
ខ្សែបម្រើអន្តរជាតិប្រេស៊ីល Casemiro (ឆ្វេង) អបអរជាមួយនឹងខ្សែប្រយុទ្ធ Vinicius Junior ក្រោយពីរកបានគ្រាប់បាល់ឈ្នះ ក្នុងការប្រកួតជាមួយនឹងស្វ៊ីស កាលពីថ្ងៃទី២៨ ខែវិច្ឆិកា។ AFP
ខ្សែបម្រើ Bruno Fernandes បានស៊ុតបាល់បញ្ចូលទី២គ្រាប់ ដើម្បីជួយឲ្យក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ២-០ លើក្រុមជ្រើសជាតិអ៊ុយរូហ្គាយ កាលពីថ្ងៃចន្ទ ទី ២៨ ខែវិច្ឆិកា និងជួយឲ្យពួកគេឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍ World Cup រួមជាមួយនឹងក្រុមម្ចាស់ជើងឯក ២ សម័យកាល បារាំង និងក្រុមម្ចាស់ជើងឯក ៥ សម័យកាល ប្រេស៊ីល។
ខ្សែបម្រើរបស់ក្លិប Manchester United រូបនេះ បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អ ក្រោយពីលេងបានត្រឹមតែ៩នាទីក្នុងតង់ទី២ ហើយបន្ទាប់មក បានបន្ថែម ១ គ្រាប់ទៀតពីការស៊ុតបាល់ប៉េណាល់ទីនៅជិតបញ្ចប់ការប្រកួត ក្រោយពីការធ្វើឲ្យបាល់ប៉ះដៃពីកីឡាករ Jose Maria Gimenez។
ការប្រកួតនៅកីឡដ្ឋាន Lusail ដែលអាចផ្ទុកអ្នកទស្សនាបានចំនួន ៨៩ ០០០ នាក់មួយនេះ ក៏ត្រូវបានបង្អាក់ក្នុងរយៈពេលដ៏ខ្លីផងដែរ នៅពេលដែលបុរសម្នាក់ បានរត់ចូលទីលានប្រកួត ដើម្បីបង្ហាញសារគាំទ្រប្រទេសអ៊ុយក្រែន និងស្ត្រីនៅអុីរ៉ង់។
លោក Fernando Santos គ្រូបង្វឹកនៃក្រុមជម្រើសជាតិព័រទុយហ្គាល់ បានឲ្យដឹងថា៖ «នេះគឺជាការដណ្តើមបានជ័យជម្នះដ៏ស័ក្តិសម។ ជុំទី១ បញ្ចប់ហើយ ប៉ុន្តែ យើងនៅតែមានការស្រេកឃ្លាន។ ពេលនេះ ខ្ញុំនឹងបន្តធ្វើការដើម្បីពង្រឹងចំណុចដែលត្រូវពង្រឹង»។

ខ្សែបម្រើអន្តរជាតិព័រទុយហ្គាល់ Bruno Fernandes (ឆ្វេង) និងខ្សែការពារ Mathias Olivera របស់អ៊ុយរូហ្គាយ ព្យាយាមដណ្តើមបាល់ ក្នុងការប្រកួត World Cup កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា។ AFP
ស្របពេលជាមួយគ្នានេះ ក្រុមជម្រើសជាតិប្រេស៊ីល ក៏បានឈានទៅវគ្គបន្តផងដែរ ក្រោយពីបានយកឈ្នះលើក្រុមជម្រើសជាតិស្វ៊ីស ទាំងប្រផិតប្រផើយក្នុងលទ្ធផល ១-០ ក្រោយពីខ្សែបម្រើ Casemiro បានស៊ុតបាល់បញ្ចូលទីនៅនាទី ទី៨៣ នាកីឡដ្ឋាន Stadium 974។
ដោយឡែក ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូង បានរងនូវការខកចិត្តធំ ក្រោយពីបានរងបរាជ័យទាំងប្រផិតប្រផើយក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុមជម្រើសជាតិហ្គាណា ក្នុងការប្រកួតដ៏រំភើប នៅថ្ងៃដដែលនោះ។
ខ្សែបម្រើ Mohammed Kudus បានស៊ុតបាល់បញ្ចូលទី២ គ្រាប់ឲ្យក្រុមជម្រើសជាតិហ្គាណា ដើម្បីធ្វើឲ្យក្រុមជម្រើសជាតិកូរ៉េខាងត្បូរបស់លោក Paulo Bento ប្រឈមមុខនឹងការធ្លាក់ចេញត្រឹមវគ្គចែកពូល។
ក្នុងការប្រកួតគូបើកឆាកនៅថ្ងៃដដែលនោះ ក្រុមជម្រើសជាតិស៊ែប៊ី គួរតែមានការសោកស្តាយ ចំពោះការខ្ជះខ្ជាយឱកាសជាច្រើន ក្នុងពេលពួកគេបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ជាមួយនឹងក្រុមជម្រើសជាតិកាមេរូន នៅកីឡដ្ឋាន Al Janoub៕ AFP