
ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Takuma Asano (ស្តាំ) អបអរជាមួយនឹងមិត្តរួមក្រុម ក្រោយពីរកបានគ្រាប់បាល់ទី២ របស់ក្រុមខ្លួន អំឡុងការប្រកួតជាមួយនឹងអាល្លឺម៉ង់ ក្នុង World Cup ពូល E។ AFP
ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន បានបំពេញការវាយបកដ៏មិននឹកស្មានដល់ដើម្បីផ្តល់ការឈឺចាប់នៅថ្ងៃបើកឆាកនៃយុទ្ធនាការ World Cup ដល់ក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ តាមរយៈការយកឈ្នះក្នុងលទ្ធផល ២-១ កាលពីថ្ងៃពុធ ក្រោយពីក្រុមម្ចាស់ជើងឯកពិភពលោក ៤ សម័យកាលមួយនេះ បានធ្វើការតវ៉ាប្រឆាំងនឹងការបដិសេធរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA លើករណីពាក់បូរឥន្ធនូរត្រង់ដៃរបស់ពួកគេ។
ស្របពេលជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ បានលត់ក្រុមជម្រើសជាតិកូស្តារីកា យ៉ាងចាស់ដៃ។
នៅថ្ងៃដដែល ដែលជាថ្ងៃទី៤ នៃយុទ្ធនាការ World Cup នៅប្រទេសកាតា ក្រុមជម្រើសជាតិបែលហ្ស៊ិក បានយកឈ្នះលើក្រុមជើងថ្មី កាណាដា ទាំងលំបាកក្នុងលទ្ធផល ១-០ ស្របពេលដែលក្រុមម្ចាស់ជើងឯករងឆ្នាំ ២០១៨ ក្រូអាស៊ី បានបញ្ចប់ត្រឹមលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិម៉ារ៉ុក។
នៅមុនពេលការប្រកួតពូល E រវាងក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ និងជប៉ុន ក្នុងទីក្រុងដូហា មានការជជែងគ្នាយ៉ាងតឹងសរសៃកថា តើប្រធានក្រុមនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ Manuel Neuer នឹងពាក់បូររុំដៃសរសេរថា «One Love» ដែលត្រូវបានចាត់ទុកថា ជានិមិត្តសញ្ញាតំណាងពីការប្រឆាំងនឹងច្បាប់ហាមមិនឲ្យស្រឡាញ់ភេទដូចគ្នារបស់កាតា។
ប្រទេសចំនួន ៧ ក្នុងនោះរាប់បញ្ចូលទាំងអង់គ្លេស និងអាល្លឺម៉ង់ ផងដែរ បានបោះបង់ផែនការក្នុងការពាក់បូររុំដៃនោះ ដោយសារតែ FIFA ព្រមានការចាត់វិធានការផ្នែកវិន័យ។
ក្រុមអាល្លឺម៉ង់របស់លោក Hansi Flick ទំនងដូចជាស្ថិតលើផ្លូវនៃការដណ្តើមបានជ័យជម្នះទៅហើយ ក្រោយពីរកបានគ្រាប់បាល់នាំមុខមុន តាមរយៈគ្រាប់បាល់ប៉េណាល់ទីនៅតង់ទី១ ពីខ្សែបម្រើ Ilkay Gundogan។
ប៉ុន្តែ ខ្សែបម្រើអន្តរជាតិជប៉ុន Ritsu Doan ដែលចូលលេងក្នុងនាមជាកីឡាករបម្រុង បានរកគ្រាប់បាល់តាមស្មើវិញនៅតង់ទី២ ហើយគ្រាប់បាល់ស៊ុតបញ្ចូលទីពី Takuma Asano បានជួយឲ្យក្រុមមានរហស្សនាមថា Blue Samurai មួយនេះ ដណ្តើមបានជ័យជម្នះដ៏ល្បីល្បាញតែម្តង។

ខ្សែប្រយុទ្ធអន្តរជាតិអេស្ប៉ាញ Ferran Torres (ស្តាំ) ស៊ុតបាល់បញ្ចូលទីគ្រាប់បាល់ទី៤ របស់ក្រុមខ្លួន ក្នុងការប្រកួត World Cup ពូល E រវាក្រុមអេស្ប៉ាញ និងកូស្តារីកា។ AFP
ស្របពេលជាមួយគ្នានេះ លោក Luis Enrique ជឿជាក់ថា ការស្រេកឃ្លានរបស់ជម្រើសជាតិអេស្ប៉ាញ នឹងកើនឡើង ក្រោយពីពួកគេបានកត់ត្រាជ័យជម្នះដ៏ធំបំផុតក្នុងយុទ្ធនាការ World Cup តាមរយៈការផ្តួលក្រុមបាល់ទាត់ជម្រើសជាតិកូស្តារីកា ក្នុងលទ្ធផល ៧-០។ កំណត់ត្រាកាលពីមុនរបស់អេស្ប៉ាញ គឺការយកឈ្នះលើក្រុមជម្រើសជាតិប៊ុលហ្គារី ក្នុងលទ្ធផល ៦-១ ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំ១៩៩៨ ដែលនៅពេលនោះ លោក Luis Enrique ក៏បានស៊ុតបញ្ចូលទីឲ្យអេស្ប៉ាញផងដែរ ក្នុងពេលស្ថិតជាកីឡាករ។
លោក Luis Enrique បានប្រាប់អ្នកយកព័ត៌មាន៖ «ខ្ញុំមានភាពច្បាស់លាស់ថា យើងនឹងលេងការប្រកួតបន្ទាប់ជាមួយនឹងស្មារតីដូចគ្នា»៕ AFP