
កីឡាករ Lionel Messi ប្រតិកម្មអំឡុងពេលការប្រកួតបាល់ទាត់ពិភពលោក Qatar 2022 ពូល C រវាងអាហ្សង់ទីន និងអារ៉ាប៊ី សាអ៊ូឌីត នៅកីឡដ្ឋាន Lusail ក្នុងទីក្រុង Lusail ភាគខាងជើងទីក្រុងដូហា Doha នៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០២២។
លីអូនេលម៉េស៊ី (Lionel Messi) បាននិយាយថា ការចាញ់របស់អាហ្សង់ទីនក្នុងការប្រកួតជាមួយ អារ៉ាប៊ី សាអ៊ូឌីត គឺជារឿងដ៏គួរឱ្យភ្ញាក់ផ្អើលនិងធ្ងន់ធ្ងរ។ ប៉ុន្តែ កំពូលកីឡាករបាល់ទាត់រូបនេះ បានប្តេជ្ញាថាអាហ្សង់ទីនដែលជាម្ចាស់ជើងឯកអាមេរិកខាងត្បូងនឹងយកឈ្នះការប្រកួតវិញនៅលើកក្រោយ។
«វាគឺជាការវាយប្រហារដ៏ធ្ងន់ធ្ងរមួយ។ការបរាជ័យដែលឈឺចាប់ក៏ប៉ុន្តែយើងត្រូវតែបន្តមានទំនុកចិត្តលើខ្លួនឯង»។
នេះគឺជាការលើកឡើងរបស់Messiបន្ទាប់ពីក្រុមជម្រើសជាតិអាហ្សង់ទីន រងការបរាជ័យដ៏គួរឱ្យភ្ញាក់ផ្អើលក្រោមថ្វីជើងរបស់កីឡាករអារ៉ាប៊ីសាអ៊ូឌីតក្នុងលទ្ធផល២-១ក្នុងពូលC។
Messiបានបន្ថែមថា៖«ក្រុមនេះនឹងមិនចុះចាញ់ឡើយ។យើងនឹងព្យាយាមយកឈ្នះម៉ិកស៊ិក»។
គួរជ្រាបថា នៅក្នុងការប្រកួតកាលពីថ្ងៃអង្គារម្សិលមិញ Messi បានជួយឱ្យអាហ្សង់ទីននាំមុខនៅនាទីទី១០ ដោយការស៊ុតបាល់ប៉េណាល់ទី នៅឯកីឡដ្ឋានលូសេល(Lusail) ក្នុងប្រទេសកាតា។ ប៉ុន្តែការស៊ុតបញ្ចូលទីក្នុងតង់ទី២ របស់កីឡាករ Saleh Al-Shehri និង Salem Al-Dawsari បានជួយឱ្យអារ៉ាប៊ី សាអ៊ូឌីត កសាងនូវភាពភ្ញាក់ផ្អើលដ៏អស្ចារ្យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោកដោយអាចយកឈ្នះអាហ្សង់ទីនដែលជាក្រុមបាល់ទាត់ដ៏ជោគជ័យបំផុតមួយក្នុងពិភពលោក។
នៅក្នុងតង់ទី២ ក្រុមកីឡាករអាហ្សង់ទីន បានខំព្យាយាមណាស់ដែរ តែមិនអាចបំប៉ោងសំណាញ់ទីរបស់អាសាប៊ីសាអ៊ូ ឌីតបានឡើយ។
Messi បានលើកឡើងថា៖ «យើងដឹងថា អារ៉ាប៊ី សាអ៊ូឌីត ជាក្រុមដែលមានកីឡាករល្អ ផ្លាស់ទីបាល់បានល្អ និងលេងប្រយុទ្ធ»។«យើងបានព្យាយាមដែរ ប៉ុន្តែយើងរៀងប្រញាប់បន្តិច។ គ្មានលេសអ្វីត្រូវបកស្រាយទេ យើងត្រូវតែរួបរួមសាមគ្គីគ្នាឱ្យ បានកាន់តែខ្លាំងជាងពេលមុនៗ។ ក្រុមអាហ្សង់ទីនខ្លាំងហើយក៏ធ្លាប់បានបង្ហាញភាពខ្លាំងរបស់ខ្លួនពីមុនមករួចហើយដែរ។យើងមិនដែលស្ថិតក្នុងស្ថានភាពបែបនេះយូរមកហើយ។ឥឡូវនេះយើងត្រូវតែបង្ហាញថានេះគឺជាក្រុមបាល់ទាល់ដែលមិនអាចមើលងាយបានឡើយ»។
គួរជ្រាបថាក្រុមបាល់ទាត់អាហ្សង់ទីននៅសល់ការប្រកួតក្នុងពូល C ចំនួន ២ ប្រកួតទៀត ដែលមួយនឹងត្រូវប្រកួតទល់ជាមួយម៉ិកស៊ិកនៅថ្ងៃអាទិត្យហើយបន្ទាប់មកទៀតប៉ះប៉ូឡូញនៅថ្ងៃព្រហស្បតិ៍។
គួរជ្រាបដែរថា នេះគឺជាការចូលរួមប្រកួតបាល់ទាត់ពិភពលោកលើកទី៥ និងទំនងជាចុងក្រោយរបស់ Messi ហើយប្រជាជនអាហ្សង់ទីនបានដាក់ការរំពឹងខ្ពស់លើកីឡាកររូបនេះ។
ក្នុងនាមជាកីឡាករដ៏អស្ចារ្យបំផុតម្នាក់ក្នុងពិភពបាល់ទាត់នេះប្រហែលជាឱកាសចុងក្រោយរបស់Messiដែរក្នុងការលើកពានរង្វាន់បាល់ទាត់ដ៏អស្ចារ្យបំផុតដូចទៅនឹងអតីតតារាបាល់ទាត់អាហ្សង់ទីនលោកឌីអេហ្កេម៉ារ៉ាដូណា (Diego Maradona) បានធ្វើក្នុងឆ្នាំ ១៩៨៦៕