
ខ្សែបម្រើអន្តរជាតិជប៉ុន Ritsu Doan (ឆ្វេង) និងខ្សែប្រយុទ្ធអន្តរជាតិក្រូអាស៊ី Andrej Kramaric នឹងត្រូវប៉ះគ្នា ក្នុងការប្រកួត World Cup វគ្គ១៦ក្រុមចុងក្រោយ នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២។ AFP
ខ្សែការពារជើងចាស់ Yuto Nagatomo បានបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន នឹង «ប្រយុទ្ធដូចជាក្រុមសាម៉ូរ៉ៃ» នៅក្នុងការប្រកួត World Cup វគ្គ១៦ក្រុមចុងក្រោយ ជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី នាថ្ងៃចន្ទ ទី៥ ខែធ្នូ នេះ ខណៈដែលពួកគេនឹងប្រជែងដណ្តើមយកកៅអីទៅវគ្គ៨ក្រុមចុងក្រោយ ជាលើកដំបូង។
ក្រុមជម្រើសជាតិជប៉ុន បានឈានទៅវគ្គចាញ់-ធ្លាក់នេះ ក្រោយពីបានបង្កើតការភ្ញាក់ផ្អើលតាមរយៈការផ្តួលក្រុមជម្រើសជាតិអាល្លឺម៉ង់ និងអេស្ប៉ាញ ដើម្បីបញ្ចប់ដោយការឈរលេខ១ក្នុងពូល E ប៉ុន្តែ ពួកគេមិនទាន់ស្កប់ចិត្តទៅនឹងសមិទ្ធផលដែលពួកគេសម្រេចបាននៅប្រទេសកាតា នៅឡើយទេ។
ខ្សែការពារជើងចាស់ Nagatomo កំពុងតែបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup ជាលើកទី៤របស់គេ និងបានលើកទឹកចិត្តឲ្យមិត្តរួមក្រុមរបស់ខ្លួន បង្ហាញពីស្មារតី «សាម៉ូរ៉ៃ ទៅកាន់ពិភពលោក» នៅពេលប្រកួតជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី។
អតីតខ្សែការពារស្លាបឆ្វេងរបស់ក្លិប Inter Milan រូបនេះ បាននិយាយកាលពីអាទិត្យ ទី៤ ខែធ្នូ ថា៖ «នៅមុនពេលសង្គ្រាម ក្រុមសាម៉ូរ៉ៃ នឹងសម្លៀងអាវុធរបស់ពួកគេ និងដុះខាត់បច្ចេកទេសរបស់ខ្លួន ប៉ុន្តែ ប្រសិនបើពួកគេភ័យខ្លាចក្នុងការប្រយុទ្ធ នោះពួកគេនឹងមិនអាចដណ្តើមអ្វីបានឡើយ»។

ខ្សែការពារអន្តរជាតិជប៉ុន Yuto Nagatomo ចូលរួមហ្វឹកហាត់ នាកីឡដ្ឋាន Al Sadd SC ដើម្បីត្រៀមការប្រកួតជាមួយនឹងក្រូអាស៊ី ក្នុង World Cup វគ្គ១៦ក្រុមចុងក្រោយ នាថ្ងៃទី៥ ខែធ្នូ។ AFP
Nagatomo វ័យ៣៦ឆ្នាំ បានបន្ថែមទៀតថា៖ «វាដូចជាក្នុងកីឡាបាល់ទាត់អ៊ីចឹង ពិតណាស់ បច្ចេកទេស និងតាក់តិចរបស់យើង ពិតជាសំខាន់ណាស់ ប៉ុន្តែ ប្រសិនបើយើងខ្លាច មិនថាយើងហ្វឹកហាត់ខ្លាំងប៉ុណ្ណា ក្នុងរយៈពេល៤ឆ្នាំកន្លែងមកនេះក៏ដោយ យើងនឹងមិនអាចប្រើប្រាស់បច្ចេកទេសរបស់យើងបានឡើយ។ រឿងដ៏សំខាន់បំផុត គឺការមានភាពក្លាហាន»។
ក្រុមជម្រើសជាតិជប៉ុន បានឈានទៅវគ្គ១៦ក្រុមចុងក្រោយ ក្នុង World Cup ចំនួន៣លើក ប៉ុន្តែ ពួកគេមិនធ្លាប់បានឆ្លងផុតទៅកាន់វគ្គ៨ក្រុមចុងក្រោយឡើយ។
ពួកគេបានធ្លាក់ចេញត្រឹមវគ្គ១៦ក្រុមចុងក្រោយ កាលពី៤ឆ្នាំមុន នៅប្រទេសរុស្ស៊ី នៅពេលដែលពួកគេបានខ្ជះខ្ជាយគ្រាប់បាល់នាំមុខ២គ្រាប់ មុននឹងចាញ់ក្នុងលទ្ធផល ៣-២ ក្រោមស្នាដៃក្រុមជម្រើសជាតិបែលហ្ស៊ិក នៅនាទីចុងក្រោយ។
Nagatomo បាននិយាយថា ការរងបរាជ័យនេះ នៅតែដក់ក្នុងចិត្តរបស់គេ ក្នុងរយៈពេល៤ឆ្នាំមកនេះ ហើយរូបគេត្រៀមខ្លួនរួចរាល់ហើយក្នុងការលុបបំបាត់ការចងចាំនោះ ពេលប៉ះជាមួយនឹងក្រុមជម្រើសជាតិក្រូអាស៊ី។
កីឡាកររូបនេះ បានឲ្យដឹងថា៖ «រយៈពេល៤ឆ្នាំកន្លងទៅនេះ បានក្លាយជាពេលវេលាដ៏លំបាកសម្រាប់ខ្ញុំ ប៉ុន្តែ ខ្ញុំគិតថា យើងបានជម្នះលើបញ្ហានោះបានហើយ និងអភិវឌ្ឍន៍ក្នុងនាមជាកីឡាករ»៕ AFP