
ខ្សែបម្រើអន្តរជាតិអាមេរិក Tyler Adams និងលោក Gregg Berhalter និយាយក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។ AFP
អាមេរិក និងអ៊ីរ៉ង់ នឹងត្រូវជួបគ្នាក្នុងការប្រកួតដ៏សំខាន់នៃព្រឹត្តិការណ៍ World Cup ដែលត្រូវបានគេចាត់ទុកថា ជាផ្នែកមួយនៃការប្រឈមមុខដាក់គ្នាក្នុងផ្នែកនយោបាយផងដែរ នៅរាត្រីថ្ងៃអង្គារ ទី ២៩ ខែវិច្ឆិកា នេះ ស្របពេលដែលក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស ដាក់គោលដៅលើការប្រជែងយកកៅអីវគ្គ ១៦ ក្រុមចុងក្រោយ ក្នុងនាមជាក្រុមលេខ ១ ក្នុងពូល តាមរយៈការយកឈ្នះលើក្រុមជម្រើសជាតិវេលស៍។
សូម្បីតែលទ្ធផលនៃការចាប់ឆ្នោតសម្រាប់យុទ្ធនាការនេះ ត្រូវបានប្រកាសឡើងកាលពីខែមេសា ការប្រកួតក្នុងពូល B រវាងក្រុមជម្រើសជាតិអាមេរិក និងអ៊ីរ៉ង់ ត្រូវបានចាត់ទុកថា ជាការប្រកួតមួយក្នុងចំណោមការប្រកួតដ៏គួរឲ្យចាប់អារម្មណ៍បំផុតនៃវគ្គចែកពូល នៅប្រទេសកាតា។
ជាមួយនឹងការផ្តោតអារម្មណ៍តិចតួចប៉ុណ្ណោះលើលទ្ធផល ការប្រកួតនាកីឡដ្ឋាន Thumama នឹងបង្កើតឲ្យមានការលើកឡើងជាច្រើនទាក់ទងនឹងបញ្ហានយោបាយ ហើយនេះគឺការជួបគ្នាជាលើកទី៣នៅលើទីលានវាលស្មៅរវាងក្រុមប្រទេសទាំង ២ ដែលជាគូសត្រូវផ្នែកមនោគមវិជ្ជា អស់រយៈពេលច្រើនជាង ៤០ ឆ្នាំមកហើយ។
ប៉ុន្តែ ការប្រកួតនៅរាត្រីថ្ងៃអង្គារនេះ នឹងនាំឲ្យមានភាពតានតឹងបន្ថែមទៀត ខណៈដែលក្រុមទាំង ២ ដឹងថា ការដណ្តើមបានជ័យជម្នះនឹងធ្វើឲ្យក្រុមមួយក្នុងចំណោមពួកគេ ឈានទៅវគ្គបន្ត ស្របពេលដែលក្រុមចាញ់ នឹងត្រូវធ្លាក់ចេញ។
បន្ថែមទៅលើនេះទៅទៀត ភាពតានតឹងនាន បានចាប់ផ្តើមផ្ទុះឡើង កាលពីចុងសប្តាហ៍ថ្មីៗនេះ ក្រោយពីសហព័ន្ធកីឡាបាល់ទាត់អាមេរិក បានបង្ហោះរូបភាពនៃទង់ជាតិអ៊ីរ៉ង់ ដែលត្រូវបានកែខុសពីទម្រង់ដើម នៅលើបណ្តាញសង្គមរបស់ខ្លួន។
សកម្មភាពនេះ បានបង្កើតឲ្យមានការខឹងសម្បាដល់ប្រធានសហព័ន្ធកីឡាបាល់ទាត់អ៊ីរ៉ង់ ដែលបានដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិហៅកាត់ថា FIFA ដើម្បីទាមទារឲ្យមានការដាក់ទណ្ឌកម្ម។

ខ្សែប្រយុទ្ធអន្តរជាតិអង់គ្លេស Jack Grealish (ឆ្វេង) ខ្សែប្រយុទ្ធ Phil Foden (កណ្តាល) និងខ្សែប្រយុទ្ធ Callum Wilson (ស្តាំ) ចូលរួមការហ្វឹកហាត់ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP
ដំបូងឡើង សហព័ន្ធកីឡាបាល់ទាត់អាមេរិក បានបញ្ជាក់ថា ទង់ជាតិដែលត្រូវបានកែខុសពីទម្រង់ដើមនេះ ត្រូវបានបង្ហោះឡើងដើម្បីធ្វើជាសារគាំទ្រដល់ក្រុមបាតុករជាស្ត្រីនៅអ៊ីរ៉ង់ នៅមុនពេលលុបចោលវិញ។
លោក Gregg Berhalter គ្រូបង្វឹកក្រុមជម្រើសជាតិអាមេរិក បាននិយាយកាលពីថ្ងៃចន្ទថា កីឡាករ និងបុគ្គលិករបស់លោក មិនបានដឹងពីបញ្ហាទាក់ទងនឹងទង់ជាតិឡើយ និងបានព្យាយាមកាត់បន្ថយភាពតានតឹងនានា តាមរយៈការសង្កត់ធ្ងន់ថា រឿងនយោបាយ មិនមែនជាកត្តាដែលត្រូវគិតនៅរាត្រីនេះឡើយ។
លោក Berhalter បានឲ្យដឹងថា៖ «នៅពេលដែលខ្ញុំគិតអំពីការប្រកួតនេះ ខ្ញុំដឹងថា មានចំណុចពាក់ព័ន្ធជាច្រើនទាក់ទងនឹងការប្រកួតនេះ។ ប៉ុន្តែ សម្រាប់យើង នេះគឺជាការប្រកួតកីឡាបាល់ទាត់ ជាមួយនឹងក្រុមដ៏ខ្លាំងមួយ ហើយគ្មានចំណុចអ្វីលើសហ្នឹងឡើយ។ នេះគឺជាការប្រកួតកាត់សេចក្តី រវាងក្រុមខ្លាំង ២ ដែលចង់ទៅវគ្គបន្ត»៕ AFP
កម្មវិធីប្រកួតនៅរាត្រីនេះ៖
- អេក្វាទ័រ v សេណេហ្គាល់ ម៉ោង ១០ យប់
- ហូឡង់ v កាតា ម៉ោង ១០ យប់
- អ៊ីរ៉ង់ v អាមេរិក ម៉ោង ២ ទៀបភ្លឺ
- វេលស៍ v អង់គ្លេស ម៉ោង ២ ទៀបភ្លឺ