ភ្នំពេញៈលោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ បានវាយតម្លៃខ្ពស់ និងបានចាត់ទុកការប្រកួតកីឡាតេក្វាន់ដូ (WT) ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ និងកីឡាជនពិការ លើកទី ១ ឆ្នាំ២០២២នេះថា បានប្រព្រឹត្តទៅដោយរលូន និងបានបញ្ចប់ដោយជោគជ័យកាលពីព្រឹកថ្ងៃទី ២៧ ខែវិច្ឆិកា។
យ៉ាងណាក៏ដោយលោក ហង់ជួន ណារ៉ុន បានបញ្ជាក់ដោយសំឡេងធ្ងន់ៗ ក្នុងការជំរុញ និងលើកទឹកចិត្ត ឱ្យគ្រប់ផ្នែកទាំងអស់ ជាពិសេសកីឡាករ កីឡាការិនីទាំងអ្នកដណ្តើមបានជយលាភី និងអ្នកមិនបានមេដាយ នៅក្នុងការប្រកួតកីឡាជាតិ លើកទី៣នេះ ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ ពង្រឹងសមត្ថភាព និងបច្ចេកទេស ឱ្យបានកាន់តែខ្លាំង និងល្អថែមទៀត ដើម្បីឈានទៅកាន់ការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ ជាប្រវត្តិសាស្រ្តលើកដំបូង។
លោករដ្ឋមន្ត្រីអប់រំបានថ្លែងថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ ចំពោះខេមរសហព័ន្ធតេក្វាន់ដូ ព្រមទាំងលោកគ្រូ ឆយ យ៉ុងសុក ក៏ដូចជាគ្រូបង្វឹក អាជ្ញាកណ្តាល និងចៅក្រមទាំងអស់ ដែលបានប្រឹងប្រែងពង្រឹងសមត្ថភាព និងបច្ចេកទេស ដើម្បីឱ្យសហព័ន្ធរបស់យើងអាចរៀបចំការប្រកួតកីឡាជាតិ លើកទី៣នេះ ប្រកបដោយជោគជ័យ ក៏ដូចជាត្រៀមខ្លួន សម្រាប់ចូលរួមការប្រកួតស៊ីហ្គេម ឆ្នាំ ២០២៣ »។
លោកបានថ្លែងដោយផ្តោតខ្លាំងទៅលើកីឡាករ កីឡាការិនីជម្រើសជាតិថា៖ «ខ្ញុំសូមលើកទឹកចិត្តឱ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមទទួលយកមេដាយ និងទទួលបានជោគជ័យ នៅក្នុងការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ »។
ជាមួយការជំរុញ និងលើកទឹកចិត្តរបស់លោករដ្ឋមន្រ្តី ហង់ជួន ណារ៉ុន ដូចនេះ គឺកីឡាករ កីឡាការិនីតេក្វាន់ដូ (WT)ទាំងអស់ បាននាំគ្នាស្រែកអបអរតបទៅកាន់លោក ហង់ជួន ណារ៉ុន វិញ ប្រកបដោយភាពជឿជាក់ដែលជាសញ្ញាណបង្ហាញថា ពួកគេ បាននិងកំពុងប្រឹងប្រែងខ្លាំង ដើម្បីរួមគ្នាបង្កើតបាននូវស្នាដៃបន្ថែមទៀតជូនជាតិ គឺការឆ្ពោះទៅដណ្តើមយកមេដាយមាស នៅស៊ីហ្គេម ឆ្នាំ ២០២៣ ក្នុងនាមជាប្រភេទកីឡាដ៏មានសក្តានុពលមួយរបស់កម្ពុជា។
តាមរបាយការណ៍របស់លោក ជ្រិន សុធា អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ បានឱ្យដឹងថា ការប្រកួតកីឡាជាតិ លើកទី ៣ ឆ្នាំ ២០២២ លើប្រភេទកីឡាតេក្វាន់ដូ (WT) នេះ មានប្រតិភូកីឡា តំណាងឱ្យក្រសួង-មន្ទីរ យុវជន និងរាជធានី-ខេត្ត ចូលរួមចំនួន ១៤ ស្មើនឹង ១៣៣ នាក់ ដោយអ្នកទាំងនេះ បានប្រកួតប្រជែងគ្នា នៅលើវិញ្ញាសាសរុបចំនួន ២០ ។
តាមរយៈការចុះពិនិត្យមើលដោយផ្ទាល់ ទាំងទៅលើការប្រកួតសម្តែងមេគុន និងប្រយុទ្ធ នៅសាលហ្វឹកហាត់កីឡាតេក្វាន់ដូប៊ូយ៉ុង-ខ្មែរ ក្នុងពហុកីឡដ្ឋានជាតិ តាំងពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែវិច្ឆិកាលោក ជ្រិន សុធា បានមើលឃើញថា កីឡាករ កីឡាការិនីទាំងអស់ បានខិតខំប្រឹងប្រែងប្រកួតអស់ពីសមត្ថភាព ដើម្បីដណ្តើមជ័យជម្នះជូនដល់ស្ថាប័ន និងរាជធានី-ខេត្តរបស់ពួកគេ។
អគ្គលេខាធិការខេមរសហព័ន្ធតេក្វាន់ដូ លោក ជ្រិន សុធា បានបញ្ជាក់ថា៖ «ការប្រកួតកីឡាជាតិ លើកទី ៣ ឆ្នាំ ២០២២ លើប្រភេទកីឡាតេក្វាន់ដូ (WT) នេះ ដំណើរការទៅដោយរលូន និងបានបញ្ចប់ការប្រកួតប្រកបដោយជោគជ័យ ហើយព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងដើម្បីវាស់ស្ទង់បច្ចេកទេស និងសមត្ថភាព របស់ក្រុមកីឡាករកីឡាការិនីទាំងអស់ ក្នុងការជ្រើសរើសអ្នកឆ្នើមៗឱ្យចូលរួម ក្នុងក្រុមជម្រើសជាតិ សម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេមលើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ»។
សម្រាប់លទ្ធផលនៃការប្រកួតតេក្វាន់ដូ ក្នុងព្រឹត្តិការណ៍កីឡាជាតិ ចំនួន ៤ ថ្ងៃនេះ ក្រុមកីឡាករ កីឡាការិនីលេងឱ្យក្រសួងមហាផ្ទៃ ដណ្តើមបានមេដាយមាសច្រើនជាងគេ ដើម្បីឈរនៅចំណាត់ថ្នាក់លេខ ១ គឺពួកគេឈ្នះបានមេដាយមាស១០ ប្រាក់ ១ សំរឹទ្ធ ១ រីឯក្រុមក្រសួងការពារជាតិ បានឈ្នះមេដាយមាស៣ ប្រាក់ ៥ និងសំរឹទ្ធ ២ ដោយឈរនៅលេខ ២ ហើយក្រុមអត្តពលិកមកពីខេត្តបាត់ដំបង ឈរនៅលេខ ៣ ដោយឈ្នះបានមេដាយមាស ២ ប្រាក់ ៣ និងសំរឹទ្ធ ៣ ។
ចំណែកក្រុមកីឡាករ កីឡាការិនីរបស់ខេត្តកំពង់ចាម បានឈរនៅលេខ ៤ ដោយឈ្នះបានមេដាយមាស ២ ប្រាក់ ១ សំរឹទ្ ធ៤ ហើយតាមពីក្រោយដោយ ខេត្តព្រៃវែង ដែលឈ្នះបានមេដាយមាស ២ ប្រាក់ ១ សំរឹទ្ធ ២ ខេត្តប៉ៃលិន ឈ្នះបានមាស១ សំរឹទ្ធ ១ ខេត្តបន្ទាយមានជ័យ បានមេដាយប្រាក់ ៣ សំរឹទ្ធ ៤ ខេត្តសៀមរាប បានប្រាក់ ៣ សំរឹទ្ធ៣ រាជធានីភ្នំពេញ បានប្រាក់ ១ សំរឹទ្ធ ៦ ខេត្តត្បូងឃ្មុំ និងខេត្តកំពត បានមេដាយប្រាក់ ១ ដូចគ្នា ខេត្តកណ្តាល បានមេដាយសំរឹទ្ធ៣ និងខេត្តរតនគិរី បានមេដាយសំរឹទ្ធ ១ ប៉ុន្តែក្រុមអត្តពលិកមកពីខេត្តមណ្ឌលគិរី ដណ្តើមមិនបានមេដាយនោះទេ៕