ភ្នំពេញ៖ មន្រ្តីជំនាញ​របស់​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានចាត់ទុក​ ការ​ប្រកួត​កីឡាជាតិ លើក​ទី​៣ និង​កីឡាជនពិការ​ជាតិ លើក​ទី​១ ឆ្នាំ ​២០២២ ដែល​ទើប​តែ​បញ្ចប់ កាលពី​ពេលថ្មីៗ​នេះ​ថា បាន​ផ្តល់​អត្តប្រយោជន៍​ជាច្រើន​ទាំង​សម្រាប់​កីឡាករ កីឡាការិនី ជាពិសេស​ក្រុម​មន្រ្តី​បច្ចេក​ទេស ឱ្យ​​ទទួលនូវ​​បទពិសោធបន្ថែម ក្នុងការ​ពង្រឹង​ជំនាញ​របស់​ពួកគាត់ កាន់តែ​ប្រសើរ សម្រាប់ត្រៀម​ឆ្ពោះ​ទៅ​ធ្វើ​ជាម្ចាស់​ផ្ទះ ការ​ប្រកួតស៊ីហ្គេម និងអាស៊ាន​ប៉ារ៉ាហ្គេម ឆ្នាំ​២០២៣។

អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា លោក អាំង សិរីពិសិដ្ឋ បាន​លើកឡើង​ថា ​តាម​រយៈ​ការប្រកួតកីឡាជាតិ​លើក​ទី​៣ ចំនួន​១២ថ្ងៃនេះ គឺ​អ្វីៗមានភាពល្អប្រសើរ ដែលបង្ហាញពីភាពចាស់ទុំនៃការគ្រប់គ្រង និងរៀបចំព្រឹត្តិការណ៍ ពិសេសវា​ជាឱកាសមួយ សម្រាប់សហព័ន្ធកីឡាបាល់ទះកម្ពុជា ក្នុង​ការពង្រឹងសមត្ថភាពមន្ដ្រីបច្ចេកទេស អាជ្ញាកណ្ដាល ដើម្បីជាការតេស្ដសាកល្បង ក៏ដូចជាពិនិត្យពីចំណុចខ្វះខាត និងកំហុសឆ្គង ដែលយើង​​ត្រូវធ្វើការកែតម្រូវ និងបំពេញបន្ថែម។

លោក អាំង សិរីពិសិដ្ឋ បាន​ថ្លែង នៅក្នុងពិធីបិទការ​ប្រកួត​កីឡាបាល់​ទះ​ឆ្នេរខ្សាច់ ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិនេះ កាលពី​ថ្ងៃទី​២៩ ខែវិច្ឆិកា​ថា៖ «ចំពោះ​មន្រ្តីអាជ្ញាកណ្តាល​របស់​យើង កាន់តែ​មាន​ភាព​រឹងមាំ​ថែម​ទៀត ហើយជាក់​ស្តែង នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាជាតិ​នេះ សហព័ន្ធបានផ្ដល់ឱកាសដល់មន្ដ្រីបច្ចេកទេសវ័យក្មេងៗជាច្រើនឱ្យ​ចូលរួមដឹកនាំ និងរៀបចំការប្រកួតនេះ ព្រោះ​​ពេលនេះ​ជា​យុគសម័យ​ ដែល​ត្រូវបន្ត​វេន»។

យ៉ាង​ណា​ក៏​ដោយ សម្រាប់ការ​ឆ្ពោះ​ទៅ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ឆ្នាំ​២០២៣​នេះ វាទាមទារ​ឱ្យ​មន្រ្តី​អាជ្ញាកណ្តាល ត្រូវ​មាន​អាជ្ញាប័ណ្ឌអន្ដរជាតិ ក្នុងការ​គ្រប់​គ្រង និង​ដឹកនាំ​ការ​ប្រកួត ហើយ​បញ្ហា​នេះ ត្រូវ​បាន​លោក អាំង សិរីពិសិដ្ឋ ចាត់ទុក​ថា ជា​ក្តី​កង្វល់​មួយផងដែរ សម្រាប់​សហព័ន្ធកីឡា​បាល់​ទះ​កម្ពុជា។

តែទោះបីជា​យ៉ាងណា លោក​បានអះអាង​ថា តាមរយៈការប្រកួតកីឡាជាតិ លើក​ទី​៣នេះ ក៏ដូចជាការត្រៀមបញ្ចូនមន្ដ្រីអាជ្ញាកណ្ដាល ទៅសិក្សារៀនសូត្របន្ថែមនៅបរទេសជាបន្ដបន្ទាប់ នាពេលឆាប់ៗខាងមុខ សហព័ន្ធជឿជាក់ថា មន្ដ្រីបច្ចេកទេសកម្ពុជា នឹងអាចត្រៀមលក្ខណៈបានគ្រប់គ្រាន់ ដើម្បីទទួលរៀបចំ និងដឹកនាំការប្រកួតក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រ ដែលកម្ពុជារង់ចាំអស់​៦៤ឆ្នាំមួយ​នេះ។

លោក អាំង សិរីពិសិដ្ឋ បានបង្ហាញសុទិដ្ឋិនិយមបែបនេះ​ថា៖ «តាម​បទពិសោធដែលយើងបានរៀបចំក្នុងកីឡាជាតិ បូករួមទាំងយើងសិក្សានៅថ្នាក់អន្ដរជាតិថែមទៀត យើងជឿជាក់ថា សហព័ន្ធកីឡាបាល់ទះកម្ពុជារបស់យើង នឹងមានភាពរឹងមាំ គឺ​រឹងមាំទាំងផ្នែកកីឡាករ កីឡាការិនី រឹងមាំទាំងគណៈកម្មការរៀបចំ និង​មន្ដ្រីអាជ្ញាកណ្ដាល សម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ»។

សម្រាប់​ការ​ប្រកួត​កីឡាជាតិ លើក​ទី ​៣ ឆ្នាំ​ ២០២២នេះ ប្រភេទកីឡាបាល់ទះ បាន​បែងចែកការ​ប្រកួត​ជា៣ផ្នែក​ដាច់ពី​គ្នា គឺទី១ ​កីឡាបាល់ទះក្នុងសាលបុរស មានបេក្ខភាព​ចំនួន​៩ក្រសួង និងរាជធានី-ខេត្តចូលរួម ទី​២ កីឡាបាល់ទះក្នុងសាលនារី មានបេក្ខភាព ៨ ខេត្តចូលរួម និង​ទី​៣ កីឡាបាល់ទះឆ្នេរខ្សាច់បុរស មានបេក្ខភាព ១០ក្រសួង និងរាជធានី-ខេត្តចូលរួម ដែលបានធ្វើការប្រកួត ចាប់ពីថ្ងៃទី ២០ រហូតដល់ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២២ នេះ។

ជាលទ្ធផលបច្ចេកទេស សម្រាប់ការ​ប្រកួត​នេះ ក្រុម​កីឡា​បាល់ទះ​ក្នុង​សាល​របស់​ក្រសួងមហាផ្ទៃ ដណ្ដើមបានមេដាយមាស រីឯ​​មេដាយប្រាក់​បាន​ទៅ​ខេត្តព្រៃវែង និងរាជធានីភ្នំពេញ ទទួលបានមេដាយសំរឹទ្ធ។ ចំណែក​ការ​ប្រកួត​បាល់ទះក្នុងសាលនារីវិញ ក្រុម​ខេត្តកណ្ដាល ទទួលបានមេដាយមាស ខេត្តពោធិ៍សាត់ បាន​មេដាយប្រាក់ និងខេត្ដបន្ទាយមានជ័យ ឈ្នះមេដាយសំរឹទ្ធ។ ចំពោះ​បាល់ទះឆ្នេរខ្សាច់បុរស គឺក្រុម​ខេត្តព្រះសីហនុ បាន​គ្រងតំណែង​ជើងឯង រីឯ​ជើងឯក​រក ​បាន​ទៅ​ក្រុម​ក្រសួងការពារជាតិ និងលេខ​៣ បាន​ទៅ​ក្រុម​ខេត្តពោធិ៍សាត់៕