
ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Lionel Messi (កណ្តាល) ព្យាយាមដណ្តើមបាល់ជាមួយនឹងខ្សែការពារអូស្ត្រាលី Harry Souttar (ឆ្វេង) និងខ្សែបម្រើ Jackson Irvine កាលពីថ្ងៃទី៣ ខែធ្នូ។ AFP
ការខិតខំព្យាយាមរបស់ក្រុមជម្រើសជាតិបារាំងក្នុងការការពារពាន World Cup នឹងបន្ត នៅពេលដែលពួកគេប៉ះជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ នៅរាត្រីថ្ងៃអាទិត្យ ទី៤ ខែធ្នូនេះ ស្របពេលដែលការប្រមាញ់របស់ក្រុមជម្រើសជាតិអង់គ្លេស ដើម្បីឈ្នះពានដ៏សំខាន់ជាលើកដំបូងរបស់ពួកគេ ក្នុងរយៈពេល ៥៦ ឆ្នាំ នឹងត្រូវល្បងសមត្ថភាពពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិសេណេហ្គាល់។
ក្រុមបារាំង របស់លោក Didier Deschamps កំពុងតែមានបំណងដើម្បីក្លាយជាក្រុមដំបូងគេដែលបានឈ្នះពាន World Cup ២លើកជាប់ៗគ្នា បើគិតចាប់តាំងពីប្រេស៊ីល ធ្វើបានសម្រេចក្នុងឆ្នាំ១៩៥៨ និងឆ្នាំ១៩៦២ ក្រោយពីបានបញ្ចប់ដោយការឈរលេខ១ក្នុងពូល D។
ជាមួយនឹងការមានអាវុធដ៏មុតស្រួចគឺខ្សែប្រយុទ្ធ Kylian Mbappe របស់ក្លិប Paris Saint-Germain ក្រុមជម្រើសជាតិបារាំង ត្រូវបានចាត់ទុកថា ជាក្រុមមានក្តីសង្ឃឹមខ្ពស់ក្នុងការផ្តួលក្រុមជម្រើសជាតិប៉ូឡូញ នៅកីឡដ្ឋាន Al Thumama នៅទីក្រុងដូហា។
ប៉ុន្តែ ស្របពេលដែលព្រឹត្តិការណ៍ World Cup នេះ កំពុងតែបង្កើតឲ្យមានរឿងភ្ញាក់ផ្អើលជាច្រើន ដូចជាការធ្លាក់ចេញរបស់ក្រុមជម្រើសជាតិបែលហ្ស៊ិក និងអាល្លឺម៉ង់ ខ្សែប្រយុទ្ធ Robert Lewandowski របស់ក្លិប Barcelona គឺជាកីឡាករសំខាន់ដែលអាចនឹងផ្តល់ឲ្យមានការភ្ញាក់ផ្អើលសម្រាប់ក្រុមបារាំង។

ខ្សែប្រយុទ្ធអន្តរជាតិបារាំង Kylian Mbappe សម្លឹងមើលបាល់ អំឡុងពេលហ្វឹកហាត់ នៅកីឡដ្ឋាន Jassim-bin-Hamad ខណៈដែលក្រុមជម្រើសជាតិបារាំង ត្រៀមប៉ះ ជាមួយនឹងប៉ូឡូញ។ AFP
ខ្សែប្រយុទ្ធដែលរកបានគ្រាប់បាល់ច្រើនជាងគេរបស់ប៉ូឡូញរូបនេះ សង្ឃឹមថា នឹងអាចរកបានគ្រាប់បាល់ទី២ក្នុង World Cup របស់គេ តាមរយៈទម្លុះសំណាញ់ទីរបស់អ្នកចាំទីអន្តរជាតិបារាំង Hugo Lloris ដែលនឹងត្រូវបង្ហាញខ្លួនជាអន្តរជាតិលើកទី១៤២របស់គេ ដើម្បីតាមស្មើ Lilian Thuram ក្នុងនាមជាកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេបំផុតរបស់បារាំង។
អ្នកចាំទី Lloris ដែលជាប្រធានក្រុមបារាំង បានកោតសរសើរទាំង Lewandowski និងអ្នកចាំទីប៉ូឡូញ Wojciech Szczesny ដែលបានសង្គ្រោះបាល់ប៉េណាល់ទី២គ្រាប់ ដើម្បីជួយឲ្យក្រុមខ្លួនបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២ក្នុងពូល C។
Lloris បានឲ្យដឹងថា៖ «Lewandowski បាក្លាយជាខ្សែប្រយុទ្ធម្នាក់ក្នុងចំណោមខ្សែប្រយុទ្ធម្នាក់ដ៏ឆ្នើមបំផុតក្នុងពិភពលោក អស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែ ពួកគេក៏ជាក្រុមខ្លាំងផងដែរ»។ ប្រសិនបើបារាំង យកឈ្នះលើប៉ូឡូញ ដំណើររបស់ពួកគេទៅកាន់ World Cup វគ្គផ្តាច់ព្រ័ត្រ នាថ្ងៃទី១៨ ខែធ្នូ អាចនឹងបញ្ចប់ត្រឹមវគ្គ៨ក្រុមចុងក្រោយ នៅពេលដែលប៉ះជាមួយនឹងអង់គ្លេស។
ក្រុមអ់គ្លេសរបស់លោក Gareth Southgate ត្រូវបានរំពឹងទុកថា នឹងធ្វើដំណើរទៅជួបារាំងក្នុងវគ្គ៨ក្រុមចុងក្រោយ ប្រសិនបើពួកគេផ្តួលក្រុមជម្រើសជាតិសេណេហ្គាល់ នាកីឡដ្ឋាន Al Bayt។
ខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់បញ្ចូលទីជាលើកដំបូងរបស់គេ ក្នុងវគ្គចាញ់ធ្លាក់ជានៃព្រឹត្តិការណ៍ World Cup ខណៈដែលគ្រាប់បាល់នោះបានកើតឡើងក្នុងការប្រកួតទី១០០០របស់គេ កាលពីថ្ងៃសៅរ៍ ទី៤ ខែធ្នូ។ បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន នឹងត្រូវជួបជាមួយនឹងក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ ក្នុងការប្រកួតវគ្គ៨ក្រុមចុងក្រោយ ក្នុង World Cup ឆ្នាំ២០២២ នៅប្រទេសកាតា ក្រោយពីបានផ្តួលក្រុមជម្រើសជាតិអូស្ត្រាលី ក្នុងលទ្ធផល ២-១៕
កម្មវិធប្រកួតនៅរាត្រីនេះ៖
- បារាំង v ប៉ូឡូ ម៉ោង ១០ យប់
- អង់គ្លេស v សេណេហ្គាល់ ម៉ោង ២ ទៀបភ្លឺ