ភ្នំពេញៈជា​កីឡា​មួយ​ក្នុង​ចំណោម​កីឡា​ផ្សេង​ជាច្រើន​មុខ​ទៀត​ដែល​ស្ថិត​ក្នុង​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី​៣ ​កីឡាកា​រ៉ា​តេ​ជា​កីឡា​មួយ​ដែល​ចាប់​ផ្ដើម​ស្គាល់​ភាព​រីក​ចម្រើន​ជា​ដំណាក់​កាល​ដោយ​សារ​តែកីឡាករ កីឡា​ការ​នី​ខ្មែរ​ជា​បន្ត​បន្ទាប់ ​មាន​ឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេ​សដែល​ជំរុញ​សមត្ថ​ភាព​ពួកគេ​ឱ្យ​កាន់តែ​ខ្លាំង​។​

​ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៩ ​ខែវិច្ឆិកា កីឡាករ ​កីឡា​ការ​នី​ប្រភេទ​កីឡា​កា​រ៉ា​តេ​បាន​ប្រកួត​គ្នា​យ៉ាង​ស្វិត​ស្វាញ​​ដើម្បី​ដណ្ដើម​យក​មេដាយ​ដែល​ផ្ដល់​ឱ្យ​ដោយ​ក្រសួង​អប់រំ​ យុវជន និង​កីឡា​សហ​ការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច ​និង​ហិរញ្ញ​វត្ថុ​។​

​ក្នុង​ចំណោម​ក្លិប​កីឡា​កា​រ៉ា​តេ​ទាំង​៦ ​តំណាង​រាជធានី​ភ្នំពេញ​បាន​ទទួល​មេដាយ​ចំនួន​៥​ រួមមាន​មេដាយ​ប្រាក់​ចំនួន​២ និង​សំរឹទ្ធ​ចំនួន​៣​។កីឡា​ករ ប៉ូច ណា​ឃីម ជា​កីឡាករ​ម្នាក់​ដែល​ទទួល​បាន​មេ​ដាយ​សំរឹទ្ធ​ក្នុង​វិញ្ញា​សា​ប្រយុទ្ធ​ជា​ក្រុម (KumiteTeam)តំណាង​ឱ្យ​រាជ​ធានី​ភ្នំពេញ និង​ជា​សិស្ស​ចេញពី​ក្លិប​កា​តុង​ហ្វា​ង​រ៉ា​តេ​(​សាលារៀន​សុវណ្ណ​ភូមិ​អូឡាំ​ពិក​)​។​

​ថ្វី​ដ្បិត​តែនេះ​ជា​ការ​ចូលរួម​ប្រកួត​លើក​ទី​១​សម្រាប់​លោក​ក្ដី​ ប៉ុន្តែ​លោក​សប្បាយ​ចិត្ត​ជាខ្លាំង​ដែល​យ៉ាង​ហោច​ណាស់​អាច​យក​មេ​ដាយ​សំរឹទ្ធ​ជូន​ក្រុម​បាន​។

​លោក​ ប៉ូច ណា​ឃីម បាន​ប្រាប់​ថា៖«​លើក​នេះ​ជា​បទ​ពិសោធន៍​ដ៏​ល្អ​សម្រាប់​ខ្ញុំដើម្បី​ជាការ​ត្រៀម​ខ្លួន​ទុក​ប្រកួត​លើក​ក្រោយៗ​ទៀត ព្រោះ​សមត្ថ​ភាព​ខ្ញុំ​នៅ​ទាប​នៅ​ឡើយ​»​។​

​កីឡាករ​រូបនេះ​បាន​ប្ដេជ្ញា​ហ្វឹក​ហាត់​បន្ត​ទៀត​ដើម្បី​ពង្រឹង​សមត្ថ​ភាព​សំដៅ​ជា​ពិសេស​សម្រាប់​ការប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​ក្រោយ ដែល​មាន​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ស្រាប់​។

​ចំណែក ​កញ្ញា ស៊ិន សូ​រី​ណែ​ត ដែលជា​កីឡា​ការ​នី​ឈ្នះ​មេដាយ​សំរឹទ្ធ​ក្នុង​វិញ្ញា​សា​ប្រយុទ្ធ​ជា​ក្រុមដែលជា​សិស្ស​មកពី​ក្លិប​កា​រ៉ា​តេ​ផា​រ៉ា​ហ្គ​ន​ និង​ជា​កីឡា​ការិនី​តំណាង​រាជធានី​ភ្នំពេញ​ដែរនោះ​បាន​យក​បទ​ពិសោធន៍​នៃ​ការប្រកួត​នេះ​ជា​ទុន​សម្រាប់​ទុក​ប្រកួត​បន្ត​ទៀត​។

​ដោយ​ឡែក កញ្ញា​បាន​កត់​សម្គាល់​ឃើញ​កីឡាករ​ កីឡា​ការិនី​ផ្សេង​ទៀត​មាន​សមត្ថ​ភាព​ខ្លាំង ​ដោយ​អ្នកខ្លះ​ធ្លាប់​ទាំង​បាន​ចូលរួម​ប្រកួត​នៅក្រៅ​ប្រទេស​ទៀត​ផង​។ក្រៅពី​នោះ​ក៏មាន​ផង​ដែរ​នូវ​កីឡាករ​ កីឡា​ការិ​នី​ជម្រើស​ជាតិ​ដែល​មាន​សមត្ថ​ភាព​លេច​ធ្លោ​។​

​កញ្ញា ​ស៊ិន សូ​រី​ណែ​ត បានថ្លែ​ងថា​ ៖ «​បន្ទាប់ពី​បាន​មេដាយ ខ្ញុំ​សប្បាយ​ចិត្តខ្លាំង​ដោយ​សារ​ខ្ញុំ​ប្រកួត​ប៉ះ​ជាមួយ​អ្នក​ខ្លាំង ​អ្នក​ហាត់​ច្រើន​ឆ្នាំ​! ខ្ញុំ​ស្ទើរតែ​មិន​រំពឹង​ថា​នឹង​បាន​មេ​ដាយ​ឡើយ​ ប៉ុន្តែ​ខ្ញុំ​ប្រាប់​ខ្លួន​ឯង​ថា​ត្រូវតែ​ខំ​ឱ្យ​អស់ពី​សមត្ថ​ភាព​»​។​

​កញ្ញា​ បាន​បន្ត​ថា៖ «នៅ​ពេល​ដែល​ខ្ញុំ​ចូលរួម​ប្រកួ​ត ខ្ញុំ​បាន​ដឹងថា​សមត្ថ​ភាព​ខ្ញុំ​នៅ​មិន​ទាន់​ខ្លាំង​គ្រប់​គ្រាន់​នៅឡើយ​ទេ ដូច្នេះ​ខ្ញុំ​នឹង​ព្យា​យាម​ហ្វឹក​ហាត់​សមត្ថ​ភាព​របស់ខ្ញុំ​បន្ថែម​ទៀត​ដើម្បី​អាច​មាន​ឱកាស ​មាន​សម​ត្ថ​ភាព​អាច​ចូលរួម​ប្រកួត​ sea game និង​ការ​ប្រកួត​ផ្សេងៗ​ទៀត​»​។​

​យ៉ាង​ណាមិ​ញ បើតាម​អនុរដ្ឋ​លេខាធិការ​ និងជាអនុ​ប្រធាន​សហ​ព័ន្ធ​​កីឡា​កា​រ៉ា​តេ​កម្ពុជា​ លោក​ សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា កីឡាករ កីឡា​ការិនី​មាន​ការ​រីក​ចម្រើន​ជាង​មុន បើ​ធៀប​ទៅនឹង​ឆ្នាំមុ​ន ដោយ​សារតែ​កម្ពុជា​មាន​ឱកាស​ចូលរួម​ប្រកួត​នៅ​ខាងក្រៅ​ច្រើន ​ប៉ុន្តែ​យ៉ាង​ណា លោក​បាន​អំពាវនា​វ​ឱ្យមាន​ការចូល​រួម​ហ្វឹកហា​ត់​ឱ្យ​កាន់​តែច្រើ​ន​ថែម​ទៀត​ ដើម្បី​ត្រៀម​លក្ខណៈ​ឱ្យបាន​គ្រប់​គ្រាន់​សម្រាប់​កីឡា​ស៊ី​ហ្គេម​នាពេល​ឆាប់ៗ​ខាង​មុខ​។

​គួរ​បញ្ជាក់​ថា នៅក្នុង​ប្រភេទ​កីឡា​កា​រ៉ា​តេ​ទាំង​៦​ក្លិប​ គឺក្លិប​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​ ទទួលបាន​ចំណាត់​ថ្នាក់​លេខ​១ ដោយ​បាន​មេដាយ​មាស​ចំនួន​៧ ប្រាក់​១ និង​សំរឹទ្ធ ​៤​។

​តំណាង​ខេត្ត​កំពង់​ស្ពឺ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​២ ​ដោយ​បាន​មេដាយ​មាស​ចំនួន​២​ ប្រាក់​ចំនួន​៤ និង​សំរឹទ្ធ ​២​។ ក្លិប​ក្រសួង​ការ​ពារ​ជាតិ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៣​ ដោយ​បាន​មេដាយ​មាស​ចំនួន​២ ប្រាក់​២ និ​ង​សំរឹទ្ធ៥​​។ក្លិប​ក្រសួង​មហា​ផ្ទៃ​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៤ ​ដោយ​បាន​មេដាយ​មាស​១ ប្រាក់​២ និង​សំរឹទ្ធ​៣​។

​តំណាង​រាជ​ធានី​ភ្នំពេញ ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៥ ដោយបា​ន​មេដាយ​ប្រាក់​២ និង​សំរឹទ្ធ​៣​។ តំណាង​ខេត្ត​កណ្ដាល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ​៦ ដោយ​បាន​មេដាយ​ប្រាក់​១​ និង​សំរឹទ្ធ​៤៕