ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អាល្លឺ​ម៉ង់ ​នឹង​ចាប់​ផ្តើម​យុទ្ធនា​ការ​របស់​ខ្លួន​ ដើម្បី​ស្តារ​មុខ​មាត់​ក្នុង​ព្រឹត្តិការណ៍ World Cup នៅ​រាត្រី​​ថ្ងៃពុធ ទី​ ២៣ ខែ​វិច្ឆិកានេះ ក្រោយពី​​បាន​បង្ហាញពី​ទម្រង់​លេង​​ដ៏​អន់​កាលពីឆ្នាំ ​២០១៨ នៅ​ប្រទេស​រុស្ស៊ី ស្រ​បពេល​ដែលក្រុម​ជម្រើស​​ជាតិ​អេ​ស្ប៉ាញ និង​​ក្រូ​អាស៊ី ក៏​នឹង​ចាប់​ផ្តើម​យុទ្ធនាការ​របស់​ខ្លួន​​ផងដែរ ក្នុង​ប្រទេស​កាតា​។

ក្រោយពី​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​អា​រ៉ា​ប៊ី​សា​អ៊ូឌីត បាន​បំ​បាក់​មុខ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ របស់​តារាឆ្នើម Lionel Messi ដើម្បីធ្វើ​ឲ្យ​​ការ​មិនស្គាល់​ចាញ់​​ជាប់​ៗ​គ្នា​របស់​ក្រុម​ម្ចាស់​ជើង​ឯក​ប្រចាំ​តំបន់​អាមេរិក​ខាង​ត្បូង​មួយនេះ បញ្ចប់​ត្រឹម​ ៣៦​ ប្រកួត ក្រុម​ជម្រើស​ជាតិអាល្លឺម៉ង់ នឹង​​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ក្នុង​ការ​ប្រកួត​បើកឆាក​របស់​ពួកគេ​ជាមួយនឹងក្រុម​​ជម្រើស​ជាតិ ជប៉ុន ដែល​ជា​ជើងខ្លាំងមួយ​ទៀត​របស់​​អាស៊ី​។

ក្រុម​ជម្រើស​ជាតិ​ក្រូ​អាស៊ី ដែល​ជា​ម្ចាស់​ជើង​ឯក​រង​កាលពី ​៤ ​ឆ្នាំមុន នឹង​ត្រូវ​ប៉ះ​ជាមួយនឹងក្រុម​ជម្រើស​ជាត​ម៉ារ៉ុក ក្នុង​គូ​បើក​ឆាក នៅ​ថ្ងៃពុធ​នេះ ស្រ​បពេល​ដែល​អេ​ស្ប៉ាញ នឹង​ត្រូវ​ជួប​​ជា​មួយនឹង​ក្រុម​ជម្រើស​ជាតិកូស្តារី​កា នៅមុន​ពេល​បែលហ្ស៊ិក ជួប​ជាមួយនឹងក្រុម​ជើង​ខ្លាំង​កា​ណា ក្នុង​ការ​ប្រកួត​ចុងក្រោយ​។

ក្នុង​នាម​ជា​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក អាល្លឺ​ម៉ង់ បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​ចែកពូល ក្នុង​​​ប្រទេស​រុស្ស៊ី ដែល​ជា​ការ​ធ្លាក់​ចេញ​ដ៏លឿន​បំផុត​របស់​ពួក​គេ​ក្នុង​ព្រឹត្តិការណ៍ World Cup បើ​គិត​ចាប់​តាំងពីឆ្នាំ​ ១៩៣៨​។

ខ្សែ​បម្រើ Joshua Kimmich ដែល​លេង​ឲ្យ​​ក្លិប Bayern Munich បាន​ឲ្យដឹងថា៖ «យើង​ដឹង​ថា អ្វី​ដែល​បាន​កើត​ឡើង​កាលពី ​៤​ ឆ្នាំកន្លះ​មុន​ គឺ​ជាលទ្ធផល​ដ៏​អន់ ហេតុនេះ យើង​​មាន​ការ​រង់​ចាំ​យូរ​បន្តិច​។ ការ​ប្រកួត​ទី​១ ​​ពិត​ជា​សំខាន់​ណាស់​។​ យើង​បាន​ចាញ់​ការ​ប្រកួត​ទី​១​ របស់​យើង​ ក្នុង​ព្រឹត្តិ​ការណ៍ Euro ​ចុងក្រោយ​គេ ហើយ​យើង​មិន​បាន​ឈ្នះ​ពាន​ក្នុង​យុទ្ធនា​ការ​នេះ ហេតុនេះ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ឈ្នះ​»​។

ក្រុម​ម្ចាស់​ជើង​ឯក​ ៤ ​សម័យ​កាល​មួយនេះ មាន​កម្រិត​លេង​ដ៏រឹង​មាំ​ ប៉ុន្តែ មិន​មុតស្រួច​ជា​ពិសេស​ឡើយ ក្រោម​​ការ​ដឹកនាំ​របស់​លោ Hansi Flick, ដែល​បាន​ចូល​កាន់​តំណែង កាលពី​មុន បន្ទាប់​ពី​គ្រូបង្វឹក​ដែល​កាន់​តំណែង​បាន​យូរ​លោក Joachim Loew បាន​​លា​លែ​ងពី​តំណែង​។

ខ្សែ​ប្រយុទ្ធ​អន្តរជាតិ​អេ​ស្ប៉ាញ Marco Asensio (ឆ្វេង) និង​ខ្សែ​ប្រយុទ្ធ Dani Olmo ចូល​រួម​ហ្វឹក​ហាត់នៅទីលាន Qatar University ក្នុង​ទីក្រុង​ដូហា កាលពីថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ AFP

​ជាមួយ​គ្នានេះ ក្រុម​ជម្រើស​ជាតិ​អេ​ស្ប៉ាញសង្ឃឹម​ថា នឹង​បង្កើត​ឲ្យ​មាន​ផ្លូវ​រលូន​ជាង​យុទ្ធ​នា​​ការ​នៅ​​រុស្ស៊ី ដែលនៅ​ពេលនោះ​លោក Julen Lopetegui ត្រូវ​បាន​បណ្តេញ​ចេញ ត្រឹម​តែ​ ១ ​ថ្ងៃ មុន​ពេល​យុទ្ធនាការ​ចាប់​ផ្តើម​ ដោយ​សារ​តែ​​ទទួល​យក​ការ​ងារ​នៅក្លិប Real Madrid​។

ពួកគេ គឺ​ជា​ក្រុម​​ប្រជុំ​ដោយ​កីឡាករ​វ័យ​ក្មេង​បំផុត​លំ​ដាប់​ទី​៣​ ក្នុង​ព្រឹត្តិការណ៍​ World Cup នៅ​ពេលនេះ ស្រប​ពេល​ដែលលោក Luis Enrique បាន​ធ្លាក់​ការ​ជឿជាក់​លើ​កីឡាករវ័យ​ក្មេង​ឆ្នើម​ៗ ក្រោយពី​កីឡាករ​ជើង​ចាស់​មួយ​ចំនួន​ដូច​ជា Sergio Ramos មិន​បាន​ជាប់​ក្នុង​ក្រុម​ជម្រើស​ជាតិ​ពេលនេះឡើយ​។

លោក Enrique បាន​ឲ្យដឹងថា៖ «វា​ពិត​ជា​​មាន​ភាព​វិជ្ជ​មាន ពីព្រោះ​កីឡាករ​វ័យ​ក្មេង​ជាច្រើន​នាំ​យក​ថាមពល​ចូល​ក្នុងក្រុមនេះ​។ យើង​ព្យាយាម​​គ្រប់គ្រង លាយ​ឡំ​ជាមួយនឹង​បទពិសោធន៍​ដែលយើង​មាន​ក្នុង​នាម​ជា​បុគ្គលិក​»​​។

ដោយឡែក ពេល​វេលា​គឺ​ជិត​អស់ហើយ​សម្រាប់​ជំនាន់​មាស​របស់​ក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក ដែល​បានក្លាយ​ជា​សរសទ្រូង​ដ៏រឹង​មាំ​របស់ក្រុម​នេះ ​ដែល​បាន​បញ្ចប់​ក្នុង​ចំណាត់​ថ្នាក់​លេខ​៣ ក្នុង World Cup លើក​មុន៕ AFP

(ពីឆ្វេងទៅស្តាំ) ខ្សែ​បម្រើ Yannick Carrasco (ខាង​ក្រោយ) Kevin De Bruyne, Axel Witsel និង Amadou Onana របស់​បែលហ្ស៊ិក ចូលរួម​ហ្វឹកហាត់ កាលពីថ្ងៃទី​២២ ខែ​វិច្ឆិកា ឆ្នាំ​២០២២។ AFP

កម្មវិធី​ប្រកួតនៅថ្ងៃពុធនេះ៖

Morocco v Croatia ម៉ោង 5 ល្ងាច

Germany v Japan ម៉ោង 8 យប់

Spain v Costa Rica ម៉ោង 11 យប់

Belgium v Canada ម៉ោង 2 ទៀប​ភ្លឺ