
ខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីល (ស្តាំ) ត្រូវបានរារាំងដោយខ្សែប្រយុទ្ធអន្តរជាតិស៊ែប៊ី Dusan Tadic អំឡុងការប្រកួត World Cup ឆ្នាំ ២០១៨ រវាងក្រុមជម្រើសជាតិប្រេស៊ីល និងស៊ែប៊ី។ AFP
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ដែលជាក្រុមមានក្តីសង្ឃឹមខ្ពស់លើការលើកពាន នឹងចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ ដើម្បីប្រជែងដណ្តើមពាន World Cup ជាលើកទី៦ នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី ២៤ ខែវិច្ឆិកានេះ នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី ស្របពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo សង្ឃឹមថា នឹងទុករឿងរ៉ាវនៃការចាកចេញរបស់គេពីក្លិប Manchester United មួយឡែក ក្នុងពេលក្រុមជម្រើសជាតិព័រទុយហ្គាល់ ប្រកួតជាមួយនឹងក្រុមជម្រើសជាតិហ្គាណា។
ប្រេស៊ីល ដឹងយ៉ាងច្បាស់ពីភាពមុតស្រួចរបស់ក្រុមជម្រើសជាតិស៊ែប៊ី នៅពេលដែលក្រុមទាំង ២ ជួបគ្នានៅកីឡដ្ឋាន Lusail ជាពិសេស ក្រោយពីបានឃើញក្រុមជម្រើសជាតិអាហ្សង់ទីន រងបរាជ័យដ៏មិននឹកស្មានដល់ដល់ក្នុងពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិអារ៉ាប៊ី សាអ៊ូឌីត កាលពីថ្ងៃអង្គារ ទី ២២ ខែវិច្ឆិកា នៅលើទីលានដូចគ្នានេះ ហើយក្រុមជម្រើសជាតិអាល្លឺម៉ង់ បានរងបរាជ័យក្រោមស្នាដៃជប៉ុន កាលពីថ្ងៃពុធ។
ក្រុមជម្រើសជាតិប្រេស៊ីល បានធ្វើដំណើរទៅដល់ប្រទេសកាតា ដោយសង្ឃឹមថា អាចដណ្តើមបានលទ្ធផលដូចទៅនឹងព្រឹត្តិការណ៍ World Cup លើកចុងក្រោយ ដែលត្រូវបានរៀបចំឡើងនៅតំបន់អាស៊ី កាលពី ២ ទសវត្សរ៍មុន ដែលនៅពេលនោះ ពួកគេបានឈ្នះពានជាលើកទី៥ របស់គេ នៅក្នុងប្រទេសជប៉ុន។
ក្រុមប្រេស៊ីលរបស់លោក Tite អាចនឹងដាក់ក្តីសង្ឃឹមលើ Neymar ដែលកំពុងតែស្ថិតក្នុងទម្រង់លេងយ៉ាងល្អ សម្រាប់ក្លិប Paris Saint-Germain ប៉ុន្តែកីឡាករដែលមានតម្លៃខ្លួនខ្ពស់ជាងគេបំផុតរូបនេះ ក៏មានមិត្តរួមក្រុមជាខ្សែប្រយុទ្ធឆ្នើមៗ ដែលត្រៀមខ្លួនដើម្បីចែករំលែកបន្ទុកផងដែរ ដូចជាតារាឆ្នើម Vinicius Junior និង Rodrygo របស់ក្លិប Real Madrid ជាដើម។
ខ្សែការពារជើងចាស់ Thiago Silva ដែលជាប្រធានក្រុមរបស់ប្រេស៊ីល បានឲ្យដឹងថា៖ «បើតាមមតិខ្ញុំ កីឡាករទាំងនេះ នឹងជួយដល់ Neymar ពីព្រោះពួកគេអាចបែងចែកការទទួលខុសត្រូវ និងបង្កើតឲ្យមានចន្លោះសម្រាប់រូបគេ។ បរិយាកាសក្នុងក្រុមនេះ ពិតជាស្ថិតក្នុងកម្រិតដ៏ល្អ។ ការរួមបញ្ចូលគ្នារវាងកីឡាករវ័យក្មេង និងកីឡាករដែលមានបទសោធន៍ច្រើន បង្កើតឲ្យមានភាពស៊ីសង្វាក់គ្នាដ៏អស្ចារ្យ»។
ប៉ុន្តែក្រុមជម្រើសជាតិស៊ែប៊ី មិនបានឆ្លងផុតវគ្គចែកពូលរបស់ពួកគេឡើយ កាលពី ៤ ឆ្នាំមុន ក្រោយពីរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិប្រេស៊ី ក្នុងលទ្ធផល ២-០ ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ។
ប៉ុន្តែទោះបីជាយ៉ាងណា ពួកគេគឺជាគូប្រកួតដែលអាចផ្តល់គ្រោះថ្នាក់ ក្នុងប្រទេសកាតា ក្រោយពីបានបញ្ចប់ក្នុងការប្រកួតជម្រុះដោយឈរលើកំពូលតារាង ពោលគឺឈរពីលើក្រុមជម្រើសជាតិព័រទុយហ្គាល់ទៀត ហើយពួកគេក៏ទើបតែបានឈ្នះការប្រកួតក្នុងយុទ្ធនាការ UEFA Nations League របស់ពួកគេផងដែរ។
លោក Stojkovic ដែលត្រូវបានតែងតាំងកាលពីខែកុម្ភៈ ឆ្នាំមុន ដើម្បីជំនួសកន្លែងរបស់លោក LjubisaTumbakovic ក្រោយពីស៊ែប៊ី មិនបានឈ្នះកៅអីទៅលេង Euro ឆ្នាំ ២០២០ លោក Dragan Stojkovic គ្រូបង្វឹករបស់ក្រុមស៊ែប៊ី បានបញ្ជាក់ថា៖ «យើងមិនខ្លាចក្រុមណាឡើយ សូម្បីតែប្រេស៊ីល។ យើងមិនត្រូវខ្លាចនោះឡើយ»។

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo ចូលរួមការហ្វឹកហាត់ នៅកីឡដ្ឋាន Al Shahania SC កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP
ស្របពេលជាមួយគ្នានេះ ក្រុមបាល់ទាត់ជម្រើសជាតិស្វ៊ីស និងកាមេរូន ក៏ចាប់ផ្តើមការប្រកួតរបស់ខ្លួន នៅរាត្រីនេះផងដែរ នាកីឡដ្ឋាន Al Janoub។ ខ្សែបម្រើ Granit Xhaka ដែលជាប្រធានក្រុមរបស់ស្វ៊ីស បានបញ្ជាក់ថា ក្រុមរបស់គេ នឹងមិនធ្វើការតវ៉ាដូចអាល្លឺម៉ង់ ដើម្បីប្រឆាំងនឹងជំហរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ជុំវិញបូររុំដៃពណ៌ឥន្ទធនូ ឡើយ។
ក្រុមជម្រើសជាតិព័រទុយហ្គាល់ និងហ្គាណា ស្ថិតក្នុងពូល H រួមជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ និងកូរ៉េខាងត្បូង ដែលក៏នឹងត្រូវជួបគ្នានៅរាត្រីនេះផងដែរ។
តារាឆ្នើម Son Heung-min នឹងចូលលេងឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូង បើទោះបីពាក់របាំងមុខការងារ ក្រោយពីមានបញ្ហារបួសលើផ្ទៃមុខក៏ដោយ៕ AFP
កម្មវិធីប្រកួតនៅថ្ងៃនេះ៖
ស្វ៊ីស v កាមេរូន ម៉ោង ៥ ល្ងាច
អ៊ុយរូហ្គាយ v កូរ៉េខាងត្បូង ម៉ោង ៨ យប់
ព័រទុយហ្គាល់ v ហ្គាណា ម៉ោង ១១ យប់
ប្រេស៊ីល v ស៊ែប៊ី ម៉ោង ២ ទៀបភ្លឺ