
ពិធីបើកការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការលើកទី ១ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី ២១ វិច្ឆិកា។ រូប រ៉ាហ៊ីម
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការលើកទី ១ ឆ្នាំនេះថាជាពេលដ៏សំខាន់ក្នុងការកសាងនូវសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនី សម្រាប់ត្រៀមទៅប្រជែងរកមេដាយជូនជាតិក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះលើកដំបូង។
នៅក្នុងពិធីបើកការប្រកួតកីឡាជាតិនៅពហុកីឡដ្ឋានជាតិមរតកតេជោកាលពីព្រលប់ថ្ងៃទី ២១ ខែវិច្ឆិកា លោក ហ៊ុន សែន បានកោតសរសើរចំពោះក្រសួងអប់រំយុវជន និងកីឡា និងគណៈកម្មាធិការអូឡាំពិកកម្ពុជា (NOCC) ព្រមទាំងស្ថាប័នពាក់ព័ន្ធចំពោះកិច្ចសហការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ នេះ ដែលការប្រកួតបានចាប់ផ្តើមពីថ្ងៃទី ១៩ និងត្រូវបញ្ចប់នៅថ្ងៃទី ៣០ ខែវិច្ឆិកា។
ពិធីបើកការប្រកួតកីឡាជាតិលើកទី ៣ នេះជាការរៀបចំសាកល្បងដូចគ្នាទៅនឹងការរៀបចំពិធីបើកការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ដែរដើម្បីធានាបាននូវសុវត្ថិភាព និងសន្ដិសុខ សណ្ដាប់ធ្នាប់ល្អ ហើយព្រឹត្តិការណ៍នេះ ក៏ជាពេលវេលាដែលក្រុមអត្តពលិក និងមន្ត្រីបច្ចេកទេសបានដុសខាត់ជំនាញរបស់ខ្លួនឱ្យបានកាន់តែប្រសើរ សម្រាប់ត្រៀមទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ផងដែរ។
លោក ហ៊ុន សែន បានថ្លែងថា៖ «ការប្រកួតកីឡាជាតិនេះ មិនត្រឹមតែជាព្រឹត្តិការណ៍កីឡាជាតិមួយយ៉ាងសំខាន់សម្រាប់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបន្តកសាងសមត្ថភាព ទេពកោសល្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនីកម្ពុជាដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣»។ លោកថា គិតត្រឹមថ្ងៃទី ២១ ខែវិច្ឆិកា នៅសល់តែ ១៦៧ ថ្ងៃប៉ុណ្ណោះ ហើយនេះជាកិត្តិយសជាប្រវត្តិសាស្ត្រមួយទៀត ក្នុងវិស័យកីឡាដែលកម្ពុជារង់ចាំធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ៦៤ ឆ្នាំមកហើយ។
ជាមួយគ្នានោះលោកនាយករដ្ឋមន្ត្រីបានអះអាងថា វិស័យកីឡាដើរតួនាទីយ៉ាងសំខាន់ក្នុងការកសាងទំនាក់ទំនង ការពង្រឹងសាមគ្គីភាព និងមិត្តភាពដែលព្រឹត្តិការណ៍នេះរួមចំណែកដល់ការបង្កើនមូលធនសង្គម និងការសម្រេចបានសុខដុមនីយកម្មក្នុងសង្គមជាតិ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាក់ថា៖ «កីឡារួមចំណែកដល់ការពង្រឹងរាងកាយឱ្យមានភាពរឹងមាំ និងលើកកម្ពស់សុខភាពល្អដែលជាទ្រព្យសម្បត្តិដ៏ប្រពៃ និងជាកត្តាកំណត់ដ៏សំខាន់នៃផលិតភាព ពលកម្ម និងការកសាងមូលធនមនុស្សសម្រាប់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ប្រកបដោយភាពធន់ និងចីរភាព»។
ទន្ទឹមនឹងនោះ លោក ហ៊ុន សែន បានកោតសរសើរ និងអបអរសាទរចំពោះកីឡាករកីឡាការិនីជនពិការកម្ពុជាទាំងអស់ ដែលបានចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនៅឥណ្ឌូនេស៊ីដោយទទួលជោគជ័យគួរជាទីមោទនៈ។ ជាមួយគ្នានេះ លោកបានលើកទឹកចិត្តឱ្យអត្តពលិកជនពិការកម្ពុជាខំប្រឹងបន្ថែមទៀត ដើម្បីយកឈ្នះលើពិការភាពរបស់ខ្លួន។
«ខ្ញុំសូមយកឱកាសនេះលើកទឹកចិត្តចំពោះក្មួយៗ ចៅៗកីឡាករ កីឡាការិនីមានពិការភាព ដែលត្រូវបានក្រសួងអប់រំ យុវជន និងកីឡាបញ្ចូលក្នុងកម្មវិធីប្រកួតកីឡាជនពិការជាតិលើកទី ១ ក្នុងឆ្នាំនេះ។ សូមខិតខំប្រឹងប្រែងបញ្ចេញសមត្ថភាពឱ្យអស់ពីកម្លាំងកាយចិត្ត និងមានភាពស្វាហាប់ពោរពេញដោយកម្លាំងចិត្តខ្លាំងក្លា ដើម្បីយកឈ្នះលើពិការភាពរបស់ក្មួយៗចៅៗសំដៅបង្ហាញនូវការពិតដែលថា ពិការភាពប្រកបដោយសមត្ថភាពខ្ពស់»។

ទិដ្ឋភាពនៃពិធីបើកការប្រកួតកីឡាជាតិ។ រូប រ៉ាហ៊ីម
ចំណែកលោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានរៀបចំការប្រកួតកីឡាជាតិលើកទី ៣ និងកីឡាជនពិការជាតិលើកទី ១ ឆ្នាំ ២០២២ នេះបានចាត់ទុកព្រឹត្តិការណ៍នេះជាការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី និងមន្ត្រីបច្ចេកទេសមកពីសហព័ន្ធកីឡាជាតិទាំង ៣៨ បានដុសខាត់នូវចំណេះជំនាញរបស់ខ្លួនឱ្យកាន់តែប្រសើរ សម្រាប់ត្រៀមទៅស៊ីហ្គេម ឆ្នាំ ២០២៣ ។
លោកថា៖ «ការប្រកួតកីឡាជាតិនេះ...ធ្វើឡើងនៅរាជធានី-ភ្នំពេញ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តកែប និងខេត្តសៀមរាបលើប្រភេទកីឡាចំនួន ៣៨ ហើយគោលបំណងគឺអភិវឌ្ឍសមត្ថភាព បច្ចេកទេស ផ្ដល់ឱកាសឱ្យកីឡាករកីឡាការិនីបានចូលរួមប្រកួតដើម្បីវាស់ស្ទង់គុណផលគុណភាពកីឡាព្រមទាំងផ្ដល់ឱកាសឱ្យគណៈកម្មការរៀបចំការប្រកួតបានរៀបចំក្រេបយកបទពិសោធន៍ដើម្បីជាការត្រៀមខ្លួនព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ ២០២៣»។
ដោយឡែកលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានចាត់ទុក NOCC ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិជា «សសរស្តម្ភទាំង ៣» ដែលបានសហការគ្នារៀបចំការប្រកួតព្រឹត្តិការណ៍នេះទៅតាមនិយាមស្តង់ដាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមដើម្បីផ្តល់បទពិសោធន៍ល្អៗក្នុងការដឹកនាំគ្រប់គ្រងត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេមអាស៊ានប៉ារ៉ាហ្គេម ២០២៣ ។
លោកបានបន្ថែមថា សសរស្តម្ភទាំង ៣ គឺទី ១ ការរៀបចំបច្ចេកទេសកីឡា ទី ២ ការរៀបចំបដិសណ្ឋារកិច្ចប្រតិភូកីឡាជាមួយនឹងការដឹកជញ្ជូន ហូបចុកស្នាក់នៅ សន្តិសុខសណ្តាប់ធ្នាប់ សុខាភិបាល និងពិធីការកីឡា និងទី ៣ ពិធីបើកបិទ និងពិធីកីឡាផ្សេងៗទៀត។
លោក ថោង ខុន បានបញ្ជាក់ថា៖ «សសរស្តម្ភធំៗទាំង ៣ ខាងលើនេះបានរៀបចំប្រកបដោយស្តង់ដានូវជំនាញវិជ្ជាជីវៈកីឡាជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធដោយប្រទាក់ក្រឡាគ្នាបានល្អនោះនឹងការជំរុញឱ្យទិវាកីឡាក្លាយជាបុណ្យកីឡាដ៏អធិកអធម»។
ជាមួយគ្នានេះលោកបានអះអាងថា NOCC បានត្រៀមគ្រប់លក្ខណសម្បត្តិចូលរួមសហការ ដើម្បីអភិវឌ្ឍកីឡាជាតិ និងចលនាអូឡាំពិកកម្ពុជាឱ្យឆ្ពោះទៅរកស្តង់ដាកីឡាអន្តរជាតិដែលប្រកាន់ខ្ជាប់នូវគោលការណ៍ Fair Play គោលការណ៍កីឡាស្អាតស្អំ និងកីឡាបៃតង ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈកីឡា។
បើតាមលោក ថោង ខុន កីឡាគឺជាភាសាសកលតែមួយ «Sport is a Universal language» ដែលអាចជាមធ្យោបាយមួយរួមចំណែកដល់ការកសាងពិភពលោកមួយល្អប្រសើរបាន «Sport Build a Better World» ហើយមានសន្តិភាពទើបកីឡាអាចមានការអភិវឌ្ឍ និងមាននិរន្តរភាព។
ទាក់ទិននឹងសន្ដិភាព លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «កីឡាឬអ្វីផ្សេងទៀតក៏ដោយ មិនអាចរស់នៅដោយគ្មានសន្តិភាពនោះទេ។ កីឡាក្តី ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្តី លទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងដំណើរការដទៃទៀតមិនអាចរស់ដោយគ្មានសន្តិភាពនោះទេ...»។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានផ្តល់ទស្សនៈ និងចំណុចគន្លឹះសំខាន់ៗដើម្បីឱ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់អាចត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយ សម្រាប់ការឆ្ពោះទៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំ ២០២៣ ឱ្យទទួលបានជោគជ័យជាកិត្តិយស និងមុខមាត់សម្រាប់ប្រទេសជាតិ។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមផ្តល់ទស្សនៈ និងចំណុចគន្លឹះដូចខាងក្រោម ទី ១ ខ្ញុំសូមលើកទឹកចិត្តដល់ក្មួយៗកីឡាករ កីឡាការិនីទាំងអស់ សូមគោរពតាមបទបញ្ជានៃការប្រកួតកីឡាជាប្រចាំ ដើម្បីលើកកម្ពស់យុត្តិធម៌ក្នុងការប្រកួតសេចក្តីថ្លៃថ្នូរ និងក្រមសីលធម៌វិជ្ជាជីវៈក្នុងការប្រកួត ពីព្រោះថា កីឡាមានស្តង់ដា បទបញ្ជាត្រឹមត្រូវតែ ១ ដែលផ្ទុយទៅនឹងការប្រកួតប្រជែងក្នុងផ្នែកនយោបាយ»។
ចំណុចទី ២ លោកបានអំពាវនាវឱ្យបន្តចូលរួមក្នុងយុទ្ធនាការផ្សព្វផ្សាយដើម្បីរួមចំណែកដល់យុទ្ធនាការជាតិស្ដីពី «ប្រជាជនម្នាក់ត្រូវលេងកីឡា ១ មុខយ៉ាងតិចប្រចាំជីវិត» «ឆ្នាំ ២០២៣ ជាឆ្នាំទស្សនាកម្ពុជា» «រួមគ្នាដើម្បីកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ» «នាំគ្នាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងឥទ្ធិពលគ្រឿងញៀន» និង«កីឡារស់នៅក្នុងសន្តិភាព»។
ចំណុចទី ៣ លោក ហ៊ុន សែន បានជំរុញឱ្យក្រសួងអប់រំបង្កើនការធ្វើពិពិធកម្មសកម្មភាពកីឡាឱ្យកាន់តែច្រើនដើម្បីបង្កើនការលើកកម្ពស់វិស័យកីឡាកម្ពុជា និងបង្កើនការផ្សារភ្ជាប់វិស័យកីឡាទៅនឹងការងារសង្គម ការដោះស្រាយបញ្ហាសង្គម និងការលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច ដោយហេតុថា កីឡាត្រូវបានចាត់ទុកជាប្រភេទទេសចរណ៍បៃតង និងទទួលស្គាល់ថា ជាការទូតដ៏មានប្រសិទ្ធភាព ដើម្បីរួមចំណែកដល់ការកសាងមិត្តភាព សាមគ្គីភាព សុខសន្តិភាព និងសុខដុមនីយកម្មក្នុងសង្គមជាតិ។
លោកបានបញ្ជាក់ថា៖ «រីឯទី ៤ គឺគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ជាពិសេសគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ ត្រូវបង្កើនកិច្ចសហការបណ្ដុះបណ្ដាល និងការអភិវឌ្ឍកម្រិតបច្ចេកទេសកីឡាដល់អត្តពលិកកម្ពុជាឱ្យបានដល់កម្រិតខ្ពស់ដែលអាចធ្វើទៅបានដើម្បីឱ្យអត្តពលិកកម្ពុជាអាចចូលរួមកាន់តែទូលំទូលាយប្រកបដោយសមត្ថភាពខ្ពស់ក្នុងព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមឆ្នាំ ២០២៣ និងព្រឹត្តិការណ៍នៃការប្រកួតកីឡាជាអន្តរជាតិនានានៅថ្ងៃអនាគត»៕