ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស បានកក់កៅអីរបស់ខ្លួនទៅវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup ដើម្បីទៅជួបក្រុមជម្រើសជាតិសេណេហ្គាល់ ក្រោយពីខ្សែប្រយុទ្ធ Marcus Rashford និង Phil Foden បានជួយឲ្យអង់គ្លេស ដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ៣-០ លើក្រុមជម្រើសជាតិវេលស៍ ដើម្បីធ្វើឲ្យក្រុមប្រទេសជិតខាងរបស់ពួកគេ ធ្លាក់ចេញពីយុទ្ធនាការនេះ កាលពីថ្ងៃអង្គារ ទី ២៩ ខែវិច្ឆិកា។
ក្រុមរបស់លោក Gareth Southgate បានបញ្ចប់ដោយការឈរលេខ ១ ក្នុងពូល B ក្រោយពីការរកបានគ្រាប់បាល់ ២ គ្រាប់ពី Rashford និង ១ គ្រាប់ពី Foden ក្រោយពីកីឡាករទាំង ២ ត្រូវបានដាក់ឲ្យលេងក្នុងជម្រើសដំបូងវិញ។
ជ័យជម្នះនេះ មានន័យថា ក្រុមជម្រើសជាតិអង់គ្លេស នឹងធ្វើដំណើរទៅជួបក្រុមឈរលេខ ២ ក្នុងពូល A សេណេហ្គាល់ ក្នុងការប្រកួតវគ្គ ១៦ ក្រុមចុងក្រោយនៅថ្ងៃអាទិត្យ ក្រោយពីក្រុមជម្រើសជាតិសេណេហ្គាល់ បានយកឈ្នះលើក្រុមជម្រើសជាតិអេក្វាទ័រ ក្នុងលទ្ធផល ២-១។
ស្របពេលជាមួយគ្នានេះ លោក Gregg Berhalter គ្រូបង្វឹកនៃក្រុមជម្រើសជាតិអាមេរិក បាននិយាយថា ក្រុមរបស់លោកសមនឹងឈ្នះកៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយ ក្រោយពីពួកគេបានផ្តួលក្រុមជម្រើសជាតិអុីរ៉ង់ ក្នុងលទ្ធផល ១-០ ដើម្បីឡើងទៅជួបជាមួយនឹងក្រុមជម្រើសជាតិហូឡង់ ក្នុងវគ្គបន្ត។
រយៈពេល ៥ ឆ្នាំ ក្រោយពីអាមេរិកបានជួបការខកចិត្តដោយសារតែការខកខានក្នុងការឈ្នះកៅអីទៅប្រកួត World Cup ឆ្នាំ ២០១៨ ក្នុងប្រទេសរុស្ស៊ី លោក Berhalter បានដឹកនាំក្រុមអាមេរិកដែលប្រជុំដោយកីឡាករវ័យក្មេង ទៅកាន់វគ្គ ១៦ ក្រុមចុងក្រោយ។

ការដណ្តើមបានលទ្ធផលស្មើជាមួយនឹងក្រុមជម្រសជាតិវេលស៍ និងអង់គ្លេស មុនពេលដណ្តើមបានជ័យជម្នះក្នុងលទ្ធផល ១-០ លើអុីរ៉ង់ បានជួយឲ្យអាមេរិកទៅវគ្គបន្តតែម្តង។ ប៉ុន្តែទោះបីការជួបជាមួយនឹងហូឡង់ ក្នុងវគ្គ ១៦ក្រុមចុងក្រោយ នឹងក្លាយជាការប្រកួតដ៏តានដឹងក៏ដោយ លោក Berhalter បាននិយាយថា ក្រុមរបស់លោក មិនត្រូវគិតថា ខ្លួនជាក្រុមអន់ជាងឡើយ។
លោក Berhalter បានឲ្យដឹងថា៖ «វាជាឱកាសដ៏អស្ចារ្យមួយ ប៉ុន្តែ វាមិនមែនជាការប្រកួតដែលយើងនឹងគិតថា វាជាគិត្តិយសមួយឡើយ»៕ AFP