ភ្នំពេញ៖ ក្រុមប្រណាំងរថយន្តការ៉ាកម្ពុជា ដែលបើកបរដោយកីឡាករ សោម សុកុសល និងជំនួយការអ្នកបើកបរ កីឡាករ វង្ស គីមហួត បានទទួលចំណាត់លេខ ១ នៅ Class រថយន្តប្រើសាំង ពីព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 និងទទួលបានចំណាត់ថ្នាក់លេខ ១១ ក្នុងចំណោមរថយន្តសរុប ៣៤ ដែលបានចូលរួមក្នុងព្រឹត្តិការណ៍កម្រិតអាស៊ីមួយនេះ។
សម្រាប់ការទទួលបានតំណែងជើងឯក ផ្នែករថយន្តប្រើសាំងនេះ គឺកីឡាករ សោម សុកុសល និងកីឡាករ វង្ស គីមហួត បានធ្វើការប្រណាំងជាមួយរថយន្តមកពីតាមបណ្តាប្រទេសផ្សេងៗទៀត នៅលើរយៈចម្ងាយផ្លូវសរុបចំនួន ១ ៧០០ គីឡូម៉ែត្រ ដោយក្នុងនោះ មានការប្រណាំងចំនួន ៥ ដំណាក់កាល នៅលើទឹកដីថៃ និងបានបញ្ចប់នៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប ទឹកដីកម្ពុជា ជាមួយការប្រណាំង ១ ដំណាក់កាល កាលពីចុងសប្តាហ៍មុន។
ជាមួយការឈ្នះពានរង្វាន់ Asia Cross Country Rally 2022 នេះ កីឡាករ វង្ស គីមហួត បានឱ្យដឹងថា អ្នកប្រណាំងអន្តរជាតិ បានសរសើរពីស្ថានភាពផ្លូវ នៃការប្រកួតដំណាក់កាលចុងក្រោយ នៅលើទឹកដីកម្ពុជា ដោយពួកគេបានលើកឡើងថា ទោះបីជាផ្លូវប្រកួតនៅកម្ពុជាមានចម្ងាយខ្លី ប៉ុន្តែមានឧបសគ្គច្រើន ធ្វើឱ្យការប្រណាំងកាន់តែស្វិតស្វាញ និងជក់ចិត្ត ហើយនេះជាឱកាសមួយ ដែលធ្វើឱ្យកីឡាករយានយន្តយើង ទទួលបានបទពិសោធថ្មីៗ និងបង្កើនបច្ចេកទេសបានខ្លាំងបន្ថែមទៀត ក្នុងការប្រកួតកម្រិតរថយន្តអន្តរជាតិនេះផងដែរ។
កីឡាករ វង្ស គីមហួត បញ្ជាក់ពីស្ថានភាពប្រកួតជាក់ស្តែងរបស់រថយន្តការ៉ាកម្ពុជា បែបនេះថា៖ «សម្រាប់ប្រភេទរថយន្តប្រើសាំង គឺយើធ្វើបានល្អជាងគេ ដោយដណ្តើមបានចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមប្រភេទរថយន្តសាំង ដែលសុទ្ធសឹងតែជាជើងខ្លាំងមកបណ្តាប្រទេសនានា ក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមកពីតំបន់អាស៊ី»។
យ៉ាងណាក៏ដោយ កីឡាករពោរពេញដោយបទពិសោធរូបនេះ ថ្លែងអំណរគុណ និងកោតសរសើរចំពោះក្រុមការងារទាំងអស់ ដែលបានខិតខំពុះពារការលំបាក គ្រប់ពេលវេលា ក្នុងអំឡុងពេលប្រកួត ទាំងផ្តល់សេវាថែទាំរថយន្ត ជាពិសេសថ្លែងអំណរគុណចំពោះក្រុមហ៊ុនជាដៃគូឧបត្ថម្ភ ព្រមទាំងអ្នកពាក់ព័ន្ធនឹងវិស័យកីឡាយានយន្ត ដែលបានឧបត្ថម្ភ និងផ្តល់ការគាំទ្រ កម្លាំងចិត្ត សម្រាប់ការចូលរួមប្រកួតរបស់ក្រុមកីឡាយានយន្តកម្ពុជា ក្នុងព្រឹត្តិការណ៍នេះឱ្យដំណើរការដោយរលូន និងជោគជ័យ។
ដោយឡែកលោក ហូ សិទ្ធីគុណ ប្រធានក្លិប KARA បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរខេត្តសៀមរាប ដែលតែងតែអនុញ្ញាត និងគាំទ្រយ៉ាងពេញទំហឹងឱ្យក្លិប ការ៉ាបានរៀបចំព្រឹត្តិការណ៍ប្រកួតកម្រិតអន្តរជាតិមួយនេះ ដើម្បីចូលរួមលើកស្ទួយវិស័យកីឡាយានយន្ត នៅកម្ពុជា ឱ្យកាន់តែរីកចម្រើនជាបន្តបន្ទាប់។
សម្រាប់ព្រឹត្តការណ៍ប្រណាំងរថយន្តឆ្លងកាត់ឧបសគ្គ Asia Cross Country Rally 2022 នេះ មានប្រទេសចូលរួមចំនួន ៩ គឺមាន កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី វៀតណាម តៃវ៉ាន់ ជប៉ុន កូរ៉េ បារាំង និងប្រទេសថៃ។ ជាលទ្ធផលក្រុមប្រណាំងការ៉ាកម្ពុជា បានចំណាត់ថ្នាក់លេខ ១ លើប្រភេទរថយន្តប្រើសាំង និងលទ្ធផលរថយន្តសរុបទាំងសាំង និងម៉ាស៊ូត បានលេខ ១១ ចំណែកក្រុមសាយ៉ាមប្រូតូថាយរបស់កម្ពុជាដែរនោះ បានទទួលលេខ ១២ ក្នុងចំណោមរថយន្តសរុប ៣៤ គ្រឿង៕