​ពាន់លានដុល្លារ​អាមេរិក​។

​​គេ​បាន​​ទទួល​ស្គាល់​ជា​ទូទៅ​ថា រដ្ឋ​ឈូង​សមុទ្រមួយ​នេះ បានចំណាយ​ប្រាក់​ដល់ទៅ​២០០​ពាន់​លាន​ដុល្លារ​អាមេរិក ទៅលើ​ការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡា​បាល់​ទាត់​ដ៏ធំបំផុត​ ហើយ​កាតា នឹង​​ភ្លក្ស​រស​ជាតិ​​លើ​លទ្ធផល​ចុងក្រោយ ជាលើក​ដំបូង​របស់​ពួក​គេ នៅ​កីឡដ្ឋាន Al Bayt ក្នុង​ទីក្រុង Al Khor នៅ​ពេល​ដែលធ្វើ​ជាម្ចាស់​ផ្ទះ​ទទួល​ក្រុម​ជម្រើស​ជាតិ​​អេ​ក្វាទ័រ​។

គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត បាន​បញ្ជាក់​ថា សំបុត្រ​ចំនួន​២,៩លាន​សន្លឹក ក្នុង​ចំណោម​សំបុត្រ​សរុប​ចំនួន​៣,១លាន​សន្លឹក ត្រូវ​បាន​លក់​អស់ ហើយ​ពួក​គេ​រំពឹង​ទុក​ថា នឹង​មាន​​អ្នក​គាំទ្រ​ចំនួន​៦​ម៉ឺននាក់ នៅ​ថ្ងៃ​អាទិត្យ ទី​ ២០ ខែ​វិច្ឆិកា នេះ​។

កីឡាករ​របស់ក្រុម​ម្ចាស់​ផ្ទះ បានត្រៀម​ខ្លួន​យ៉ាង​យក​ចិត្ត​ទុក ដោយ​ពួកគេ​បាន​ចំណាយ​អស់​រយៈពេល​ជាច្រើន​ខែ ក្នុង​ជុំ​រុំ​ហ្វឹកហាត់​ដាច់​ដោយ​ឡែក នៅ​ខាងក្រៅ​ប្រទេស​កាតា ក្នុង​កិច្ច​ខិត​ខំព្យាយាម​ដើម្បីឈាន​ទៅ​វគ្គចាញ់​ធ្លាក់ ក្នុង​ការ​បង្ហាញខ្លួន​ជាលើក​ដំបូង​របស់​ពួក​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup​។

កីឡាករ​នៃក្រុម​ជម្រើស​ជាតិ​កា​តា ចូលរួម​ហ្វឹកហាត់ ក្នុង​ទីក្រុង​ដូហា កាលពីថ្ងៃ​ទី ​១៩​ ខែ​វិច្ឆិកា មុន​ការ​ប្រកួត​បើកឆាកនៅ​ថ្ងៃអាទិត្យ ទី​ ២០ ខែ​វិច្ឆិកា។​

លោក​គ្រូបង្វឹក Felix Sanchez បាន​ប្រាប់​សន្និ​សីទ​សារ​ព័ត៌​មាន នៅមុន​ពេល​ការ​ប្រកួត​បើកឆាក​នៃ​ព្រឹត្តិ​ការណ៍ World Cup កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ថា៖ «ស្ថាន​ភាព​របស់​យើង​ គឺ​ខុស​គ្នា បើ​ធៀប​ទៅនឹងក្រុម​ផ្សេង ហើយ​យើង​ត្រូវ​តែ​​ធ្វើ​ជាមួយនឹង​អ្វី​ដែលយើង​​មាន​»​។

លោក​បាន​បន្ត​ថា៖ «ពិត​ណាស់​ វា​គឺ​ជា​ការ​លះ​បង់​ដ៏ធំមួយ ក្រោយពី​បាន​ចំណាយ​ពេល​ជាច្រើន​នៅ​ឆ្ងាយពី​ក្រុម​គ្រួ​សារ​របស់​យើង និង​នៅ​ក្រៅ​ប្រទេស ហើយ​នេះ​បង្ហាញពី​ការ​ប្តេជ្ញា​ចិត្ត​​របស់​កីឡាករ​ក្នុងការ​ប្រកួត ហើយ​ទាំ​ង​អស់​​នោះ នឹង​ចាប់​ផ្តើមនៅថ្ងៃ​ស្អែក​នេះ​»​។

ការ​ប្រកួត​ពូល A នេះ ដែលត្រូវ​បាន​ប្តូរ​ពី​ថ្ងៃ​ចន្ទ ដើម្បី​អនុ​ញ្ញាត​ក្រុម​ម្ចាស់​ផ្ទះ​កាតា លេង​ការ​ប្រកួត​បើកឆាក​​មុន​គេ​នោះ នឹង​ក្លាយ​ជា​ការ​ល្បង​សមត្ថភាព​ដ៏សំខាន់សម្រាប់​ក្រុម​ម្ចាស់​ផ្ទះ​ទាំងនៅ​លើ និង​ក្រៅទីលាន​ប្រកួត​។

សហ​ព័ន្ធ​កីឡាបាលទាត់​អន្តរ​ជាតិហៅ​កាត់ថា FIFA និង​គណៈ​កម្ម​ការ​រៀប​ចំ​ការ​ប្រកួត សង្ឃឹម​ថា ការ​​ប្រកួត​បើក​ឆាក​នេះ អាច​ជួយ​​លុប​បំបាត់​ភាព​ចម្រូង​ចម្រាស់​មួយផ្នែក​។

កា​តា បាន​រង​នូវ​ការ​រិះ​គន់​ជាច្រើន​លើ​​បញ្ហា​សិទ្ធិមនុស្ស និង​ការ​ប្រព្រឹត្ត​ជា​ទូទៅ ក្នុង​ការ​ធ្វើ​ជាម្ចាស់​ផ្ទះ​ព្រឹត្តិការណ៍​នេះ​។ លោក Gianni Infantino ប្រធាន FIFA បាន​អំពាវ​នាវ​ឲ្យ​​ក្រុម​ក្នុង World Cup ផ្តោត​លើ​ការ​លេង​បាល់ទាត់ ក្នុង​លិខិត​មួយ កាលពី​ដើម​ខែនេះ និង​បាន​ចោទ​ប្រកាន់​ក្រុម​អ្នក​រិះ​គន់​នៅ​ប្រទេស​លោក​ខាង​លិច ពី​បទ​សម្តែង ឬលាក់​ពុត កាលពីថ្ងៃ​សៅរ៍​៕