
លោកហ៊ុន សែនលើកដៃអបអរសាទរគុនល្បុក្កតោនៅក្នុងពិធីកាលពីយប់ថ្ងៃទី ៣០ វិច្ឆិកា។ រូប អាប់ឌុលរ៉ាស់ហ៊ីម
ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញនូវមោទនភាពជាខ្លាំង និងបានថ្លែងអំណរគុណទៅដល់គ្រប់តួអង្គពាក់ព័ន្ធទាំងអស់ ដែលបានខំប្រឹងប្រែងរួមគ្នា ដើម្បីធ្វើឱ្យ «គុនល្បុក្កតោ» របស់កម្ពុជា ទទួលបានជោគជ័យ ក្នុងការដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ជាផ្លូវការនៅប្រទេសម៉ារ៉ុក កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២។
ជាមួយការទទួលបានជោគជ័យជាប្រវត្តិសាស្ត្រថ្មី ១ ទៀតរបស់កម្ពុជា ក្នុងការដាក់ «គុនល្បុក្កតោ» ទៅក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់ពិភពលោកនេះ លោក ហ៊ុន សែនបានប្រកាសថា កម្ពុជា នឹងរៀបចំធ្វើអង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ឡើងវិញ នៅឆ្នាំ ២០២៣ ហើយកីឡាគុនល្បុក្កតោនឹងក្លាយជា «និមិត្តរូប» ដ៏សំខាន់សម្រាប់ការជួបជុំនៃអង្គរសង្ក្រាន្តនេះ។
លោកបានថ្លែងថា៖ «វត្តមានកីឡាល្បុក្កតោនៅអង្គរសង្ក្រាន្ត ជារៀងរាល់ឆ្នាំ កាលពីមុន គឺពិតជាបានបង្ហាញឱ្យយើងជំរុញល្បឿន នៃការដាក់ក្បាច់គុននេះចូលទៅ ដើម្បីឱ្យមានការទទួលស្គាល់ពីអង្គការយូណេស្កូ ហើយខ្ញុំក៏សូមបញ្ជាក់ជូនចំពោះបងប្អូនជនរួមជាតិទូទាំងប្រទេសឱ្យបានជ្រាបថា នៅថ្ងៃចូលឆ្នាំខ្មែរ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ យើងនឹងធ្វើអង្គរសង្ក្រាន្តសាជាថ្មីម្តងទៀត។ ពេលនោះសង្ឃឹមថា កីឡាគុនល្បុក្កតោរបស់យើងនឹងក្លាយទៅជានិមិត្តរូបដ៏សំខាន់ នៃការជួបជុំក្នុងអង្គរសង្ក្រាន្តនាពេលនោះ»។
ការលើកឡើងបែបនេះរបស់លោក ហ៊ុន សែន ត្រូវបានធ្វើឡើង នៅក្នុងពិធីបិទការប្រកួតកីឡាជាតិ លើកទី ៣ និងកីឡាជនពិការ លើកទី ១ ឆ្នាំ ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីយប់ថ្ងៃទី ៣០ វិច្ឆិកា ដោយកម្មវិធីនេះ មានអ្នកចូលរួមរាប់ម៉ឺននាក់ ហើយក៏មានការបង្ហាញនូវទស្សនីយភាពសំខាន់ៗជាច្រើន ជាពិសេសគឺការដង្ហែក្បួនដ៏ធំរបស់ក្រុមគុនល្បុក្កតោ ដើម្បីអបអរ «គុនល្បុក្កតោ» បានចុះក្នុងបញ្ជីតំណាងបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
ជាមួយគ្នានោះ លោកនាយករដ្ឋមន្ត្រីបានលើកឡើងនូវចំណុចសំខាន់ ៣ ដែលជាតួអង្គដ៏សំខាន់ ក្នុងការជួយជ្រោមជ្រែងឱ្យ «គុនល្បុក្កតោ» ដែលបានបាត់បង់អស់រយៈពេលរាប់រយឆ្នាំមកហើយនោះ អាចរស់រានឡើងវិញ ហើយបានជាប់នៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ ដ៏គួរជាទីមោទនភាពបំផុត សម្រាប់កូនខ្មែរ និងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា៖ «ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមលើកឡើងនូវចំណុច៣សំខាន់ ដែលទាក់ទងនឹងមោទនភាពរបស់យើង ដំបូងគឺ «ផឹកទឹកឱ្យនឹកប្រភពទឹក» គឺយើងគួរតែអរគុណយ៉ាងជ្រាលជ្រៅទៅដល់ដូនតារបស់យើងគ្រប់ជំនាន់ ដែលបានខិតខំបន្សល់ស្នាដៃទុកឱ្យយើង និងក្មេងជំនាន់ក្រោយ។ ប្រសិនបើដូនតារបស់យើង មិនមានបន្សល់ទុកអ្វីៗឱ្យយើងនោះទេ យើងក៏គ្មានលទ្ធភាពឯណា ដើម្បីយកទៅដាក់ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ទាំងជារូបី និងអរូបីនោះដែរ»។
ចំពោះចំណុចទី ២ លោក ហ៊ុន សែន បានបន្ថែមថា យើងគួរតែអរគុណចំពោះកីឡាករ កីឡាការិនីទាំងអស់ ដែលបានខិតខំងើបឈរឡើង ប្រមូលដើមទុន ចាប់តាំងពីក្រោយថ្ងៃរំដោះ ឆ្នាំ ១៩៧៩។ អ្នកទាំងនោះ បានខិតខំងើបឈរឡើងប្រមូលទុន ពីព្រោះថា អ្វីៗត្រូវបានបំផ្លាញក្នុងជំនាន់ប៉ុលពត គ្មានវិធីណាល្អជាងក្រៅពីការប្រមូលដើមទុនមកវិញគ្រប់ផ្នែកទាំងអស់ដូចជា សិល្បៈ កីឡា និងផ្នែកដទៃទៀត សុទ្ធតែត្រូវការប្រមូលដើមទុនមកវិញ។
លោកបន្តថា៖ «មនុស្សមួយចំនួន ក៏បានរស់រានមានជីវិតដល់ពេលនេះនិងមួយចំនួនទៀតក៏បានទទួលមរណកាលហើយ។ ខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការគោរពចំពោះវិញ្ញាណក្ខន្ធ ចំពោះអ្នកដែលបានស្លាប់ទៅ ហើយក៏សូមកោតសរសើរចំពោះកីឡាករ កីឡាការិនី គ្រូបង្វឹក ដែលបានខិតខំព្យាយាមរក្សានូវអត្តសញ្ញាណជាតិមួយនេះ តាមរយៈការរុញជាបណ្តើរៗ រហូតដល់យើងយកក្បាច់នេះ (គុនល្បុក្កតោ) ដាក់ចូលជាក្បាច់គុននៃកងយោធពលខេមរភូមិន្ទ ដែលជាមោទនភាពដ៏សំខាន់របស់យើង»។
ចំណែកចំណុចទី ៣ លោកនាយករដ្ឋមន្ត្រី បានសម្តែងការអរគុណ ទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដែលបានខិតខំជំរុញកិច្ចការងារនេះ រហូតបានសម្រេច។
លោកបញ្ជាក់ថា៖ «មុនពេលប្រជុំអាស៊ាន ខ្ញុំបានទទួលរបាយការណ៍រួចជាស្រេចហើយ អំពីការអនុម័តដោយអង្គការយូណេស្កូ នៅទីក្រុងប៉ារីស ក៏ប៉ុន្តែយើងមិនអាចបំពានទៅនឹងនីតិវិធីបានទេ ដូច្នេះយើងត្រូវរង់ចាំរយៈពេលប្រមាណ ៣ សប្តាហ៍ ហើយទើបតែ ២០ ម៉ោងមុននេះទេ ដែលគណៈកម្មការបានគោះជួងទទួលយក នូវក្បាច់គុនល្បុក្កតោរបស់យើងទៅជាបេតិកភណ្ឌអរូបីរបស់មនុស្សជាតិ»។
បន្ថែមទៅលើការទទួលបានជោគជ័យ សម្រាប់ការដាក់ «គុនល្បុក្កតោ» ទៅជាសម្បត្តិបេតិកភណ្ឌអរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូនេះ លោកហ៊ុន សែន បានប្តេជ្ញាថា កម្ពុជា នឹងព្យាយាមបញ្ចូលតទៅទៀត នូវទ្រព្យសម្បត្តិដូនតាទៅកាន់អង្គការយូណេស្កូ ដើម្បីអាចជាប់នៅក្នុងបញ្ជីបេតិកភណ្ឌនៃមនុស្សជាតិរបស់ពិភពលោក ជាបន្តបន្ទាប់ទៀត។
លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ចាប់តាំងពីឆ្នាំ ២០០៨ រហូតដល់ពេលនេះ ជាង ១ ទសវត្សរ៍កន្លះរួចមកហើយ ដែលយើងបានបញ្ចូលជាបន្តបន្ទាប់ ជាបេតិកភណ្ឌសម្រាប់មនុស្សជាតិ ទាំងរូបី និងអរូបី ដែលខ្ញុំសូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរដល់ក្រសួងវប្បធម៌ និងតួអង្គពាក់ព័ន្ធទាំងអស់ដែលបានខិតខំធ្វើកិច្ចការដ៏ល្អសម្រាប់ប្រទេសយើងហើយសង្ឃឹមថា យើងនឹងបញ្ចូលតទៅទៀត នូវទ្រព្យសម្បត្តិដូនតារបស់យើង»។
ពាក់ព័ន្ធនឹងការរៀបចំអង្គរសង្ក្រាន្ត លោក ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិត្យ សភាកម្ពុជា បានថ្លែងកាលពីថ្ងៃទី ១ ខែធ្នូថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឬក៏រៀបចំព្រឹត្តិការណ៍ប្រពៃណីផ្សេងៗ វាគឺជាសុទ្ធតែរឿងដែលមានប្រយោជន៍ ពីព្រោះវាធ្វើឱ្យប្រពៃណី និងទំនៀមទម្លាប់របស់ខ្មែរ មានភាពរស់ឡើងវិញ ដែលមានជីវិត និងការវិវត្ត ក៏ដូចជាការអភិរក្សផងដែរ។
លោកបន្ថែមថា ការរៀបចំពិធីទាំងនេះវាជាការបង្រៀន និងផ្សព្វផ្សាយទៅដល់ក្មេងៗជំនាន់ក្រោយឱ្យស្គាល់ពីតម្លៃ ប្រពៃណី ទំនៀមទម្លាប់ រប្បធម៌របស់ប្រទេសកម្ពុជា។ «ប្រសិនជាព្រឹត្តិការណ៍នៃកម្មវិធីទាំងនោះ ត្រូវធ្វើនៅតំបន់ទេសចរណ៍ដូចជាខេត្តសៀមរាបដែលជាតំបន់រប្បធម៌ នោះវាជាការបង្ហាញឱ្យបងប្អូនខ្មែរយើង និងភ្ញៀវបរទេស បានស្គាល់ បានឃើញ ពីតំបន់រប្បធម៌នេះ ដើម្បីគេជួយផ្សព្វផ្សាយទៅកាន់ប្រជាជាតិនានា និងទេសចរពិភពលោកនានាផងដែរ តាមរយៈការចូលរួម និងការទស្សនា»។
លោកបន្ថែមថា ក្រៅពីបានធ្វើការផ្សព្វផ្សាយ ប្រទេសកម្ពុជាក៏ទទួលបានកិត្តិយស កេរ្តិ៍ឈ្មោះ និងទទួលបានថវិកាពីការចំណាយ ដែលមានភ្ញៀវទេសចរចូលមកទស្សនាប្រាសាទនិងដើរកម្សាន្តផង ដូច្នេះប្រទេសកម្ពុជាទទួលបានប្រយោជន៍ច្រើនណាស់។
លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាប បានប្រាប់ថា លោកទទួលបានដំណឹងពីការប្រកាសរបស់លោកនាយករដ្ឋមន្ត្រីថា នឹងមានការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តជាថ្មីឡើងវិញ។ ដោយឡែកសម្រាប់ខេត្តសៀមរាប ជាក់ស្ដែង គឺមិនទាន់មានផែនការរៀបចំនៅឡើយទេ។
លោកថា៖ «ការរៀបចំផែនការ គឺយើងត្រូវដឹងស្ថាប័នណាខ្លះ មានភារកិច្ចអី ក្នុងការរៀបចំ ហើយអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀត ត្រូវធ្វើអ្វីខ្លះចំពោះរឿងហ្នឹង»។
រីឯលោក ទិត ច័ន្ទតារា ក្រុមការងារផ្សព្វផ្សាយនៃសហភាពសហព័ន្ធយុវជនកម្ពុជាថ្លែងថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្រុមការងារកំពុងរៀបចំព័ត៌មានមួយចំនួន ដើម្បីធ្វើសន្និសីទសារព័ត៌មាន។
លោកបានបញ្ជាក់ថា៖ «អ៊ីចឹង! សន្និសីទសារព័ត៌មាននេះ យើងនឹងធ្វើឡើងនៅថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២២ ហើយសម្រាប់ព័ត៌មានបន្ថែមយើងហ្នឹងជម្រាបជូននៅពេលក្រោយ»៕
វីដេអូ៖