
ក្រុមកីឡាករ កីឡាការិនីជម្រើសជាតិ វ៉ូវីណាមក្នុងពិធី កាលពីថ្ងៃទី ២២ វិច្ឆិកា។ ឈន ណន
ភ្នំពេញៈ ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បានប្រាប់ទៅកីឡាករ កីឡាការិនីជម្រើសជាតិ ដែលទើបបានបញ្ចប់ការប្រកួត នៅក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ ឱ្យព្យាយាមពង្រឹងចំណុចខ្វះខាតរបស់ខ្លួន គឺធ្វើយ៉ាងណាឱ្យមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីប្រជែងយកមេដាយមាសចំនួន៩ពីការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ទៅតាមអ្វីដែលសហព័ន្ធ បានសន្យាជាមួយរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការដាក់សម្ទុះមេដាយមាសរបស់គណៈកម្មាធិការជាតិ CAMSOC។
លោក អ៊ូ រតនា បានឱ្យដឹងថា សារៈសំខាន់នៃការប្រកួតកីឡាជាតិ លើកទី៣ នេះ គឺបានបង្កើននៅសមត្ថភាពកីឡាករ កីឡាការិនី អាជ្ញាកណ្តាលចៅក្រម និងមន្រ្តីបច្ចេកទេសកីឡាវ៉ូវីណាមកម្ពុជា ដើម្បីត្រៀមការប្រកួតសំខាន់ៗ នាពេលខាងមុខ ជាពិសេសធ្វើជាស្ពាន សម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ ដែលយើងធ្វើជាម្ចាស់ផ្ទះ នៅក្នុងខែមីនា ឆ្នាំ ២០២៣ និងសម្រាប់ចូលរួមការប្រកួតស៊ីហ្គេម ដែលធ្វើនៅខែឧសភា ឆ្នាំ ២០២៣។
នៅក្នុងពិធីបិទការប្រកួតកីឡាវ៉ូវីណាម ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិ កាលពីល្ងាចថ្ងៃទី ២២ ខែវិច្ឆិកា លោក អ៊ូ រតនា បានធ្វើការវាយតម្លៃខ្ពស់ ទៅលើការខិតខំប្រឹងប្រែងរបស់មន្រ្តីបច្ចេកទេស ជាពិសេសកីឡាករ កីឡាការិនី ដែលបានប្រឹងប្រែង និងយកចិត្តទុកដាក់ប្រកួតប្រជែងគ្នា ដើម្បីទទួលបានលទ្ធផលជារួមដ៏ល្អមួយ ប៉ុន្តែលោកបានមើលឃើញថា ក្រុមជម្រើសជាតិ នៅមានចំណុចខ្វះខាត ដែលត្រូវធ្វើការពង្រឹងបន្ថែម។
លោកបានថ្លែងថា៖ «តាមរយៈការប្រកួត ៤ ថ្ងៃមកនេះ ឃើញថា យើងទទួលបានលទ្ធផលល្អប្រសើរ ប៉ុន្តែខ្ញុំក៏នៅតែសង្កេតឃើញពីចំណុចខ្វះខាតមួយចំនួន ជាពិសេសកីឡាករ កីឡាការិនីជម្រើសជាតិ ដែលត្រូវតែពង្រឹងបន្ថែមនូវកម្លាំង និងបច្ចេកទេស។ ជាក់ស្តែងវិញ្ញាសាប្រយុទ្ធបើយើងដឹងថា យើងត្រូវប្រកួតលើប្រភេទគីឡូណាហើយ សូមត្រៀមខ្លួនឱ្យបានត្រឹមត្រូវ យើងមិនត្រូវការអត្តពលិកម្នាក់ ដែលដល់ប្រកួត ទើបចាប់ផ្តើមសម្រក់ទម្ងន់នោះទេ ព្រោះវាធ្វើឱ្យបាក់កម្លាំង ដូច្នេះនៅពេលប្រកួត យើងអាចចាញ់គូប្រកួត ទោះបីជាយើងមានបច្ចេកទេសល្អក៏ដោយ»។
ជាមួយគ្នានោះ លោក អ៊ូ រតនា បានប្រាប់ទៅកីឡាករ កីឡាការិនី មិនមែនជាជម្រើសជាតិ សូមកុំទាន់អស់សង្ឃឹម។ ផ្ទុយទៅវិញពួកគេ ត្រូវព្យាយាមពង្រឹងសមត្ថភាពថែមទៀត ដើម្បីប្រជែងយកកៅអីជម្រើសជាតិនេះ ដោយលោកបានអះអាងថា រៀមច្បងរបស់យើង ជាជម្រើសជាតិ ក៏នឹងត្រូវធ្វើការផ្លាស់ប្តូរ ហើយដាក់ប្អូនៗ ដែលមានសមត្ថភាពល្អៗចូលជំនួសផងដែរ បើសិនជាគណៈកម្មការបច្ចេកទេស ជាពិសេសលោកគ្រូ អ្នកគ្រូ មើលឃើញថា អ្នកនោះមានសមត្ថភាពធ្លាក់ចុះ និងធ្វើមិនបានល្អសម្រាប់ការប្រកួតនានា។
លោក រតនា បានបញ្ជាក់ថា៖ «ទោះអ្នកនៅក្នុងក្រុមជម្រើសជាតិក៏ដោយ ប៉ុន្តែបើប្អូនធ្វើមិនល្អ សហព័ន្ធ នឹងធ្វើការប្រជុំជាមួយគ្រូ និងគណៈកម្មការបច្ចេកទេស ដើម្បីធ្វើការផ្លាស់ប្តូរ។ អាហ្នឹង ខ្ញុំសូមបញ្ជាក់ និងប្រាប់ទុកជាមុន ហេតុនេះយើងត្រូវតែប្រឹងទាំងអស់គ្នា ព្រោះស៊ីហ្គេម ឆ្នាំ ២០២៣ នៅសល់ពេលជាង ១០០ ថ្ងៃទៀតទេ»។
បន្ថែមលើនេះ លោក រតនា ក៏បានក្រើនរំឭកទៅដល់អ្នកឈ្នះមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាជាតិនេះ ជាពិសេសអ្នកឈ្នះមេដាយមាស លើប្រភេទកីឡាវ៉ូវីណាម នៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ ២០២១ នៅប្រទេសវៀតណាម កាលពីខែឧសភា ឆ្នាំ ២០២២ សូមកុំមានអំនួតទៅនឹងជ័យជម្នះនោះ ហើយភ្លេចពង្រឹងសមត្ថភាពបន្ថែម នាំឱ្យពួកគេ ជួបការបរាជ័យវិញ សម្រាប់ស៊ីហ្គេម ឆ្នាំ ២០២៣ នៅលើទឹកដីខ្លួនឯង នាំឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា មិនអាចសម្រេចគោលដៅ ក្នុងការដណ្តើមបានមេដាយមាសចំនួន ៩ ទៅតាមការដាក់សម្ទុះរបស់ CAMSOC។
លោកបានសង្កត់ធ្ងន់ថា៖ «សូមកុំរំភើបនឹងជ័យជម្នះរហូតភ្លេចខ្លួន ធ្វើឱ្យខ្លួនឯងបរាជ័យវិញ អ៊ីចឹងអ្វីដែលប្អូនៗទទួលបានជ័យជម្នះនៅថ្ងៃនេះ និងទទួលជ័យជម្នះពីស៊ីហ្គេមនៅវៀតណាម គឺត្រូវតែខំប្រឹងបន្ថែមទៀត ចំណែកការហ្វឹកហាត់ ត្រូវតែមានការបង្កើន ដើម្បីយើងទាមទារយកមេដាយមាសជូនជាតិឱ្យបាន នៅឆ្នាំ ២០២៣ ព្រោះក្នុងនាមជាសហព័ន្ធនិងគណៈកម្មាធិការប្រតិបត្តិទាំងអស់គឺយើងសន្យាជាមួយរាជរដ្ឋាភិបាលថា យើងយកមេដាយមាសចំនួន៩ឱ្យបាន ដើម្បីមុខមាត់ជាតិមាតុភូមិយើង»។
សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ឆ្នាំ ២០២៣ នេះ ប្រភេទកីឡាវ៉ូវីណាមកម្ពុជា មានការប្រកួតប្រជែង នៅលើវិញ្ញាសាចំនួន ២០ ហើយជាលទ្ធផល សមាគមកីឡាវ៉ូវីណាមក្រសួងការពារជាតិ ឈរនៅលេខ១ ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ គឺមេដាយមាស ៨ ប្រាក់ ២ និងសំរឹទ្ធ១ រីឯក្រសួងមហាផ្ទៃ ឈរនៅលេខ ២ ដោយឈ្នះមេដាយមាស ៧ ប្រាក់ ៤ និងសំរឹទ្ធ ៤ លេខ ៣ ខេត្តស្វាយរៀង ដណ្តើមបានមេដាយមាស ៣ ប្រាក់ ៦ សំរឹទ្ធ ១។
ចំណែកចំណាត់ថ្នាក់លេខ ៤ ខេត្តព្រៃវែង បានមេដាយមាស ២ ប្រាក់ ៦ និងសំរឹទ្ធ ២, លេខ ៥ ខេត្តប៉ៃលិន បានមេដាយប្រាក់ ២ និងសំរឹទ្ធ ៤, លេខ ៦ ខេត្តកំពង់ស្ពឺ បានមេដាយមាស ១ និងសំរឹទ្ធ ៣ ហើយចំណាត់ថ្នាក់ទី៧ និងទី៨ បានទៅខេត្តត្បូងឃ្មុំ និងរាជធានីភ្នំពេញ ដោយបានមេដាយសំរឹទ្ធចំនួន ៣ ដូចគ្នា។
ជាមួយលទ្ធផលនេះ ម្ចាស់មេដាយមាសស៊ីហ្គេម នៅប្រទេសវៀតណាម កីឡាករ អេ វីរៈខាំឈិតភូថង ដែលគេស្គាល់ថាជា ម៉ឺន មេឃា នោះ នៅតែអាចដណ្តើមបានមេដាយមាស នៅលើប្រភេទទម្ងន់របស់ខ្លួនដដែល ក្នុងការប្រកួតកីឡាជាតិនេះ។ តែទោះបីជាយ៉ាងណា មេឃា បានទទួលស្គាល់ថា សមត្ថភាពរបស់គេ នៅមានចំណុចខ្វះខាត ដែលត្រូវពង្រឹងបន្ថែម ទើបអាចឈានទៅរកការឈ្នះបានមេដាយមាស ស៊ីហ្គេម ឆ្នាំ ២០២ ៣ម្តងទៀត។
កូនប្រុសរបស់លោក អេ ភូថង កីឡាករ ម៉ឺន មេឃា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខ្ញុំគិតថា ខ្ញុំនៅមានចំណុចខ្វះខាតច្រើនលើបច្ចេកទេស ហើយបច្ចុប្បន្ន ខ្ញុំកំពុងខិតខំហ្វឹកហាត់បំពេញបន្ថែម ដើម្បីដណ្តើមមេដាយជូនជាតិយើង។ទោះបីជាយើងមានបទិសោធច្រើនក៏ដោយ ក៏យើងត្រូវខំប្រឹងហ្វឹកហាត់យកបច្ចេកទេស ឱ្យលើសជាងការប្រកួតស៊ីហ្គេម នៅវៀតណាម ទៅទៀត។ ចំណែកមិត្តរួមក្រុមរបស់ខ្ញុំ ឃើញថា ពួកគាត់ បានប្រឹងប្រែងហ្វឹកហាត់ណាស់ ហើយបើពួកគាត់ ខំប្រឹងថែមទៀតពេលប្រកួត ខ្ញុំគិតថា ពួកយើងនឹងអាចដណ្តើមបានមេដាយមាសចំនួន៩ តាមការដាក់សម្ទុះ ឬក៏អាចបានច្រើនជាងនេះ»៕