ភ្នំពេញ៖ នៅទីបំផុត ការ​ព្យាយាម​ប្រឹងប្រែង​ដ៏វែង​ឆ្ងាយ​របស់​ក្រុម​សិង្ហក្រហម ភ្នំពេញក្រោន បាន​ជួយឱ្យ​ពួកគេ អាច​បញ្ចប់រដូវ​កាល នៃការ​ប្រកួតប្រជែង នៅ​លីគកំពូលកម្ពុជា ឆ្នាំ​២០២២ ជាមួយ​​លទ្ធផល​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើលបំផុត គឺ​ការ​ឈ្នះតំណែង​ជើងឯក ដែល​ធ្វើ​ឱ្យ​ដៃគូ​ប្រជែង​របស់ពួកគេ វិសាខា មានការ​ខក​ចិត្តខ្លាំង។

ការ​អាច​រក្សា​តំណែង​ជើង​ឯក​របស់​ក្រុម​ភ្នំពេញ​ក្រោន ​បាន​កើត​មាន​ឡើង បន្ទាប់ពី​ពួកគេ បាន​យក​ឈ្នះ​ក្រុម​បឹងកេត ៥-០ នៅ​កីឡដ្ឋានស្មាតអអេសអ៊ិន កាលពី​យប់​ថ្ងៃ​ម្សិលមិញ ដោយ​ក្នុង​នោះ​ខ្សែ​ប្រយុទ្ធ​របស់អាហ្វហ្គានីស្ថាន Fareed Sadat រកបាន​២​គ្រាប់ ហើយ​កីឡាករជប៉ុន Yudai Ogawa កីឡាករ​អ៊ុយក្រែន Valerii Hryshyn និង​ខ្សែ​ប្រយុទ្ធឆ្នើម លឹម ពិសុទ្ធ រក​បានម្នាក់​១​គ្រាប់។

​ការដណ្តើម​បាន​៣ពិន្ទុ ពីក្រុមបឹងកេត នេះ បាន​ធ្វើ​ឱ្យ​ ភ្នំពេញក្រោន បាន​យក​ប្រៀប​លើ​ក្រុម​វិសាខា ​ព្រោះ​ការ​ប្រកួត​កាលពី​យប់ថ្ងៃសៅរ៍​នោះ វិសាខា ក៏បាន​​យក​ឈ្នះក្រុម​ម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយរៀង ១-០ ដែល​រកបាន​ដោយខ្សែ​ប្រយុទ្ធប្រេស៊ីល Paulo Victor នៅនាទីទី​ ៩០+២ ផងដែរ ដើម្បីមាន​៥២ពិន្ទុ​ស្មើ​ជាមួយ ភ្នំពេញក្រោន ប៉ុន្តែ វិសាខា ចាញ់ប្រៀប ភ្នំពេញ​ក្រោន ដោយសារ​ធ្លាប់ចាញ់ ភ្នំពេញក្រោន ច្រើនជាង សម្រាប់ការ​ជួបគ្នាចំនួន​៥​លើក ក្នុង​រដូវ​កាល​នេះ។

យ៉ាងណា​ក៏​ដោយ ការ​ឈ្នះពាន​លីគកំពូលកម្ពុជា ឆ្នាំ​២០២២​នេះ របស់​ភ្នំពេញក្រោន បាន​​បង្ហាញ​ពីការ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ដោយក្រុម​មួយនេះ បាន​ព្យាយាម​ជម្នះ​ទាំងការ​ប្រកួត និង​ការ​ពង្រឹង​ស្មារតី ដើម្បី​ងើប​ឡើង​ផុតពីតំបន់កាត់ចោល និង​ឈានឡើងមក​ឈរ​នៅ​លេខ​៤​ចុង​ក្រោយ​គេ ក្នុង​តំបន់​កំពូល​តារាងទាំង​៤ (Top4) ដែលមានសិទ្ធិបានប្រកួត នៅក្នុង​ដំណាក់​កាល​ទី​​៤​​ចុងក្រោយ។

សម្រាប់ការ​ប្រកួត នៅ​ក្នុង​ដំណាក់កាលទី​៤​ចុងក្រោយ ដែលមានការ​ប្រកួត​២ជើង​នោះ ភ្នំពេ​ញក្រោន ធ្វើបាន​យ៉ាង​ល្អបំផុត ដោយបានឈ្នះ​៥លើក និងស្មើ​១​លើក ដើម្បី​ឈ្នះ​ពាន​មួយនេះ ដ៏គួរឱ្យភ្ញាក់ផ្អើលបំផុត ហើយ​លោក លី ហៀង អគ្គលេខាធិការ​ក្លិប​បាល់​ទាត់​ភ្នំពេញ​ក្រោន បានចាត់ទុក​រដូវកាល ដែល​ភ្នំពេញ​ក្រោន ឈ្នះ​ពាននេះ ជារដូវ​កាលចម្លែក។

លោក លី ហៀង បានសរសេរ​​បង្ហោះ​​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​​​ថា៖ «ភាពឡើងចុះក្នុង​បាល់ទាត់!ខ្ញុំកំណត់​វាជារដូវ​កាលចម្លែក​នៅ​ឆ្នាំ​នេះ យើងតាមពីក្រោយ ១៨​ពិន្ទុ ក្នុង​សប្តាហ៍​ទី​១០​នៃ​លីគ។ វាជាសម្ពាធ​ដ៏ធំមួយ​លើក្រុម​ការពារ​ជើងឯក ហើយសម្ពាធគឺមកពីគ្រប់ទិសទី។ គ្រប់គ្នា​ជឿថា យើង​បាន​ជ្រុះ​ចេញ​ពី​ការ​ប្រកួត​ប្រជែងនេះ»។

លោក​បាន​​បន្ថែម​ថា៖ «ប៉ុន្តែយើងមិនអាចអរគុណដល់កីឡាករ និងបុគ្គលិកគ្រូបង្វឹក គ្រប់គ្រាន់ សម្រាប់​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ពួកគេ​ ដើម្បី​ផ្តល់​ស្នាមញញឹម​ដល់​អ្នក​គាំទ្រ​របស់​យើងម្តងទៀតនោះទេ។ ខ្ញុំគិតថា ពួកគេបានភ្លេចពាក្យ «បោះបង់» នៅ​ក្នុង​វចនានុក្រម​របស់​ពួកគេ។ ពួកគេដាក់ខ្លួន និងមានការគោរព ហើយខិតខំប្រឹងប្រែង​​ទាំង​ក្នុង ​និង​ក្រៅ​ទីលាន​រហូត​ដល់​ទីបំផុត»។

អគ្គលេខាធិការក្លិប​បឹង​កេត​រូបនេះ បាន​បន្ថែម​ថា៖ «បាល់​ទាត់ គឺជាការងារចម្លែកមួយ។ ខ្ញុំចង់​អរគុណអ្នកពាក់ព័ន្ធបាល់ទាត់ទាំងអស់ ភាគច្រើនជាមនុស្សនៅក្នុងបរិបទរបស់ខ្ញុំ អ្នក​គ្រប់គ្រង និងគ្រូបង្វឹកទាំងអស់នៅក្នុងក្រុមគូបដិបក្ខ។ យើង​ប្រឈម​គ្នា​យ៉ាង​តឹងតែង​ក្នុង​ការ​ប្រកួត​ប្រជែង ដើម្បីឈ្នះរាល់ចុងសប្តាហ៍ ប៉ុន្តែ​អង្គុយ​នៅ​ព្រឹក​ថ្ងៃចន្ទ ​ដើម្បី​ពិភាក្សា​អំពី​របៀប​ធ្វើ​ឱ្យ​ការ​ប្រកួត​កាន់តែខ្លាំង និងអ្វីដែលល្អសម្រាប់បាល់ទាត់។ សូមអរគុណដល់លោក Satoshi និង ក្រុម CPL សម្រាប់ការប្រជុំដ៏តានតឹងជារៀងរាល់ដើមសប្តាហ៍។ កិត្តិយស​ដ៏​ធំធេង​ចំពោះ​ប្រធាន​ក្លិបគ្រប់​រូប ហើយ​យើង​មិន​អាច​បំភ្លេច​ក្នុង​ការ​លើក​ឡើង​ពី​ពួកគាត់»។

តាម​រយៈការ​ប្រកួតលីគកំពូល​កម្ពុជា ឆ្នាំ​២០២២ ដែល​បានប្រើ​ពេល​ប្រកួត​អស់​រយៈពេល​២៧​សប្តាហ៍​នោះ ក្រុម​ភ្នំពេញ​ក្រោន បានបញ្ចប់ការ​ប្រកួត​របស់​ខ្លួន ដោយ​ឈ្នះ​ឈ្នះ​១៥ ស្មើ​៧ ចាញ់​៥ មាន​៥២ពិន្ទុ ស្មើជាមួយក្រុមលេខ​២ វិសាខា ដែល​ឈ្នះ​១៦ ស្មើ​៤ ចាញ់​៧ ចំណែក​ក្រុមលេខ​៣ ស្វាយរៀង បាន​ឈ្នះ​១៥ ស្មើ​៤ ចាញ់​៨ មាន៤៩​ពិន្ទុ ខណៈ​​ក្រុម​បឹងកេត បាន​លេខ​៤ ដោយ​ឈ្នះ​បាន​១១ ស្មើ​៦ និងចាញ់​១០លើក។

ជាមួយគ្នា​នេះ លោកស្រី ភូឈាលីន ខ្លុងគិតចាកន ភរិយា​នៃសព​លោក ឬទ្ធី សំណាង ជា​ប្រធានក្លិប​ភ្នំពេញក្រោន បាន​ថ្លែង​ថា៖ «ខ្ញុំ​ពិតជា​រំភើប​រីក​រាយ​ណាស់ ដែល​ក្លិប​ទទួលបាន​សមិទ្ធផល​នេះ សូម​ចូល​រួមអបអរ​សាទរ​ចំពោះ​កីឡាករ ក្រុមគ្រូ​បង្វឹក ដែល​ធ្វើ​វា​ឱ្យ​កើត​ឡើង​ម្តង​ទៀត និង​ធ្វើ​ឱ្យ​អ្នកគាំ​ទ្រ​យើង​រីក​រាយ។ ដូច​អ្វី​ដែល​យើង​ធ្លាប់​និយាយ ភ្នំពេញក្រោន គឺ​ជា​ក្លិប​សម្រាប់​អ្នករាល់​គ្នា យើងសង្ឃឹម​ថា អ្នក​គាំ​ទ្រ​ សាទរជាមួយ​ជ័យជម្នះ​នេះ គាំ​ទ្រ​យើង និងតែងតែ​នៅ​ពី​ក្រោយ​​យើង​ជា​និច្ច»៕