ភ្នំពេញៈ ពាក្យថា «ខ្មែរធ្វើបាន» ត្រូវបានប្រធានសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា លោក មាស សារិន លើកយកមកនិយាយ ដើម្បីពញ្ញាក់ស្មារតីដល់កីឡាករ កីឡាការិនីជម្រើសជាតិសីដក់ ត្រូវយកខ្លឹមសារ និងអត្ថន័យនៃពាក្យនេះ ដើម្បីជំរុញខ្លួនឯង ឱ្យខិតខំប្រឹងប្រែងពង្រឹងសមត្ថភាពថែមទៀត ដើម្បីឈានទៅទទួលបានបានជោគជ័យ សម្រាប់ការប្រកួតប្រជែងនៅស៊ីហ្គេមឆ្នាំ ២០២៣។
លោក មាស សារិន បានថ្លែងថា៖ «ជាការពិតណាស់ ការប្រកួតកីឡាសីដក់ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ រយៈពេល ៤ ថ្ងៃកន្លងមកនេះ គឺជាការផ្តល់ឱកាសឱ្យកីឡាករ កីឡាការិនី បានបញ្ចេញនូវទេពកោសល្យ សមត្ថភាព ក៏ដូចជាវាស់ស្ទង់សមត្ថភាពបច្ចេកទេស ដែលកីឡាករ កីឡាការិនីម្នាក់ៗ បានហ្វឹកហាត់កន្លងមក និងជាដំណើរឆ្ពោះទៅកាន់ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ»។
ជាមួយគ្នានេះ លោក មាស សារិន បានចាត់ទុក កីឡាករ កីឡាការិនី ដែលទទួលបានជ័យជម្នះ និងដណ្តើមបានមេដាយ ពីការប្រកួតកីឡាសីដក់ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ ២០២២ ដែលទើបបានបញ្ចប់ជាផ្លូវការ កាលពីថ្ងៃទី ២២ ខែវិច្ឆិកាថា ជាសមិទ្ធផលថ្មី ដែលកើតចេញពីការខិតខំហ្វឹកហាត់ និងប្រកួតប្រជែងគ្នា ប្រកបដោយភាពអំណត់ និងគោរពបាននូវបទបញ្ជាប្រកួតបានល្អ។
ប្រធានសហព័ន្ធរូបនេះ បានបន្ថែមថា៖ «លទ្ធផលរបស់កីឡាករ កីឡាការិនី ដែលទទួលបានជយលាភី នាពេលនេះ ពិតជាបានមកដោយការខិតខំហ្វឹកហាត់ជាប្រចាំ ការតស៊ូ ព្យាយាមគោរពវិន័យបានល្អ យកចិត្តទុកដាក់ និងគោរពបានតាមបទបញ្ជាបច្ចេកទេស នៅក្នុងការប្រកួត។ ជាមួយគ្នានេះ ក៏ជាឱកាសក្នុងការផ្តល់ជូនគណៈកម្មការរៀបចំការប្រកួតបានដកស្រង់ និងពង្រីកបទពិសោធន៍ ដើម្បីធ្វើឱ្យការរៀបចំ ការប្រកួតកាន់តែមានភាពទាក់ទាញដល់ទស្សនិកជនឱ្យជួយគាំទ្រ និងលើកទឹកចិត្តដល់ក្មួយៗកីឡាករ កីឡាការិនីបន្ថែមទៀត»។
ជាមួយគ្នានេះ លោក មាស សារិន ដែលជាទីប្រឹក្សារបស់ប្រធានព្រឹទ្ធសភា លោក សាយ ឈុំ ផងនោះ បានទាញយកពាក្យ «ខ្មែរធ្វើបាន» ដែលទើបតែត្រូវបានបង្កើតឡើង ក្នុងសម័យនេះ ដើម្បីជាការរំញោចស្មារតី ដល់កីឡាករ កីឡាការិនីជម្រើសជាតិសីដក់ ឱ្យខំពង្រឹងសមត្ថភាព និងដាក់ចិត្ត ធ្វើយ៉ាងណាឱ្យដណ្តើមបានមេដាយមាស នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ ២០២៣។
លោក មាស សារិន បានបញ្ជាក់ថា៖ «ក្នុងព្រឹត្តិការណ៍ថ្មី គឺការធ្វើម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន បានធ្វើឱ្យកម្ពុជា មានភាពល្បីរន្ទឺ កក្រើក និងមានការកោតសរសើរពីអន្តរជាតិជាច្រើន ដែលប្រទេសយើងតូច ប៉ុន្តែយើងមានសមត្ថភាព ហើយត្រូវនឹងពាក្យថា «ខ្មែរធ្វើបាន»។ អ៊ីចឹងកីឡាករ កីឡាការិនីសីដក់ និងឈិនឡូន ក៏ដូចគ្នា ខ្មែរធ្វើបាន ក្មួយៗក៏ធ្វើបាន ហេតុនេះសង្ឃឹមក្មួយៗ នឹងទទួលបានលទ្ធផលជោគជ័យ នៅស៊ីហ្គេម ឆ្នាំ២០២៣ ជាមិនខាន»។
យ៉ាងណាក៏ដោយ ដើម្បីត្រៀមការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ នេះ សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា ក៏នឹងបញ្ចូនក្រុមជម្រើសជាតិរបស់ខ្លួន ទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសមីយ៉ាន់ម៉ាផងដែរ ព្រោះមីយ៉ាន់ម៉ា ជាម្ចាស់ដើមនៃប្រភេទកីឡាឈិនឡូន ហើយកម្ពុជា ក៏ធ្លាប់ដណ្តើមបានមេដាយមាស លើវិញ្ញាសានេះ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី២៨ ឆ្នាំ ២០១៥ នៅសិង្ហបុរី ផងដែរ។
អ្នកជំនាញកីឡាវ័យចំណាស់ លោក មាស សារិន បាននិយាយថា៖ «បន្ទាប់ពីការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣នេះ យើងនៅមានការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិទៀត ហើយប្រកួតជើងឯកថ្នាក់ជាតិចប់ ត្រូវឡើងយន្តហោះទៅហ្វឹកហាត់នៅប្រទេសមីយ៉ាន់ម៉ា រយៈពេលពី ៤ ទៅ ៥ ខែ។ អ៊ីចឹងជាកិត្តិយសរបស់ក្មួយៗណាស់។ ក្មួយៗតំណាងឱ្យកម្ពុជា ក្នុងវិស័យកីឡាសីដក់ មានតែក្មួយៗទាំងអស់ហ្នឹងហើយ ដែលជាតំណាងកម្ពុជាពិតប្រាកដ»។
ជាមួយផែនការឈានទៅទទួលបានជោគជ័យ សម្រាប់ការប្រកួតនៅស៊ីហ្គេម ឆ្នាំ២០២៣ ព្រមទាំងការធ្វើឱ្យវិស័យកីឡាសីដក់ និងឈិនឡូនកម្ពុជា កាន់តែមានការរីកចម្រើន លោក មាស សារិន ក៏បានផ្តល់ជាអនុសាសន៍ ៥ចំណុចឱ្យអ្នកក្រោមឱវាទ យកទៅអនុវត្ត គឺទី១ ត្រូវខិតខំបណ្តុះបណ្តាលថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ កីឡាការិនី នៅតាមក្លិប សមាគមកីឡាសីដក់ឱ្យបានទូលំទូលាយ។ ទី២ ត្រូវពង្រឹកសមត្ថភាពអាជ្ញាកណ្តាល ចៅក្រម ឱ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព។
នៅក្នុងចំណុចទី២នេះ លោក មាស សារិន បានបញ្ជាក់ថា៖«យើងនៅមានការបណ្តុះបណ្តាលវគ្គអាជ្ញាកណ្តាល ១ វគ្គទៀត ដែលយើងត្រៀមអញ្ជើញគ្រូឧទ្ទេសអន្តរជាតិមកដឹកនាំ ដល់វគ្គបណ្តុះបណ្តាលនោះ ដើម្បីត្រៀមធ្វើជាអាជ្ញាកណ្តាលស៊ីហ្គេម នៅឆ្នាំ ២០២៣»។
ចំណែកចំណុចទី៣ ត្រូវជំរុញឱ្យមានការប្រកួតឱ្យបានច្រើន និងធ្វើការហ្វឹកហាត់ជាប្រចាំ នៅតាមបណ្តាក្លិប សមាគម។ រីឯទី៤ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ ឬក្លិប សមាគម ទូទាំងប្រទេស ហើយទី៥ ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍន៍បន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឱ្យបានច្រើន ក្នុង ១ ឆ្នាំៗ តាមដែលអាចធ្វើទៅបាន។
សម្រាប់ការប្រកួតកីឡាជាតិ លើកទី៣ ឆ្នាំ ២០២៣ នេះ ប្រភេទកីឡាសីដក់ និងឈិនឡូនកម្ពុជា មានប្រតិភូកីឡាចំនួន ៧៣ នាក់ចូលរួម ក្នុងនោះមានកីឡាករ ៤៣ នាក់ កីឡាការិនី ១២ នាក់ ហើយពួកគេត្រូវប្រកួតតំណាងឱ្យក្លិប សមាគមចំនួន ៦។
ជាលទ្ធផលនៃការប្រកួត ដែលមានត្រឹម៣វិញ្ញាសានេះ ក្រុមក្រសួងការពារជាតិ បានឈ្នះមេដាយមាសទាំង ៣ ដើម្បីឈរនៅលេខ ១ រីឯក្រសួងមហាផ្ទៃ ឈរនៅលេខ ២ ដោយបានមេដាយប្រាក់ ១ សំរឹទ្ធ ២ ចំណែកខេត្តកំពង់ចាម និងខេត្តឧត្តរមានជ័យ ឈ្នះបានមេដាយប្រាក់ ១ ដូចគ្នា ហើយខេត្តព្រៃវែង បានមេដាយសំរឹទ្ធ ១ ប៉ុន្តែខេត្តព្រះវិហារ មិនបានមេដាយទេ៕