ភ្នំពេញៈ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​កោត​សរ​សើរ​ដល់​ក្រសួង​អប់រំ​ យុវជន ​និង​កីឡា​ និង​គណៈ​កម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា​(NOCC)ព្រម​ទាំង​សហ​ព័ន្ធ​កីឡា​ជាតិ​និង​ភាគី​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដែល​បាន​រួមគ្នា​រៀប​ចំ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជនពិ​ការ​ជាតិ​លើក​ទី​១ ឆ្នាំ​នេះ ​បាន​រលូន ​និង​បញ្ចប់​ដោយ​ជោគ​ជ័យ​ដោយ​ក្រសួង ​និង​រាជ​ធានី​-​ខេត្ត​ទាំង​២៨សុទ្ធ​តែ​ដណ្តើម​បាន​មេដាយ​ក្នុង​ព្រឹត្តិ​ការណ៍​​នេះ​។​

​ឆ្លើយ​តប​ទៅនឹង​របាយ​ការណ៍​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​របស់​លោក ​ស សុខា រដ្ឋ​លេខាធិ​ការ​ក្រសួង​អប់រំ ​យុវជន និង​កីឡា​ នៅ​ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា​ជាតិ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ​មរតក​តេ​ជោ​កាលពី​យប់​ថ្ងៃទី​៣០​ ខែវិច្ឆិកា លោក​ហ៊ុន ​សែន បាន​លើក​ឡើង​ថា ការ​ប្រកួត​នេះ បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន ​និង​ជោគ​ជ័យ ក្រោម​បរិយា​កាស​សប្បាយ​រីក​រាយ ហើយ​កីឡា​ករ កីឡា​ការិនី បាន​ខិត​ខំ​ហ្វឹក​ហាត់ និង​ប្រឹង​ប្រែង​ប្រកួត​អស់​ពី​សមត្ថ​ភាព និ​ង​ទេព​កោ​សល្យ​រៀងៗ​ខ្លួន រហូត​ទទួល​បាន​ជ័យ​ជម្នះ​គួរ​ជាទី​មោទ​នៈ​។​

​លោក ​ហ៊ុន សែន បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​មាន​មោទន​ភាព​ចំពោះ​ការ​រៀបចំ​ពិធី ​និង​ដំណើរ​ការ​នៃ​ការ​ប្រកួត​ដ៏​ល្អ​នេះ ដែល​បាន​ទាក់​ទាញ​អ្នកទស្សនា​ផ្ទាល់​ជាង​៤​ម៉ឺន​នាក់ ​និង​អ្នក​ទស្សនា​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​សង្គម​រាប់​លាន​នាក់​។ ខ្ញុំ​សូម​កោត​សរសើរ​ដល់​ថ្នាក់​ដឹកនាំ ​និង​គណៈ​កម្មាធិ​ការ​រៀប​ចំការ​ប្រកួត ​ជាពិសេស​សិល្ប​ករ សិល្ប​ការិនី និង​យោ​ធិន​បញ្ជា​ការ​ដ្ឋាន​អង្គ​រក្ស​ចំពោះ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​ និង​ការ​សម្ដែង​ប្រកប​ដោយ​ទេពកោ​សល្យ ដែល​នេះ​បង្ហាញ​នូវ​កិច្ច​សហ​ការ​ល្អ ក្នុង​ស្មា​រតី​សាមគ្គី​ភាព និង​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​»​។​

​ទន្ទឹម​នឹងនេះ ​លោក ហ៊ុន សែន បាន​រំឭក​ដល់​កីឡាករ​ កីឡាការិនី​ដែល​បាន​ចូលរួម​ថា ការ​ឈ្នះ​ចាញ់​ពី​ការ​ប្រកួត​កីឡា ​គឺជា​មេរៀន និង​បទ​ពិសោធន៍ ក្នុងការ​ពង្រឹង​សមត្ថ​ភាព​របស់ខ្លួ​ន​ឱ្យ​កាន់តែ​ប្រសើរ ​ដើម្បី​លើក​កម្ពស់​ជំនាញ​វិជ្ជាជីវៈ​កីឡា​បន្ថែម​ទៀត​។ផ្ទុយទៅ​វិញ ការ​អាក់​អន់​ចិត្ត ឬ​ការបាក់​ទឹក​ចិត្ត​ដោយ​សារ​ការ​ចាញ់​អាច​ធ្វើឱ្យ​​អត្ត​ព​លិ​ក​បាត់​បង់​ការ​តស៊ូ និង​ការខិត​ខំ​ប្រឹង​ប្រែង​បន្ត ​ដើម្បី​យក​ឈ្នះ​ក្នុង​ការ​ប្រកួត​នៅ​ពេល​អនា​គត​។​

លោក​បាន​បន្ថែម​ថា​៖ «​ខ្ញុំ​មាន​សុទិដ្ឋិ​និយម និង​សូម​អបអរ​ចំពោះ​ក្រុម​កីឡាករ​ កីឡាការិនី​របស់​ក្រសួង​ស្ថាប័ន រាជ​ធានី​-​ខេត្ត ​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​ល្អ និង​មេដាយ​ច្រើន​ជាងគេ​ ហើយ​សូមឱ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​សមត្ថ​ភាព ជំនាញ​កីឡា និង​បំផុស​ចលនា​កីឡា​ក្នុង​ដែន​សមត្ថកិ​ច្ច​គ្រប់​គ្រង​រប​ស់ខ្លួន​ឱ្យ​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​»​។​

​ចំពោះ​ក្រសួង ​ស្ថាប័ន​ រាជធានី​-​ខេត្ត ដែល​ទទួលបា​ន​លទ្ធផល​មិន​ល្អ លោ​ក ហ៊ុន សែន​ បាន​លើក​ទឹក​ចិត្តឱ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​ កែលម្អ និង​ត្រូវខិត​ខំ​ប្រឹង​ប្រែង​បន្ត ដើម្បី​សម្រេច​បាន​នៅ​លទ្ធ​ផល​ល្អក្នុងការ​ប្រកួត​កីឡា​ជាតិ លើក​ទី​៤ និង​កីឡា​ជន​ពិការ​ជាតិ ​លើក​ទី​២ ឆ្នាំ​២០២៤ ​ហើយ​លោក​បញ្ជាក់​ថា​៖ «​ឆ្នាំ​២០២៤ ខ្ញុំ​នឹង​ចូលរួម ក្នុងឋានៈ​ជា​កីឡា​ករអុក​ចត្រង្គ​ផង​ដែរ​។ សូម​ចុះឈ្មោះ​​ទុក​ពី​ឥឡូវ ​បើទោះបីជា​ចាញ់ ឬ​ឈ្នះ ក៏​បាន​មក​អង្គុយ​កំដរ សម្រាប់​កីឡា​ករ​ជើង​ចាស់​មួយ​នេះ​»​។​

​ជា​មួយ​គ្នានេះ​ លោក ​ហ៊ុន ​សែន បាន​ជំរុញ​ឱ្យ​គ្រប់​ផ្នែក​ ជាពិសេស​គណៈ​កម្មាធិកា​រ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ​លើក​ទី​១២ ឆ្នាំ​២០២៣​ ត្រូវ​ព​ន្លឿ​នការ​ពង្រឹង​សមត្ថ​ភាព​ និង​ត្រៀម​ខ្លួន​ឱ្យ​បានល្អ​ថែម​ទៀត ដើម្បី​ធានាបា​ន​នូវ​ការ​ទទួលបាន​ជោគ​ជ័យ ​ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ី​ហ្គេម ​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​នេះ ​នៅ​ឆ្នាំ​២០២៣​។

«​គណៈ​កម្មា​ធិការ​ជាតិ​រៀបចំ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ត្រូវ​ជំរុញ​ល្បឿន​នៃ​ការត្រៀម​ខ្លួន​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយ​ជា​ស្រេច​ដើម្បី​ធានា​បាន​នូវ​ជោគ​ជ័យ​ខ្ពស់ ក្នុង​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​កម្រិត​អន្តរ​ជាតិ​ដ៏​ធំ​ជា​ប្រវត្តិ​សាស្ត្រ​នេះ​»​។ នេះ​បើតាម​ការ​បញ្ជាក់​ពីលោក ​ហ៊ុន សែន នៅ​ក្នុង​ការផ្តល់​នូ​វទស្សនៈ ​និង​ចំណុច​គន្លឹះ​មួយ​ចំនួន​របស់​លោក សម្រាប់​ត្រៀម​ទៅ​ស៊ី​ហ្គេម ឆ្នាំ​២០២៣​។​

​ជា​មួយ​នេះ​ដែរ​ លោក ​ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថា​ប័ន និង​អាជ្ញាធរ​រាជធានី​-​ខេត្ត​ ដែល​មិន​ទាន់​មាន​ក្រុម​កីឡា​ចូលរួម​ប្រកួត ​ត្រូវ​បង្កើត​អង្គ​ភាព​កីឡា ឬ​សមា​គម​កីឡា​ប្រចាំ​ក្រសួង​ស្ថា​ប័ន អាជ្ញាធរ​រាជធានី​-​ខេត្ត​របស់​ខ្លួន​ដោយ​មាន​យន្តការ​គ្រប់​គ្រង​ដឹកនាំ​ច្បាស់​លាស់ ​មាន​តម្លា​ភាព​ក្នុង​ការ​គ្រប់​គ្រង ​និង​បង្កើន​សមត្ថ​ភាព​កីឡាករ កីឡា​ការិនី​របស់​ខ្លួន​ជា​ប្រចាំ សម្រាប់​ចូល​រួម​ក្នុង​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្ត​រជាតិ​។​

​បន្ថែមពី​លើ​នេះ លោក​បាន​ជំរុញ​ឱ្យ​ក្រសួង​ស្ថាប័ន​ទាំង​នោះ ​ត្រូវ​យកចិ​ត្តទុក​ដាក់​ក្នុង​ការ​បង្កើត​ក្រុម​កីឡា ដែល​ខ្លួន​មាន​ឧត្តម​ភាព​និង​ត្រូវ​រៀបចំ​ការ​ប្រកួត​ក្នុង​ក្រប​ខ័ណ្ឌ​ផ្ទៃក្នុង​តាម​ពេលវេលា​សម​ស្រប​សម្រាប់​ពង្រឹងស​មត្ថភាព​កីឡាករ ​កីឡា​ការិនី ដើម្បី​ចូលរួម​ក្នុង​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៤ និង​កីឡា​ជន​ពិការ​ជាតិ​លើក​ទី​២ ឱ្យបាន​កាន់​តែ​ច្រើន​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​គ្រប់​ក្រសួង​ស្ថាប័ន​ពាក់​ព័ន្ធ ​និង​អាជ្ញាធរ​រាជធានី​-​ខេត្ត ត្រូវ​ពង្រីក​កិច្ច​សហ​ការ​ឱ្យបាន​ជិត​ស្និទ្ធ​ប្រកប​ដោយ​ស្មារតី​ទទួល​ខុស​ត្រូវ​ខ្ពស់ និ​ង​ស្រប​តាម​អភិក្រម«​ជីវភាព​នៃ​ប្រព័ន្ធ​តួអង្គ​តែ​មួយ​»ដើម្បី​ដោះ​ស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា​ជា​បន្ទាន់​សំដៅ​ធានា​បាន​ប្រសិទ្ធភាព​ក្នុងការ​ដឹកនាំ​ការគ្រប់​គ្រង និង​ការរៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ដ៏​ធំនៅ​ឆ្នាំ​២០២៣​ ហើយ​សូម​អំពាវ​នាវ​ដល់​វិស័យ​ឯកជ​ន ក្រុម​ហ៊ុន សហ​គ្រាស និង​សប្បុ​រស​ជន ចូលរួម​ជួយ​ដល់​មូល​និធិ​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ​ដើម្បី​រួម​ចំណែក​ដល់​ភាព​ជោគ​ជ័យ​នៃ​ការ​រៀប​ចំ​ការ​ប្រកួត​កីឡា​កម្រិត​អន្តរ​ជាតិ​នេះ​»​។​

​ជាង​នេះ​ទៅ​ទៀត លោក ហ៊ុន សែន បាន​អំពាវ​នាវ​ដល់​ប្រជា​ជន​ទាំង​អស់​ឱ្យប្រកាន់​ខ្ជាប់​នូវ​ស្មារតី«​ប្រជា​ជន​ម្នាក់​ជា​ម្ចាស់ផ្ទះ​​ម្នាក់​» ពិសេស​ប្រជា​ជន នៅតា​ម​រាជធានី​-​ខេត្ត ដែល​ត្រូវ​ត្រៀម​ទទួល​រៀបចំ​កា​រប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ សូម​រៀបចំ​អនាម័​យ ថែរក្សា​បរិស្ថាន​ឱ្យបាន​ល្អ និង​រៀបចំ​តុប​តែង​លម្អ​ ដើម្បី​លើក​កម្ពស់​សោ​ភណ​ភាព​មូល​ដ្ឋាន​របស់​ខ្លួន សំដៅ​លើក​មុខ​មាត់​កម្ពុ​ជា និង​ទាក់​ទាញ​ការចាប់​អារម្ម​ណ៍​របស់​ប្រតិភូ​កីឡា និ​ង​ភ្ញៀវ​អន្តរ​ជាតិ​ទាំង​អស់ ​ដែល​នឹង​អញ្ជើញ​មក​ចូលរួម​ការ​ប្រកួត​នៅ​កម្ពុជា​នៅ​ឆ្នាំ​២០២៣​។​

​លើស​ពីនេះ​ទៅ​ទៀត​ លោក​បាន​លើក​ទឹកចិត្ត​ឱ្យ​គ្រប់​ភាគី​ពាក់​ព័ន្ធ បន្ត​រៀបចំ​កម្មវិធី​យុទ្ធ​នា​ការអប់រំ​សង្គម «​មាន​អ្វី​លើស​ពី​ការ​ប្រកួត​កីឡា​» របស់​សហ​ភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា ​ដើម្បី​បង្កើន​កា​រយល់​ដឹង​អំពី​បច្ច័យ​ជា​វិជ្ជមាន នៃ​ការ​ធ្វើជា​ម្ចាស់​ផ្ទះ​រៀបចំ​ព្រឹត្តិ​ការណ៍​កីឡា​ដ៏​ធំ​ជា​ប្រវត្តិ​សាស្ត្រ​នេះ ​។​

​នៅ​ក្នុង​ពិធី​នោះដែ​រ លោក​ ថោង ​ខុន ប្រធាន​គណៈក​ម្មាធិ​ការ​ជាតិ​អូឡាំ​ពិក​កម្ពុជា(NOCC)និង​ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍​នៃ​គណៈ​កម្មា​ធិការ​ជាតិ CAMSOC បាន​ប្តេជ្ញា​ចិត្ត​ខ្ពស់​ដោយ​គោរព​អនុវត្ត​តាម​អនុ​សាសន៍​ណែនាំ​​របស់ លោក​នាយក​រដ្ឋ​មន្ត្រី​ដើម្បី​ពង្រឹង​សមត្ថ​ភាព គុណ​ភាព​កីឡាក​រ កីឡា​ការិនី ឆ្ពោះ​ទៅរ​ក​ឧត្ត​មភាព​បច្ចេកទេស​កីឡា​កម្រិត​ខ្ពស់ ក្នុង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​។​

​លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា​៖ «​ខ្ញុំ​សូម​គោរព​ថ្លែង​អំណ​រគុណ​សាជា​ថ្មី​ដល់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា និង​សហព័ន្ធ​កីឡា​ជាតិ ក្រោម​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​កីឡា​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ​ឆ្នាំ​២០២៣ ​និងNOCC ធ្វើឱ្យ​ព្រឹត្តិ​ការណ៍​កីឡា​ជាតិ​លើក​ទី​៣ និង​កីឡា​ជាតិ​ជនពិ​ការ​លើក​ទី​១ នេះ ប្រព្រឹត្ត​ទៅ​ដោយ​រលូន និ​ង​ទទួល​បាន​ជោគ​ជ័យ ហើយ​ដែលជា​ឱកាស​ផ្ដល់នូវ​មេរៀន​បទ​ពិសោធន៍​ដ៏​ល្អៗ សម្រាប់​ឆ្ពោះ​ទៅ​រៀបចំ​ស៊ី​ហ្គេម និង​អាស៊ា​ន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ឱ្យ​ទទួល​បាន​ជោគ​ជ័យ​»៕