
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន (ស្តាំទី២) បញ្ចេញកាយវិការ ក្នុងពេលឈរក្បែរខ្សែបម្រើ Alejandro Gomez (ឆ្វេងទី២), Rodrigo De Paul (ឆ្វេង) និង Leandro Paredes។ AFP
ខ្សែប្រយុទ្ធ Lionel Messi និង Robert Lewandowski នឹងធ្វើដំណើរទៅកាន់ការប្រកួតកាត់សេចក្តីរវាងក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន និងប៉ូឡូញ នៅរាត្រីថ្ងៃពុធ ទី ៣០ ខែវិច្ឆិកា នេះ ស្របពេលដែលអនាគតរបស់កីឡាករទាំង ២ ក្នុង World Cup ដែលអាចជាយុទ្ធនាការលើកចុងក្រោយរបស់ពួកគេ កំពុងតែស្ថិតក្នុងភាពមិនច្បាស់។
ម្នាក់ក្នុងចំណោមកីឡាករទាំង ២ ដែលជាកីឡាករដ៏ឆ្នើមបំផុតក្នុងកីឡាបាល់ទាត់ទ្វីបអឺរ៉ុប អាចនឹងខកខានក្នុងការឈានទៅវគ្គ ១៦ ក្រុមចុងក្រោយនៅប្រទេសកាតា និងបញ្ចប់អាជីពរបស់ខ្លួន ដោយមិនធ្លាប់បានភ្លក្សរសជាតិនៃការឈ្នះពានដ៏មានកិត្យានុភាពបំផុតក្នុងកីឡាបាល់ទាត់។ Messi បានស៊ុតបាល់បញ្ចូលទី២ គ្រាប់រួចជាស្រេចក្នុងការខិតខំព្យាយាមរបស់គេ ដើម្បីតាមស្មើកំណត់ត្រារបស់លោក Diego Maradona និងជួយឲ្យក្រុមជម្រើសជាតិអាហ្សង់ទីន ឈ្នះពាន World Cup ហើយរូបគេកំពុងតែព្យាយាមជួយឲ្យអាហ្សង់ទីន ឆ្លងឲ្យផុតវគ្គចែកពូល ជាមុនសិន ក្រោយពីពួកគេបានរងបរាជ័យក្រោមស្នាដៃក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត ក្នុងការប្រកួតបើកឆាករបស់ពួកគេ។
ក្រុមជម្រើសជាតិអាហ្សង់ទីន បានផ្តួលក្រុមជម្រើសជាតិម៉ិកស៊ិក ក្នុងលទ្ធផល ២-០ ដើម្បីសង្គ្រោះយុទ្ធនាការរបស់ខ្លួន និងកំពុងស្ថិតក្នុងចំណាត់ថ្នាក់លេខ ២ ដោយមាន ៣ ពិន្ទុ ស្មើជាមួយនឹងក្រុមអារ៉ាប៊ីសាអ៊ូឌីត និង ១ ពិន្ទុតាមពីក្រោយប៉ូឡូញ ហើយការដណ្តើមបានជ័យជម្នះ នឹងធ្វើឲ្យយុទ្ធនាការរបស់ Messi វ័យ ៣៥ ឆ្នាំ នៅប្រទេសកាតា បន្តរហូតដល់ខែធ្នូ។
ការធ្លាក់ចេញរបស់អាហ្សង់ទីន នឹងក្លាយជាលទ្ធផលដ៏សោកស្តាយមួយសម្រាប់អ្នកគាំទ្ររបស់ពួកគេទាំងក្នុងប្រទេស និងទូទាំងពិភពលោក ដោយអ្នកគាំទ្រជាច្រើន ចង់ឃើញ Messi លើកពាន World Cup។
ក្រោយពីក្រុមខ្លួនបានយកឈ្នះលើក្រុមជម្រើសជាតិម៉ិកស៊ិក ដើម្បីសង្គ្រោះយុទ្ធនាការរបស់ខ្លួនវិញលោក Lionel Scaloni គ្រូបង្វឹករបស់អាហ្សង់ទីន បាននិយាយថា៖ «វាពិតជាលំបាកក្នុងការធ្វើឲ្យមនុស្សជាច្រើនយល់ថា ព្រះអាទិត្យ នឹងរះនៅថ្ងៃស្អែក ឈ្នះ ឬចាញ់។ មិនថា បែបណាក៏ដោយ យើងត្រូវតែប្រឹងឲ្យអស់ពីសមត្ថភាព»។

ខ្សែប្រយុទ្ធអន្តរជាតិប៉ូឡូញ Robert Lewandowski អបអរ ក្រោយពីរកបានគ្រាប់បាល់ទី២សម្រាប់ក្រុមរបស់ខ្លួន អំឡុងការប្រកួត World Cup កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា។ AFP
ជាមួយគ្នានេះ Lewandowski បានរំភើបរហូតដល់ហូរទឹកភ្នែក ក្រោយពីបានបំពេញក្តីសុបិនតាំងពីកុមារភាពរបស់ខ្លួន តាមរយៈការស៊ុតបាល់បញ្ចូលទីជាលើកដំបូងរបស់គេក្នុងព្រឹត្តិការណ៍ World Cup ក្នុងការបង្ហាញខ្លួនជាលើកទី៥ របស់គេ ក្នុងជុំផ្តាច់ព្រ័ត្រនេះ ក្នុងពេលក្រុមខ្លួនបានយកឈ្នះក្នុងលទ្ធផល ២-០ លើក្រុមជម្រើសជាតិអារ៉ាប៊ីសាអ៊ូឌីត។
ខ្សែប្រយុទ្ធរបស់ក្លិប Barcelona រូបនេះ ដឹងថា រូបគេអាចនឹងមិនមានឱកាសមួយផ្សេងទៀតក្នុង World Cup ឡើយ ប្រសិនបើប៉ូឡូញ ធ្លាក់ចេញពីយុទ្ធនាការនេះ នៅត្រឹមថ្ងៃពុធ ទី ៣០ ខែវិច្ឆិកានេះ។ កីឡាករវ័យ៣៤ឆ្នាំរូបនេះបានឲ្យដឹងថា៖ «ខ្ញុំដឹងថា វាអាចនឹងក្លាយជា World Cup លើកចុងក្រោយរបស់ខ្ញុំ ហើយខ្ញុំចង់និយាយថា ខ្ញុំបានលេង និងបានស៊ុតបាល់បញ្ចូលទីក្នុង World Cup»៕ AFP
កម្មវិធីប្រកួតនៅរាត្រីនេះ៖
អូស្ត្រាលី v ដាណឺម៉ាក ម៉ោង ១០ យប់
ទុយនីស៊ី v បារាំង ម៉ោង ១០ យប់
ប៉ូឡូញ v អាហ្សង់ទីន ម៉ោង ២ ទៀបភ្លឺ
អារ៉ាប៊ី សាអ៊ូឌីត v ម៉ិកស៊ិក ម៉ោង ២ ទៀបភ្លឺ