
ខ្សែការពារអន្តរជាតិស្វ៊ីស Stephan Lichtsteiner (ឆ្វេង) និងខ្សែប្រយុទ្ធ Neymar របស់ប្រេស៊ីល ព្យាយាមដណ្តើមបាល់ ក្នុងការប្រកួតរវាងប្រេស៊ីល និងស្វ៊ីស នាព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨។ AFP
ក្រុមបាល់ទាត់ជម្រើសជាតិប្រេស៊ីល ត្រូវតែប្រកួតដោយគ្មានខ្សែប្រយុទ្ធឆ្នើម Neymar ក្នុងពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិស្វ៊ីស នាព្រឹត្តិការណ៍ Word Cup នៅរាត្រីថ្ងៃចន្ទ ទី ២៨ ខែវិច្ឆិកា នេះ ស្របពេលដែលខ្សែប្រយុទ្ធ Cristiano Ronaldo សម្លឹងរកការជួយឲ្យក្រុមជម្រើសជាតិព័រទុយហ្គាល់ ទៅវគ្គ ១៦ ក្រុមចុងក្រោយ នៅប្រទេសកាតា។
ក្រុមម្ចាស់ជើងឯកពិភពលោក៥សម័យកាល ប្រេស៊ីល អាចឈ្នះកៅអីទៅវគ្គបន្ទាប់ តាមរយៈការដណ្តើមបានជ័យជម្នះលើក្រុមជម្រើសជាតិស្វ៊ី ដោយផ្អែកទៅលើការប្រកួតគូទី១ នៅថ្ងៃដដែលនោះ រវាងក្រុមជម្រើសជាតិកាមេរូន និងស៊ែប៊ី។
ក្រុមជម្រើសជាតិប្រេស៊ីល បានចាប់ផ្តើមយុទ្ធនាការរបស់ពួកគេ ក្នុងប្រទេសកាតា តាមរយៈការដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិស៊ែប៊ី ក្នុងការប្រកួតពូល G ប៉ុន្តែ Neymar ត្រូវបានប្តូរចេញ ដោយសារតែរបួសកជើង។
ខ្សែការពារការពារកណ្តាលអន្តរជាតិប្រេស៊ីល Marquinhos បាននិយាយថា៖ «នៅពេលនេះ វាពិតជាលំបាកសម្រាប់រូបគេ ហើយបន្ទាប់ពីការប្រកួត រូបគេពិតជាខកចិត្ត ដែលខ្ញុំគិតថា ការខកចិត្តនេះគឺជារឿងធម្មតា បើគិតដល់កម្រិតដែលរូបគេបានសុបិនក្នុងការប្រកួត World Cup»។
ខ្សែការពាររូបនេះបានបន្ថែមទៀតថា៖ «ពេលនេះ ក្រោយពីការពិនិត្យ និងការព្យាបាល រូបគេកំពុងតែព្យាបាលលើភាពរឹងមាំ រយៈពេល ២៤ ម៉ោង ក្នុង ១ ថ្ងៃ ដែលបង្ហាញពីកម្រិតដែលរូបគេចង់វិលត្រឡប់មកចូលរួមជាមួយនឹងយើងវិញ។ យើងមិនដឹងថា ពេលណាឡើយ ប៉ុន្តែ យើងសង្ឃឹមថា រូបគេអាចចូលលេងឆាប់ៗនេះ»។

ខ្សែប្រយុទ្ធអន្តរជាតិព័រទុយហ្គាល់ Cristiano Ronaldo (ឆ្វេង) ព្យាយាមដណ្តើមបាល់ជាមួយខ្សែការពារអ៊ុយរូហ្គាយ Jose Gimenez ក្នុងការប្រកួត World Cup ឆ្នាំ២០១៨។ AFP
Ronaldo បានក្លាយជាកីឡាករដំបូងគេដែលបានស៊ុតបាល់បញ្ចូលទី ក្នុងការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ចំនួន ៥ លើក ក្រោយពីបានស៊ុតបាល់ប៉េណាល់ទីដ៏ចម្រូងចម្រាស់ ក្នុងពេលក្រុមជម្រើសជាតិព័រទុយហ្គាល់ បានយកឈ្នះលើក្រុមជម្រើសជាតិហ្គាណា ក្នុងលទ្ធផល ៣-២ ក្នុងការប្រកួតពូល H។
ព័រទុយហ្គាល់ នឹងឈ្នះកៅអីទៅលេងក្នុងវគ្គបន្ត ប្រសិនបើពួកគេផ្តួលក្រុមជម្រើសជាតិអ៊ុយរូហ្គាយ នាកីឡដ្ឋាន Lusail ដែលជាទីលានសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី ១៨ ខែធ្នូ។
ក្រុមជម្រើសជាតិកាមេរូន បានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិស្វ៊ីស ក្នុងការប្រកួតទី១ របស់ពួកគេ ហេតុនេះ ពួកគេនឹងព្យាយាមស្រោចស្រង់វិញ ពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិស៊ែប៊ី ដែលកំពុងតែស្ថិតក្រោមការស៊ើបអង្កេតពីសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ក្រោយពីក្រុមនេះ បានព្យួរទង់ជាតិ ដែលតំណាងឲ្យប្រទេសកូសូវ៉ូ ក្នុងបន្ទប់ផ្លាស់ប្តូរសម្លៀកបំពាក់របស់ពួកគេ នៅមុនពេលការរងបរាជ័យរបស់ពួកគេក្រោមស្នាដៃក្រុមជម្រើសជាតិប្រេស៊ីល។
ស្របពេលជាមួយគ្នានេះ លោក Paulo Bento គ្រូបង្វឹកនៃក្រុមបាល់ទាត់កូរ៉េខាងត្បូង បាននិយាយថា ក្រុមរបស់លោកនឹងឃើញទម្រង់លេងខុសពីធម្មតារបស់ Son Heung-min នៅពេលដែលប្រកួតជាមួយនឹងក្រុមជម្រើសជាតិហ្គាណា ក្រោយពីខ្សែប្រយុទ្ធរូបនេះស៊ាំទៅនឹងរបាំងការពារមុខរបស់គេ អំឡុងពេលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយនឹងក្រុមជម្រើសជាតិអ៊ុយរូហ្គាយ៕ AFP
កម្មវិធីប្រកួតថ្ងៃនេះ៖
- កាមេរូន v ស៊ែប៊ី ម៉ោង ៥ ល្ងាច
- កូរ៉េខាងត្បូង v ហ្គាណា ម៉ោង ៨ យប់
- ប្រេស៊ីល v ស្វ៊ីស ម៉ោង ១១ យប់
- ព័រទុយហ្គាល់ v អ៊ុយរូហ្គាយ ម៉ោង ២ ទៀបភ្លឺ