
លោក Luis Enrique (ឆ្វេង) គ្រូបង្វឹកនៃក្រុមបាល់ទាត់ជម្រើសជាតិអេស្ប៉ាញ និយាយទៅកាន់កីឡាកររបស់ខ្លួន អំឡុងពេលហ្វឹកហាត់ ក្នុងទីក្រុងដូហា ដើម្បីត្រៀមប៉ះជាមួយជប៉ុន។ AFP
លោក Luis Enrique បាននិយាយថា ក្រុមបាល់ទាត់ជម្រើសអេស្ប៉ាញ នឹងមិនពឹងផ្អែកលើលទ្ធផលពីការប្រកួតផ្សេងឡើយ នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន នៅរាត្រីថ្ងៃព្រហស្បតិ៍ ទី ១ ខែធ្នូនេះ ដោយពួកគេនឹងសម្លឹងរកការដណ្តើមយកជ័យជម្នះ និងឈ្នះកៅអីទៅវគ្គ ១៦ ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ World Cup។
អេស្ប៉ាញ ដែលមានរហស្សនាមថា La Roja កំពុងតែនាំមុខលើកំពូលតារាងនៃពូល E ដោយមាន ៤ ពិន្ទុ ហើយនឹងត្រូវឈ្នះកៅអីទៅលេងក្នុងវគ្គបន្ត បើទទួលបានត្រឹមលទ្ធផលស្មើ ប៉ុន្តែពួកគេកំពុងតែដាក់គោលដៅលើការដណ្តើមឲ្យបាន៣ពិន្ទុ នៅកីឡដ្ឋានអន្តរជាតិ Khalifa។
មនុស្សមួយចំនួនបានគិតថា ក្រុមជម្រើសជាតិអេស្ប៉ាញ អាចនឹងរីករាយជាមួយនឹងការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ដើម្បីគេចឲ្យផុតពីការជួបក្រុមជម្រើសជាតិប្រេស៊ីល ក្នុងវគ្គ ៨ ក្រុមចុងក្រោយ ប៉ុន្តែ គ្រូបង្វឹករបស់ពួកគេ មិនគិតបែបនោះឡើយ។
លោក Luis Enrique បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃពុធ ទី៣០ ខែវិច្ឆិកាថា៖ «យើងក៏បានគិតលើករណីនេះដែរ ប៉ុន្តែ មតិជាច្រើន គិតថា យើងចាប់អារម្មណ៍ទៅលើការបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២។ យើងកំពុងតែស្ថិតក្នុងនាទី ទី៩០ នាទីបន្ថែមក៏មកដល់ ហើយការប្រកួតទាំង២គូ ស្ថិតក្នុងលទ្ធផលស្មើ ០-០ ដូចគ្នា។ ហើយនៅនាទី ទី៩៥ ខណៈដែលនៅសល់ពេល១៥វិនាទីទៀត ជប៉ុន និងកូស្តារីកា បានស៊ុតបាល់បញ្ចូលទីដូចគ្នា»។
គ្រូបង្វឹករូបនេះបានប្រាប់បន្តថា៖ «អ្នកបានគិតពីការប្រកួតរយៈពេល៩៥នាទី ហើយបានធ្លាក់ចេញនៅនាទី ទី៩៥។ ច្រាស់មកវិញ ប្រសិនបើអាល្លឺម៉ង់ កំពុងតែនាំមុខ ៥-០ ហើយយើងកំពុងតែស្ថិតក្នុងលទ្ធផលស្មើ ០-០ ដែលជារឿងល្អសម្រាប់យើង ហើយបន្ទាប់មក យើងរបូតគ្រាប់បាល់ ហើយយើងធ្លាក់ចេញ»។
លោក Enrique បានបន្ថែមទៀតថា៖ «នៅពេលដែលអ្នកជឿជាក់ថា ក្រុមរបស់អ្នកខ្លាំង ហើយគិតថា យើងចង់លេងការប្រកួតចំនួន ៧ លើក ហេតុនេះ យើងមិនចង់បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ឡើយ។ យើងចង់បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ»។
ការប្រកួតនៅរាត្រីនេះ នឹងចាប់ផ្តើមនៅម៉ោង ២ ទៀបភ្លឺ (ម៉ោងនៅកម្ពុជា)៕ AFP

ខ្សែការពារអន្តរជាតិជប៉ុន Maya Yoshida (កណ្តាល) ចូលរួមការហ្វឹកហាត់ នៅលើទីលាន Al Sadd SC ក្នុងទីក្រុងដូហា កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២២។ AFP