The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - សហព័ន្ធ​ការ៉ាតេ យក​ព្រឹត្តិការណ៍​កីឡាជាតិ ជា​ការ​សាក​ល្បង ដើម្បី​ត្រៀម​ទៅរៀបចំ​ស៊ីហ្គេម នៅ​ឆ្នាំ​ ២០២៣

សហព័ន្ធ​ការ៉ាតេ យក​ព្រឹត្តិការណ៍​កីឡាជាតិ ជា​ការ​សាក​ល្បង ដើម្បី​ត្រៀម​ទៅរៀបចំ​ស៊ីហ្គេម នៅ​ឆ្នាំ​ ២០២៣

Content image - Phnom Penh Post
ថ្នាក់ដឹកនាំនៃសហព័ន្ធ​កីឡាការ៉ា​តេ​កម្ពុជាក្នុងពិធីបើកការប្រកួតកាលពីថ្ងៃទី ២៧ វិច្ឆិកា។ ឈន ណន

សហព័ន្ធ​ការ៉ាតេ យក​ព្រឹត្តិការណ៍​កីឡាជាតិ ជា​ការ​សាក​ល្បង ដើម្បី​ត្រៀម​ទៅរៀបចំ​ស៊ីហ្គេម នៅ​ឆ្នាំ​ ២០២៣

ភ្នំពេញៈសហព័ន្ធ​កីឡាការ៉ា​តេ​កម្ពុជា ដែល​មាន​លោក​ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អូន ព័ន្ធ​មុន្នីរ័ត្ន ជាប្រធាន​សហព័ន្ធ​នោះ បាន​កំណត់​យក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡាការ៉ាតេ ក្នុង​ព្រឹត្តិការណ៍​កីឡា​ជាតិ លើក​ទី​៣ និង​កីឡាជនពិការ​ លើក​ទី​ ១ ឆ្នាំ​ ២០២២ ជាការ​សាក​ល្បង ដើម្បី​ពង្រឹង​បន្ថែម​នៅ​ចំណុច​ខ្វះ​ខាត ទាំង​ទៅលើ​បច្ចេក​ទេស និង​យុទ្ធសាស្រ្ត​ផ្សេងៗ សម្រាប់​ត្រៀម​ឆ្ពោះ​ទៅ​រៀបចំការ​ប្រកួតស៊ីហ្គេម លើក​ទី​ ៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ។

នៅក្នុង​ពិធី​បើក​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​កីឡា​ការ៉ាតេក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​ ៣ នេះ នៅសាល​ប្រកួត​នៃ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​កាលពី​ព្រឹក​ថ្ងៃទី​ ២៧ ខែ​វិច្ឆិកា​ លោក សា​មឺឌី ស៊ីវឌ្ឍ​នា អនុ​ប្រធាន​សហ​ព័ន្ធ​កីឡាកា​រ៉ាតេ​កម្ពុជា បាន​សម្តែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ដល់​ប្រតិភូ​កីឡា​ទាំង​អស់ ព្រម​ទាំង​មន្រ្តី​ពាក់ព័ន្ធ ដែល​បានចូល​រួម នៅ​ក្នុងពិធី​បើក​ការ​ប្រកួត​នេះ។

អនុរដ្ឋ​លេខា​ធិការ​ក្រសួង​អប់រំ យុវ​ជន និង​កីឡា លោក សាមឺ​ឌី ស៊ីវឌ្ឍ​នា បានថ្លែង​ថា រាជ​រដ្ឋាភិបាល​កម្ពុជា ​បាន​រៀបចំ​ការ​ប្រកួត​កីឡាជាតិ ជា​លើក​ដំបូង នៅ​ឆ្នាំ​ ២០១៦ ក្នុង​គោល​បំណង​ពង្រឹង​សមត្ថ​ភាព គណៈ​កម្មការ​រៀប​ចំការ​ប្រកួត និង​កីឡាករ កីឡាការិនី ដើម្បី​ឆ្ពោះ​ទៅ​ចូល​រួមកីឡា​​ស៊ីហ្គេម លើក​ទី​ ៣២ ឆ្នាំ​ ២០២៣ ដែល​កម្ពុជា ត្រូវ​ធ្វើ​ជាម្ចាស់​ផ្ទះ ហេតុ​ដូច្នេះ ព្រឹត្តិ​ការណ៍​កីឡាជាតិ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ មាន​លំនាំ​ដូច​នឹង​ការ​ប្រកួត​កីឡា​ស៊ីហ្គេម​តែ​ម្តង។

លោក​បាន​បញ្ជាក់​ថា៖ «ការ​​ប្រកួត​កីឡា​ការ៉ាតេ ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ លើក​ទី​៣​នេះ ជាព្រឹត្តិការណ៍​នៃ​ការ​សាមគ្គី សន្តិភាព ការសាក​ល្បង ត្រៀម​លក្ខណៈ​រៀបចំ ពង្រឹង​សមត្ថ​ភាព ដើម្បី​ធ្វើ​ការ​វាយ​តម្លៃ និងកែ​លម្អ​ បំពេញ​បន្ថែម​ចំណុច​ខ្វ​ខាតនូវ​កម្រិត​ស្តង់ដារ បទពិសោធ បច្ចេក​ទេស យុទ្ធសាស្រ្ត និង​យុទ្ធ​វិធី សម្រាប់​ការ​រៀបចំ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​ ២០២៣ ដែល​ជា​កិត្តិយស​​របស់​ប្រទេស​ជាតិ​យើង»។

តាម​រយបាយការណ៍​របស់គណៈកម្មការ​រៀបចំការ​ប្រកួតកីឡាការ៉ាតេ ក្នុង​ព្រឹត្តកិការណ៍​កីឡាជាតិ លើក​ទី​ ៣ ​នេះ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​នេះ មានអ្នក​ចូល​រួមសរុបចំនួន ​១០២ នាក់ ក្នុង​នោះ​មាន​ប្រតិភូ ១១ នាក់ គ្រូ​បង្វឹក ​១៥​ នាក់ កីឡាករ ៤៧ នាក់ និង​កីឡាការិនី​ ២៩ នាក់ មក​ពី​ក្រសួង​មហាផ្ទៃ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួង​ការ​ពារ​ជាតិ សាលា​រាជ​ធានី​ភ្នំពេញ ខេត្ត​កណ្តាល និង​ខេត្តកំពង់ស្ពឺ ហើយ​អ្នក​ទាំង​នេះ ត្រូវ​ប្រកួត​ប្រជែង​គ្នា នៅលើ​វិញ្ញាសា​សម្តែង​កាតា និង​ប្រយុទ្ធ​សរុប​ចំនួន​ ១២ ។

ជាមួយ​គ្នានេះ​​លោក សាមឺឌី ស៊ីវឌ្ឍនា បានជំរុញ​ឱ្យ​មន្រ្តី​បច្ចេក​ទេស ជាពិសេស​អាជ្ញា​កណ្តាល និងចៅ​ក្រម​កាត់សេចក្តី នៅលើ​ទី​លាន ត្រូវ​អនុ​វត្ត​ការងារ ដោយ​តម្លាភាព និង​គ្មានការ​រើសអើង​ដើម្បី​​ធ្វើ​ឱ្យការ​ប្រកួត​កីឡា​ការ៉ាតេ ក្នុង​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ លើក​ទី​ ៣ ឆ្នាំ​ ២០២២ នេះ ទទួល​បាន​ជោគ​ជ័យ​ស្រប​ពេល​ដែល​ប្រភេទ​កីឡា​នេះ បាន​និង​កំពុង​មាន​ការ​រីក​ចម្រើន នៅ​លើ​ឆាក​អន្តរ​ជាតិផង​ដែរ។

លោក​បានថ្លែង​ថា៖ «ក្នុង​នាម​ឯកឧត្តម​បណ្ឌិត​សភាចារ្យ អូន ព័ន្ធ​មុន្នីរ័ត្ន និងក្នុង​នាមរូបខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ថ្លែ​ង​អំណរ​គុណ​ចំពោះ​ឯក​ឧត្តម លោក​ជំទាវ លោក​ឧកញ៉ា គណៈកម្មការ​ទាំង​អស់ និង​គ្រូ​បង្វឹក ដែល​បាន​​សហការ និងគាំ​ទ្រ​យ៉ាងសកម្ម​ក្នុងការ​ចូល​រួម​ចំណែក​រៀបចំ​ការ​ប្រកួតនិង​លើក​ស្ទួយ​កីឡា​នេះឱ្យកាន់​តែមានការរីក​ចម្រើន នៅ​ក្នុង​តំបន់ លើ​ឆាក​អន្តរ​ជាតិ និង​នៅ​លើ​​សកល​លោក»៕

អត្ថបទគួរចាប់អារម្មណ៍