ខ្សែ​​ប្រយុទ្ធ Cristiano Ronaldo នឹង​ដាក់​គោល​ដៅ​ទៅ​​លើ​ការ​ជួយ​ឲ្យ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​​ព័រ​ទុយ​ហ្គាល់ យកឈ្នះ​លើ​​ក្រុម​ជម្រើស​ជាតិស្វ៊ីស និង​ឈាន​ទៅ​ប្រកួត​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup នៅ​រាត្រី​ថ្ងៃអង្គារ ទី​៦ ខែធ្នូ នេះ ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​​ម៉ា​រ៉ុក នឹង​ព្យាយាម​បង្អាក់​ដំណើរ​របស់​អេ​ស្ប៉ាញ មិន​ឲ្យ​​ឈ្នះ​ពាន​ពិភព​លោក​ជាលើក​ទី​២។

នៅ​សល់​តែ​កៅអី​​២​ទៀត​ប៉ុណ្ណោះ​ដែល​ត្រូវ​បំពេញ​​​សម្រាប់​​វគ្គ​៨​១/៤ផ្តាច់​ព្រ័ត្រ នៅ​ទំនេរ​នៅឡើយ​ក្នុង​ប្រទេស​កាតា ក្រោយពី​ក្រុម​ម្ចាស់​ជើង​ឯក​៥​សម័យ​កាល ប្រេស៊ីល បាន​យកឈ្នះ​លើ​ក្រុម​ជម្រើស​ជាតិកូរ៉េ​ខាង​ត្បូង ក្នុងលទ្ធផល ៤-១ ហើយ​ក្រុម​ម្ចាស់​ជើង​ឯក​រង​ឆ្នាំ​២០១៨ ក្រូ​អាស៊ី បានយកឈ្នះ​ជប៉ុន ដោយ​ការ​ស៊ុត​បាល់ប៉េណាល់ទី​កាត់សេចក្តី​​។

Ronaldo បាន​បង្កើត​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង នៅ​ក្នុង​យុទ្ធនាការ​នេះ នៅ​មុន​ពេល​​រូប​គេ​បាន​ចាប់​ផ្តើម​ប្រកួត ក្រោយពី​បាន​និយាយ​វាយ​ប្រហារ​​ក្លិប Manchester United និង​លោក​គ្រូបង្វឹក Erik ten Hag​។

ក្រោយពី​​បាន​ចាក​ចេញ​តាមរយៈ​​ការ «យល់​ព្រម​ទាំង​សង​ខាង» បច្ចុប្បន្ន រូប​គេ​កំពុង​តែ​ស្វែង​រក​ក្លិប​ថ្មី ខណៈ​ដែល​ប្រភព​ជា​ច្រើន​បាន​បញ្ជាក់ថា រូប​គេ​កំពុង​តែ​ពិភាក្សា​លើ​ការ​ផ្ទេរ​ទៅកាន់​ក្លិប Al-Nassr របស់​អា​រ៉ា​ប៊ី​សា​អ៊ូឌីត​។ ខ្សែ​ប្រយុទ្ធ​វ័យ​៣៧​ឆ្នាំ​រូបនេះ ដែល​កំពុង​តែ​បង្ហាញខ្លួន​ក្នុង​ World Cup ជាលើក​ចុងក្រោយ​របស់​​គេ​នោះ នៅ​តែ​ឡោម​ព័ទ្ធ​ទៅ​ដោយ​រឿង​រ៉ាវ​ដ៏ចម្រូង​ចម្រាស់​នៅ​ក្លិប​ចាស់​របស់​គេ​។

ក្រោយពី​​បាន​ស៊ុត​បាល់​​​​ប៉េណាល់ទី​ឲ្យ​ក្រុម​ខ្លួន ក្នុងការ​ប្រកួត​បើកឆាក​ជាមួយនឹងក្រុម​ជម្រើស​ជាតិ​ហ្គា​ណា ដើម្បី​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ដែល​រក​បាន​គ្រាប់បាល់​បញ្ចូល​ទី​ក្នុងការ​ប្រកួត World Cup ទាំង​៥លើក រូប​គេ​​បាន​បង្ហាញពី​កម្រិត​លេង​ប្រកបដោយ​ថាម​ពល​ប៉ុន្តែ​មិន​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ម្តង​ទៀតឡើយ​។

តួនាទី​ក្នុង​ជម្រើស​ទាំង​១១​នាក់ដំបូង​របស់ Ronaldo ក្នុង​ក្រុម​ព័រ​ទុយ​ហ្គាល់ នៅ​តែ​ជា​ប្រធាន​បទ​ក្តៅ ក្នុង​ចំណោមអ្នក​គាំទ្រ​របស់​ខ្លួន ប៉ុន្តែ លោកគ្រូបង្វឹក Fernando Santos បាននិយាយ​ថា លោក​មិន​ចាប់​អារម្មណ៍​ទៅ​លើ​បញ្ហា​នេះឡើយ​។

គ្រូបង្វឹក​រូបនេះ បាន​ឲ្យដឹងថា៖ «ខ្ញុំ​មិន​បាន​អាន​ព័ត៌​មាន​​ទាំ​ងនេះ​ឡើយ​។ វា​មិនមែន​​ជា​ការ​មិន​គោរ​ព​ឡើយ ប៉ុន្តែ​គ្រាន់​តែ​ថា យើងមាន​ពេល​តែ​៣​ថ្ងៃ ដើម្បីហ្វឹកហាត់​ត្រៀម​សម្រាប់​ការ​ប្រកួត​មួយ ហើយ​ខ្ញុំ​មិន​​មែនផ្តោត​លើ​ព័ត៌​មាន​​ទាំងនោះឡើយ​។​ យើង​ផ្តោត​លើ​ការ​ប្រកួត​ខាង​មុខ​នេះ​»​។

លោក Walid Regragui (កណ្តាល) គ្រូបង្វឹកនៃក្រុម​ជម្រើស​ជាតិ​ម៉ារ៉ុក ពិនិត្យ​មើល​លារ​ហ្វឹកហាត់​របស់ក្រុម នា​កីឡដ្ឋាន Al Duhail SC ក្នុង​ទីក្រុង​ដូហា។ AFP

ស្រប​ពេល​ជាមួយ​គ្នា​នេះ ម៉ា​រ៉ុក គឺ​ជាក្រុម​ដែលនៅ​សល់​តែ​មួយ​មក​ពី​ទ្វីប​អាហ្វ្រិក ហើយ​ក៏​ជាក្រុម​អា​រ៉ាប់​តែមួយ​ដែល​នៅ​រក្សា​វត្តមានក្នុង World Cup នៅ​កាតា ផងដែរ​។

លោក WalidRegragui គ្រូបង្វឹក​នៃក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ម៉ា​រ៉ុក បាន​​លើក​​ទឹកចិត្ត​ឲ្យ​កីឡាករ​របស់​លោក ជឿជាក់​ថា ពួក​គេ​អាច​ផ្តួលក្រុម​ខ្លាំង​អេ​ស្ប៉ាញ បាន ខណៈ​ដែលពួកគេ​ត្រូវ​ប្រជែង​ដណ្តើម​កៅអី​ទៅកាន់​វគ្គ​៨​​ក្រុម​ចុង​ក្រោយ​នៃព្រឹត្តិការណ៍ World Cup​។

ក្រុម​មក​ពី​អាហ្វ្រិក​ខាង​​ជើង​មួយ​នេះ កំពុង​តែ​ស្ថិតក្នុង​វគ្គ​១៦ក្រុម​ចុងក្រោយ​ជាលើក​ទី​២ ក្រោយពី​បាន​​ឈាន​​ទៅវគ្គ​បន្តក្នុងនាម​ជាក្រុម​ឈរលេខ​១ក្នុងពូល F នៅពី​លើ​ក្រុម​ជើង​ឯក​រង​ឆ្នាំ​២០១៨ ក្រូអាស៊ី បន្ទាប់​ពី​បានផ្តួលក្រុម​ជម្រើស​ជាតិ​បែលហ្ស៊ិក និង​កា​តា ក្នុង​ប្រទេស​កាតា​។

លោក Regragui បាននិយាយ​កាលពីថ្ងៃចន្ទ ទី​៥ ខែធ្នូ ថា៖ «វា​នឹងក្លាយជា​ការ​ប្រកួត​ដ៏សំខាន់​មួយ​សម្រាប់​យើង​។ យើង​នឹង​​ត្រូវ​ឈាន​ទៅ​ប៉ះ​ក្រុមមួយ​ក្នុង​ចំណោម​ក្រុម​ដ៏ខ្លាំង​បំផុត​ក្នុង​​កីឡា​បាល់ទាត់​។ ប៉ុន្តែ យើង​ក៏​ត្រូវ​តែ​ប្រឹង​ឲ្យ​អស់​ពី​សមត្ថភាព​របស់​យើង​ផងដែរ​។ យើងមាន​ពេល​សម្រាក​ច្រើន​ជាង​១​ថ្ងៃ បើ​ធៀប​ទៅនឹង​ពួកគេ ហើយ​យើង​នឹង​ព្យាយាម​បង្កើត​ការ​ភ្ញាក់​ផ្អើល​​​»៕ AFP