ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស នឹង​​ចាប់​ផ្តើម​យុទ្ធនា​ការ World Cup របស់​ពួកគេ ក្នុង​ពេល​​ពួកគេ​ប៉ះ​​ជាមួយនឹងក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អ៊ី​រ៉ង់ នៅ​រាត្រី​ថ្ងៃ​ចន្ទ ទី​២១ ខែ​វិច្ឆិកា ដោយ​សង្ឃឹម​​ថា អាច​បោះ​ជំហាន​ចុង​ក្រោយ​បាន ក្រោយពី​បាន​ខក​ខាន​​ទាំង​ប្រផិត​ប្រផើយចំនួន​២លើកក្នុង​ការ​ឈ្នះពាន​រង្វាន់​ធំ​ជាលើក​ដំបូង​​​របស់​ពួកគេ ក្នុង​រយៈពេល​ច្រើន​ជាង​កន្លះ​សត​វត្សរ៍​។

ទី​បំផុត ក្រុម​កីឡាករ​របស់​លោក Gareth Southgate អាច​ផ្តោត​លើ​ការ​ប្រកួត​កីឡា​បាល់ទាត់​ទាំងស្រុង ក្រោយ​ពី​ការ​​ត្រៀម​ខ្លួន​របស់ពួក​គេ​សម្រាប់​យុទ្ធនា​ការ​នេះ បាន​លាយ​ឡំ​ជាមួយនឹង​​ភាព​ចម្រូង​ចម្រាស់​ជុំ​វិញ​ប្រទេស​ម្ចាស់ផ្ទះ​កាតា​។ ប៉ុន្តែ បច្ចុប្បន្ន ពួកគេ​​ត្រូវ​តែ​បង្វែរ​ការ​ចាប់អារម្មណ៍​របស់​ខ្លួន​ទៅកាន់​ទីលាន​ប្រកួត ខណៈ​ដែលពួកគេ​នឹង​ចាប់​ផ្តើម​ការ​ប្រកួតក្នុងពូល B ក្នុងនា​ម​ជាក្រុមមួយ​ក្នុង​ចំណោម​ក្រុម​​មានក្តី​សង្ឃឹម​ខ្ពស់​ក្នុង​យុទ្ធ​នា​ការ World Cup​។

ស្ថានភាព​នេះ គឺ​ខុស​គ្នា​ស្រឡះ​ទៅ​នឹង​រយៈ​ពេល​កាល​ពី​ ៦ ​ឆ្នាំ ដែលនៅពេលនោះ​លោក Southgate បាន​ចូល​កាន់​តំណែងក្នុងក្រុម​ជម្រើស​ជាតិ​អង់គ្លេស ដែល​ស្ថិតក្នុង​ចំណាត់​ថ្នាក់​ដ៏​ទាប ក្រោយពី​ការ​ជួប​ភាព​អា​ម៉ាស​ជា​បន្ត​បន្ទាប់​ទាំងនៅលើ និង​ក្រៅ​ទីលាន​ប្រកួត​។

ការ​ធ្លាក់​ចេញ​ក្នុង​ព្រឹត្តិការណ៍ Euro ឆ្នាំ​​ ២០១៦ ក្រោមស្នា​ដៃក្រុម​ជម្រើស​ជាតិ​អ៊ី​ស្លង់ បាន​នាំ​​ឲ្យ​មានការ​បញ្ចប់​យ៉ាង​ខក​ចិត្តក្នុង​រជ្ជ​កាល​ដឹកនាំ​របស់​លោក Roy Hodgson ក្នុងក្រុម​ជម្រើស​ជាតិ​អង់គ្លេស ស្រ​ប​ពេល​ដែល​លោក Sam Allardyce ដែល​ជា​គ្រូបង្វឹកមុន បាន​ចំណាយ​ពេលត្រឹម​តែ​ ៦៧​ ថ្ងៃ និង​ដឹកនាំ​បាន​ត្រឹម​តែ​១​ប្រកួត នៅមុន​ពេល​​ចាក​ចេញ​​ពីតំណែងរបស់​លោក ក្រោយពី​​ការ​រិះ​គន់​របស់​សារ​​ព័ត៌មាន​ជា​បន្ត​បន្ទាប់​។

ខ្សែ​ប្រយុទ្ធ​អន្តរ​ជាតិ​អង់គ្លេស Harry Kane (ឆ្វេង)​និង​លោក​គ្រូបង្វឹក Gareth Southgate បង្ហាញ​មុខ​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន នៅមជ្ឈមណ្ឌល​សន្និ​បាត​ជាតិ​របស់​កាតា​។ AFP

លោក Southgate បាន​ចូល​កាន់​តំណែង​ដើម្បី​រៀបចំឡើ​ង​ក្រុម​ឡើង​វិញ ហើយ​ទី​បំផុត លោក​បាន​​ធ្វើ​​ឲ្យ​​អង់គ្លេស ឈាន​ដល់​កម្រិត​ដ៏ខ្លាំង​លើ​ឆាកអន្តរ​ជាតិ​វិញ​។ ការ​ឈាន​ទៅ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នៃ​ព្រឹត្តិ​ការណ៍ World Cup ឆ្នាំ​ ២០១៨ នៅ​ប្រទេស​រុស្ស៊ី បាន​ធ្វើ​ឲ្យ​គ្រូបង្វឹក​រូបនេះ ទទួល​បាន​នូវ​កា​រកោត​សរសើរ​យ៉ាង​ខ្លាំង​ក្នុង​ចំណោម​កីឡាករ និង​អ្នក​គាំទ្រ​។

បន្ទាប់​មក​ទៀត លោក​បាន​បង្កើត​ឲ្យ​មាន​កា​រភ្ញាក់​ផ្អើល តាមរយៈ​ការ​ដឹកនាំ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ឈាន​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​យុទ្ធនា​ការ​ដ៏ធំ​មួយ​ជាលើក​ដំបូង​ក្នុង​រយៈពេល​ ៥៥​ ឆ្នាំ ក្នុង​ព្រឹត្តិការណ៍ Euro កាលពីឆ្នាំមុន​។

ប៉ុន្តែ ទោះ​បី​ជា​យ៉ាង​ណា ពួក​គេ​ត្រូវ​តែ​ព្យា​យាម​ឆ្លង​ឲ្យ​ផុត​ពី​​វគ្គ​ចែកពូល​ជា​មុន​សិន ខណៈ​ដែល​ពួកគេ​ក៏​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាតិអាមេរិក និង​វេលស៍ ផង​ដែរ​៕ AFP