
អ្នកគាំទ្រម្នាក់ កាន់ទង់ជាតិប្រេម៉ារ៉ុក នៅកន្លែងផ្ទុះកុប្បកម្ម ក្រោយពីក្រុមជម្រើសជាតិបែលហ្ស៊ិក បានរងបរាជ័យក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុមជម្រើសជាតិម៉ារ៉ុក កាលពីថ្ងៃទី២៧ ខែវិច្ឆិកា។ AFP
កុប្បករជាច្រើននាក់ បានដុតរថយន្ត ដុតម៉ូតូ និងគប់ដុំឥដ្ឋ ទៅកាន់រថយន្តនានា ក្នុងទីក្រុង Brussels ក្រោយពីក្រុមបាល់ទាត់ជម្រើសជាតិបែលហ្ស៊ិក បានរងបរាជ័យដ៏មិននឹកស្មានដល់ក្នុងលទ្ធផល ២-០ ក្រោមស្នាដៃក្រុមជម្រើសជាតិម៉ារ៉ុក ក្នុងការប្រកួតព្រឹត្តិការណ៍ World Cup ក្នុងប្រទេសកាតា កាលពីថ្ងៃអាទិត្យ ទី ២៧ ខែវិច្ឆិកា។
ប៉ូលិសបានបង្ខំចិត្តបិទផ្លូវនានា នៅកណ្តាលរដ្ឋធានីនៃប្រទេសបែលហ្ស៊ិក និងបានដាក់ពង្រាយក្រុមបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបំបែកក្រុមកុប្បកម្ម ក្រោយពីការផ្ទុះអំពើហិង្សានេះ។ បើយោងទៅតាមការបញ្ជាក់របស់ប៉ូលិសក្រុង អ្នកកាសែតម្នាក់ បានរងរបួសចំផ្ទៃមុខ ដោយសាតែកាំជ្រួច។
លោក Philippe Close អភិបាលក្រុង Brussels បានអំពាវនាវឲ្យប្រជាពលរដ្ឋ នៅឲ្យឆ្ងាយពីតំបន់កណ្តាលនៃទីក្រុងនេះ ដោយបន្ថែមថា ក្រុមអាជ្ញាធរ កំពុងតែព្យាយាមរក្សាសណ្តាប់ធ្នាប់តាមដងវិថីនានា។
លោក Close បានសរសេរនៅលើបណ្តាញសង្គម Twitter ថា៖ «ខ្ញុំសូមថ្កោលទោសដាច់ខាត ចំពោះហេតុការណ៍នានានៅរសៀលនេះ។ ប៉ូលិស បានធ្វើអន្តរាគមន៍យ៉ាងរឹងមាំរួចជាស្រេច។ ហេតុនេះ ខ្ញុំណែនាំឲ្យប្រឆាំងនឹងអ្នកគាំទ្រដែលចូលទៅកាន់កណ្តាលទីក្រុងនេះ។ ប៉ូលិស កំពុងតែអនុវត្តន៍រាល់នីតិវិធីរបស់ខ្លួនដើម្បីរក្សាសណ្តាបធ្នាប់សាធារណៈ»។
ប៉ូលិសបានបញ្ជាក់ មនុស្សចំនួន ១១ នាក់ ត្រូវបានឃាត់ខ្លួន ខណៈដែលមនុស្សម្នាក់ កំពុងតែឃុំខ្លួនក្នុងមន្ទីរឃុំឃាំង។ ជាមួយគ្នានេះ ស្ថានីយរថភ្លើងនានា ត្រូវបានបិទ ហើយវិធីនានា ក៏ត្រូវបានបិទផងដែរ ដើម្បីគ្រប់គ្រងអំពើហិង្សា។

កីឡាករនៃក្រុមជម្រើសជាតិបែលហ្ស៊ិក បញ្ចេញប្រតិកម្ម ក្រោយពីការប្រកួត World Cup ពូល F រវាងក្រុមជម្រើសជាតិបែលហ្ស៊ិក និងម៉ារ៉ុក កាលពីថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP
លទ្ធផលចាញ់នេះ មានន័យថា ក្រូអាស៊ី ត្រូវការត្រឹមតែស្មើប៉ុណ្ណោះ ពេលជួបជាមួយនឹងបែលហ្ស៊ិក នៅថ្ងៃព្រហស្បតិ៍ ក្នុងការប្រកួតចុងក្រោយក្នុងពូលរបស់ពួកគេ ដើម្បីឈានទៅវគ្គបន្ត ប៉ុន្តែ បែលហ្ស៊ិក ដែលបានឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងឆ្នាំ ២០១៨ ចាំបាច់ត្រូវតែដណ្តើមឲ្យបានជ័យជម្នះ ដើម្បីមានឱកាសទៅវគ្គ ១៦ ក្រុមចុងក្រោយ។
ជាមួយគ្នានេះ គ្រាប់បាល់ស៊ុតបញ្ចូលទីនៅជិតបញ្ចប់ការប្រកួតពីកីឡាករបម្រុង Niclas Fuellkrug បានជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិអាល្លឺម៉ង់ ដណ្តើមបានលទ្ធផលស្មើ ១-១ ជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ ខណៈដែលក្រុមម្ចាស់ជើងឯក ៤ សម័យកាល មួយនេះ បានរក្សាក្តីសង្ឃឹមរបស់ខ្លួនក្នុងព្រឹត្តិការណ៍ World Cup។
ការដណ្តើមបានលទ្ធផលស្មើ ១-១ របស់អាល្លឺម៉ង់ មានន័យថា ក្រុមដែលមានរហស្សនាមថា ឥន្ទ្រីដែកមួយនេះ ត្រូវតែផ្តួលកូស្តារីកា ក្នុងការប្រកួតចុងក្រោយរបស់ពួកគេ នៅថ្ងៃព្រហស្បតិ៍ ដើម្បីមានឱកាសទៅវគ្គ ១៦ ក្រុមចុងក្រោយ៕ AFP