ភ្នំពេញ៖ ព្រឹត្តិការណ៍​ប្រកួត «WURKZ ប្រដាល់​គុនខ្មែរ​ប្រចាំ​ប្រទេស» រដូវកាលទី​២ ​ដណ្តើម​ខ្សែ​ក្រវាត់គុនខ្មែរ​​កម្រិត​ពិភព​លោក IPCC KUN KHMER នឹង​ចាប់​ផ្តើម​​ប្រកួតជម្រុះ​រវាង​បេក្ខភាព​ទាំង​២៤នាក់ នៅ​ថ្ងៃសៅរ៍ សប្តាហ៍នេះ ដើម្បី​ស្វែង​​រក​ជើងខ្លាំង ឡើង​ទៅប្រកួត​នៅ​វគ្គបន្ត ដែល​នឹង​ត្រូវ​ធ្វើ​នៅតាម​រាជធានី-ខេត្ត ចំនួន​១២ ក្នុងប្រទេស​កម្ពុជា ខណៈ​ជើងខ្លាំង ផល សោភ័ណ្ឌ បាន​ក្លាយជា​ម្ចាស់ខ្សែ​ក្រវាត់​នៃ​ការ​ប្រកួត​រដូវ​កាលទី​១។

ដោយមានការ​សហការ​ពី​ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ និង​​ស្ថាប័នប្រដាល់អន្តរជាតិ International Professional Combat Council (IPCC) គឺ​សង្វៀនថោន ដែលជា​អ្នក​រៀបចំការ​ប្រកួតនេះ បាន​ជ្រើស​រើស​រួច​​រាល់​ហើយ នូវ​បេក្ខភាពចំនួន​២៤នាក់ សម្រាប់​ឱ្យចូល​រួមការ​ប្រកួតខ្សែ​ក្រវាត់​ IPCC KUN KHMER ទម្ងន់​៦០​គីឡូក្រាម ក្នុង​រដូវ​កាលនេះ។

សម្រាប់​កីឡាករ​ទាំង​ ២៤ ​នាក់ ដែលបាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុងការ​ប្រកួតនេះ រួម​មាន ធី វ៉ារិទ្ធ, សូដា សុជាតិ, សៀវ ង៉ុយ, រឿម វណ្ណៈ, ឡូញ វណ្ណឌី, ឡុង ខេត្ត, នឿន សាវឌី, ភួន ឡាំងកូស៊ីន, ហ៊ិត សុភាព, លាភ សំណាង, សេក គឹមសាន្ត, សេន កុសល់, ពុទ្ធ សំបូរ, គង់ ហូវ, ស៊ន រ៉ាគីម, ឆន ឈៀងរ៉ាន់, សូត្រ វាសនា, ពេជ្រ ម្ទេសខ្មាំង, លាភ រដ្ឋា, ហេង សុភ័ក្រ, ម៉ន សាម៉េត, អេលីត សាន់, វ៉ាន់ វឿន និង បឺត សង្ឃឹម។

អ្នកទាំង​ ២៤​ នេះ បានចាប់​ឆ្នោត​ផ្គូផ្គង​រួច​ហើយ នៅ​ក្នុ​ង​សន្និសីទ​កាសែត កាលពី​ថ្ងៃទី​២៨ ខែវិច្ឆិកា ហើយ​ពួកគេ នឹង​ត្រូវ​ធ្វើ​ការប្រកួតជម្រុះ នៅលើ​សង្វៀនគុនខ្មែរ ៨ ជ្រុង ចាប់ពី​រសៀល​ម៉ោង ​១ ថ្ងៃសៅរ៍នេះ​តទៅ ដើម្បី​រក​អ្នក​ឈ្នះ​ចំនួន​ ១២​ នាក់ ឡើង​ទៅវគ្គ​បន្ត ដែល​មានការ​ប្រកួត​ចំនួន​១២រាជធានី-ខេត្ត គឺ​​​​​ខេត្ត​ពោធិ៍សាត់ បាត់ដំបង់ កំពង់ឆ្នាំង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង តាកែវ និងខេត្ត​កណ្តាល ហើយ​​វគ្គផ្តាច់ព្រ័ត្ត នឹង​ធ្វើនៅរាជធានីភ្នំពេញ ដើម្បី​ស្វែងរក​ម្ចាស់ខ្សែក្រវាត់ ខណៈ​ប្រាក់រង្វាន់​សរុប​​មាន​រហូត​ដល់​១២៤លានរៀល។

ទាក់ទង​ទៅនឹងការ​ប្រកួត​ដណ្តើ​ម​ខ្សែ​ក្រវាត់ពិភព​លោក​នេះ ខ្លាចាស់កំពូលល្បិច ម៉ន សាម៉េត មកពីក្លិបកងចក្ររាជសី ដែល​ត្រូវ​ប្រកួតជម្រុះជាមួយ​កីឡាករ ហ៊ិត សុភាព នោះ បាន​និយាយ​ថា៖ «ការ​ចូល​រួម​ព្រឹត្តិការណ៍នេះ ជា​ក្តីប្រាថ្នារបស់យើងខ្ញុំ ​ហើយ​ខ្ញុំ​ប្តេជ្ញាចិត្ត​ថា នឹង​ធ្វើជាម្ចាស់ខ្សែក្រវាត់ IPCC KUN KHMER នេះ​ ឱ្យ​បាន»។

ម៉ន សាម៉េត បាន​បន្ថែម​ថា៖ ​«នេះ​ជាមោទនភាពជាតិ សម្រាប់​វិស័យគុនខ្មែរ ដែល​ស្ថាប័ន​អន្តរជាតិ IPCC បានដាក់កម្ពុជាជាសមាជិកស្ថាប័នមួយនេះ ហើយ​ខ្ញុំពិត​ជា​ចង់មាន ឈ្មោះ​​បន្ត​ទៅ​ប្រកួត នៅលើ​​ឆាក​អន្តរជាតិ ដើម្បី​ដណ្តើម​ខ្សែក្រវាត់​​​ពិភពលោក ដែល​ជាក្តី​ប្រាថ្នា​របស់​​ខ្ញុំ​ក្នុង​នាម​ជា​កីឡាករ​ខ្មែរ»។

ចំណែក​លោក Tomy Kim TOMY តំណាង IPCC KUN KHMER ប្រចាំនៅ​​​កម្ពុជា បាន​ឱ្យ​ដឹង​ថា IPCC បានសម្រេចទទួលស្វាគមន៍ «ក្បាច់គុនខ្មែរ» ចូល​ជា​សមាជិក​គ្រួសារ​របស់​ស្ថាប័ននេះហើយ ​ដែល​មាន​សមាជិក​ជាង​៦០​ប្រទេស ហើយ​គ្រប់ការប្រកួត​របស់​សង្វៀន IPCC KUN KHMER គឺ​សុទ្ធ​តែ​ជា​ការ​យក​ចិត្តទុកដាក់​តាមដានបំផុត ពីស្ថាប័នប្រដាល់ជាសមាជិក IPCC ទាំង​អស់ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​ចេញ​ពី​កញ្ចក់​ទូរទស្សន៍ Town Full HDTV ជាពិសេស​ស្ថាប័នប្រដាល់ប្រទេសជិតខាងកម្ពុជា គេ​យក​ចិត្ត​ទុក​ដាក់​តាម​ដាន​បំផុត​ពី​ភាព​រស់​រវើក​​នៃ​​ក្បាច់គុនខ្មែរយ៉ាងសម្បូរបែប។

លោក Tomy បាន​បន្ថែម​ថា៖«យើង​ចង់ឃើញកីឡាករគុនខ្មែរ ទៅ​ឈរ​លើ​សង្វៀន​អន្តរជាតិ​ ដែល​រៀបចំ​ឡើង​ដោយ​ស្ថាប័ន​ប្រដាល់ IPCC ដើម្បី​ដណ្តើម​ជ័យជម្នះ​ឱ្យ​បាន​ជូន​ជាតិ​មាតុ​ភូមិ ហើយ​ខ្ញុំចង់​ឃើញ​កីឡាករ​គុនខ្មែរ ទៅប្រកួតក្នុង​ព្រឹត្តិការណ៍​លំដាប់​ពិភព​លោក ​ដណ្តើម​ខ្សែក្រវាត់ IPCC KUN KHMER EUROPE CHAMPIONSHIP ដែល​រៀបចំដោយ IPCC»។

ចំណែក​លោក និន ភារម្យ អនុប្រធានសហពន្ធកីឡាប្រដាល់គុនខ្មែរ បាន​និយាយ​ថា យើង​​ពិតជា​​សប្បាយ​ចិត្ត ​នៅ​ពេល​ឃើញព្រឹត្តិការណ៍សង្វៀនប្រដាល់គុនខ្មែរ​៨ជ្រុង ធ្វើ​ដំណើរ​ស្វែងរក​កីឡាករពោរពេញ​ដោយសមត្ថភាព និងទេពកោសល្យ ដោយ​ការ​ប្រកួត​ជម្រុះ​វិលជុំ​តាម​បណ្តារាជធានី-ខេត្ត និងត្រៀមឈានទៅប្រកួតលើសង្វៀនកម្រិត​អន្តរជាតិបន្តនៅក្រៅប្រទេស៕