លោក Gareth Southgate បាន​ទទួល​ស្គាល់​ថា ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់គ្លេស នឹង​ត្រូវ​ជួប​ «ការ​ល្បង​សមត្ថភាព​ដ៏​តាន​តឹង​បំផុត» នៃ​មហិច្ឆ​តា​​ក្នុង​ World Cup របស់​ពួកគេ នៅ​ពេល​ដែលពួក​គេ​ប៉ះ​ជាមួយនឹង​ក្រុម​ម្ចាស់​ការ​ពារ​ជើង​ឯក​ បារាំង ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ នៅ​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​នេះ​។

ក្រុម​របស់​លោក Southgate បាន​ធ្វើ​ការ​ស្រោច​ស្រង់​ពី​ការ​ចាប់​ផ្តើម​​មិន​បានល្អ នៅមុន​ពេល​បាន​កត់ត្រា​ជ័យ​ជម្នះ​​យ៉ាង​ងាយ​ស្រួល​ក្នុង​លទ្ធ​ផល ៣-០ លើ​ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់ ក្នុងការ​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ នៅ​កីឡដ្ឋាន Al Bayt កាល​ពីថ្ងៃ​អាទិត្យ ទី​៤ ខែ​ធ្នូ​​។​

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​អង់​គ្លេស នឹង​វិល​ទៅកាន់​ទីក្រុង​វាល​ខ្សាច់ Al Khor វិញ នៅ​ចុង​សប្តាហ៍​នេះ សម្រាប់​ការ​​ប្រកួត​​រំភើប​ជាមួយនឹងក្រុម​ជម្រើសជាតិ​បារាំង ដែល​កំពុង​តែ​សម្លឹង​រក​ការ​ក្លាយ​ជា​ក្រុម​ដំបូង​គេ​ក្នុងការ​ឈ្នះពាន World Cup ២លើក​ជាប់​ៗ​គ្នា បើ​គិត​ចាប់​តាំពី​ប្រេស៊ីល ធ្វើ​បាន​សម្រេច​ក្នុង​ឆ្នាំ​១៩៥៨ និង​១៩៦២​។

ស្រ​ប​ពេល​​ដែលអង់គ្លេស បាន​បង្ហាញ​ពី​ទម្រង់​លេង​យ៉ាងល្អ នៅ​ពេល​ដែល​ខ្សែ​បម្រើ Jordan Henderson រក​បាន​គ្រាប់​បាល់​នាំមុខ​មុន ពេល​ប្រកួត​ជាមួយ​នឹងក្រុម​ជម្រើស​ជាតិ​សេ​ណេ​ហ្គាល់ មុន​ពេល​ខ្សែ​ប្រយុទ្ធ Harry Kane និង​ខ្សែ​បម្រើ Bukayo Saka បាន​​បន្ថែម​២​គ្រាប់​ទៀត លោក Southgate ទទួល​ស្គាល់ថា ក្រុម​ជម្រើស​ជាតិ​បារាំង​របស់​លោក Didier Deschamps គឺ​ជា​គូ​ប្រកួត​ដ៏​ស្វិត​ស្វាញ​​យ៉ាង​ពិត​ប្រាកដ​។

ខ្សែ​បម្រើ​អង់គ្លេស Jordan Henderson (កណ្តាល) អប​អរ​ការ​រក​បានគ្រាប់​បាល់​ជាមួយខ្សែ​ប្រយុទ្ធ Harry Kane ខ្សែ​បម្រើ Jude Bellingham (ឆ្វេង) និង​ខ្សែ​ប្រយុទ្ធ Bukayo Saka​។ AFP

លោក Southgate បាន​ឲ្យដឹងថា៖ «នេះ​គឺ​ជាការ​​ល្បងសមត្ថភាព​ដ៏ធំ​បំផុត​ដែលយើង​អាច​នឹង​ជួប​ប្រទះ​។ ពួកគេ​ជាម្ចាស់​ជើង​ឯកពិភព​លោក និង​ជាក្រុម​ប្រជុំ​ដោយ​កីឡាករ​ឆ្នើម​បំផុត និង​ពោរពេញ​ដោយ​ទេពកោលស្យ​។ ពួក​គេ​​ជាក្រុម​ខ្លាំង​ដែលផ្តល់​ការលំបាក​ដល់​ដៃគូ ​និង​មាន​តំបន់ការ​ពារ​រឹង​មាំ​»​។

គ្រូបង្វឹក​រូបនេះ​បាន​បន្ថែមទៀត​ថា៖ «នេះ​គឺ​​ប្រកួត​ដ៏​អស្ចារ្យ​មួយ​។ វា​ជា​ការ​ប្រជែង​គ្នា​ជា​ប្រវត្តិ​សាស្ត្រ ក្រោយពី​ធ្លាប់​បាន​បង្កើត​ភាព​អស្ចារ្យ​រួច​ជាស្រេច​ក្នុងការ​ប្រកួតមុន​ៗ​។ នេះគឺ​ជា​ប្រកួត​ដ៏​អស្ចារ្យ​សម្រាប់​យើង​ និង​ជា​ការ​​ល្បង​សមត្ថភាព​ពេល​ប្រកួត​ជាមួយនឹងក្រុម​ខ្លាំង​បំផុត​»​។

ក្រោម​ជំនួយ​ដ៏ធំ​ពី​ខ្សែ​ប្រយុទ្ធ Kylian Mbappe របស់​ក្លិប Paris Saint Germain ក្រុម​ជម្រើស​ជាតិ​បារាំង បាន​ផ្តួល​ក្រុម​ជម្រើស​ជាតិ​ប៉ូឡូញ ក្នុង​លទ្ធផល ៣-១ ក្នុង​វគ្គ​១៦​ក្រុម​ចុងក្រោយ ពោ​ល​គឺ​ត្រឹម​តែ​ប៉ុន្មាន​ម៉ោង​​ប៉ុណ្ណោះ មុន​ពេល​អង់គ្លេស បាន​ចូលរួម​ជាមួយនឹង​ពួក​គេ​ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​។

ជាមួយ​គ្នា​នេះ Mbappe បាន​ស៊ុត​បាល់​បញ្ចូល​ទី​​២​គ្រាប់ ក្នុង​ពេល​ប្រកួត​ជាមួយ​នឹង​ប៉ូឡូញ និង​រក​បាន​៥​គ្រាប់​រួច​ជាស្រេច​ក្នុង​យុទ្ធ​នា​ការ World Cup នៅ​ឆ្នាំ​នេះ​​។

លោក Southgate បាននិយាយ​ថា៖ «Mbappe ពិត​ជា​កីឡាករ​កម្រិត​ពិភព​លោក​ម្នាក់​។ រូប​គេ​បាន​បង្កើត​ភាព​អស្ចារ្យ​ជាច្រើន ក្នុង​យុទ្ធនាការនេះ ក្នុង​យុទ្ធនា​ការ​មុន​ៗ​។ Griezmann ក៏​ជា​កីឡាករ​ដ៏អស្ចារ្យ​ម្នាក់​ផង​ដែរ ហើយ​យើង​ស្គាល់ Giroud យ៉ាង​ច្បាស់​ ហើយ​ពួក​គេក៏​មាន​ខ្សែ​បម្រើ​ឆ្នើម​ៗ​ជាច្រើន​ផងដែរ​។ វា​ជា​ការ​ល្បង​សមត្ថភាព​ដ៏ធំមួយ ប៉ុន្តែ យើង​ពិត​ជា​កំពុង​តែ​​ផ្តោត​លើ​ការ​ប្រកួត​នេះ»​៕ AFP