ភ្នំពេញៈ ថ្នាក់ដឹកនាំរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ បានបើកឱ្យមានកិច្ចប្រជុំជាថ្មី ជាមួយគណៈកម្មការជំនាញទាំងអស់ឡើងវិញ បន្ទាប់ពីបានផ្អាក២សប្តាហ៍ ដើម្បីធ្វើការពិនិត្យការងារឡើងវិញ និងដាក់ទិសដៅមួយចំនួន ឱ្យគណៈកម្មការនីមួយៗបំពេញ ដើម្បីឱ្យចរន្តការងារ ក្នុងការឆ្ពោះទៅរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំក្រោយ ជាប្រវត្តិសាស្រ្តរបស់កម្ពុជា នៅតែដំណើរការទៅបានល្អ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ដែលបានដឹកនាំអង្គប្រជុំ ជំនួសលោក ថោង ខុន ជាអនុប្រធានអចិន្រ្តៃយ៍ CAMSOC បានថ្លែង ក្រោយកិច្ចប្រជុំថា៖«ដោយបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិត ថោង ខុន បានឱ្យខ្ញុំបាទដឹកនាំកិច្ចប្រជុំជាមួយគណៈកម្មការជំនាញទាំងអស់ ដើម្បីសម្របសម្រួល និងពិនិត្យមើលការងារឡើងវិញ ព្រមទាំងដាក់ទិសដៅមួយចំនួន និងការផ្តល់ព័ត៌មានសំខាន់ៗមួយចំនួន ឱ្យគណៈកម្មការជំនាញរបស់យើង ដែលជាអ្នកទទួលខុសត្រូវខាងផ្នែកមួយៗហ្នឹង ឱ្យគាត់រៀបចំកិច្ចការរបស់គាត់»។
ទោះយ៉ាងណា តាមរយៈការពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាយ៉ាងលម្អិត ពេញ១ព្រឹក កាលពីថ្ងៃអង្គារនោះ លោក វ៉ាត់ ចំរើន អះអាងថា គណៈកម្មការជំនាញ មានការសម្រុះសម្រួលគ្នាច្រើន និងមានការយល់ចិត្តគ្នាច្រើន ក្នុងដំណើរការនៃការបម្រើតួនាទីភារកិច្ច និងការទទួលខុសត្រូវ។
ជាមួយគ្នានេះ អង្គប្រជុំរបស់ CAMSOC បានលើកយកចំណុចសំខាន់១ មកពិភាក្សា ដោយផ្តោតទៅលើការជំរុញឱ្យគ្រប់គណៈកម្មការទាំងអស់ ពន្លឿនការងារ នៅមុនការប្រមូលផ្តុំគ្នាធ្វើការ នៅតែ១កន្លែង នាខែមករា ឆ្នាំ២០២៣ ដើម្បីធ្វើឱ្យចរន្តការងារ កាន់តែប្រសើរ និងមានគុណភាព ក្នុងគោលបំណងឈានទៅទទួលបានជោគជ័យ សម្រាប់ការធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។
លោកវ៉ាត់ ចំរើន បញ្ជាក់ថា៖«អ្វីដែលយើងសង្កត់ធ្ងន់នៅថ្ងៃនេះ មាន២ចំណុច ទី១ កិច្ចការរដ្ឋបាល វិន័យរដ្ឋបាល និងការទទួលខុសត្រូវខាងផ្នែកគ្រប់គ្រងធនធានមនុស្ស និងឧបករណ៍គ្រប់គ្រងសម្ភារការងារ។ អ៊ីចឹងគណៈកម្មការជំនាញនីមួយៗ ដែលគាត់មានបុគ្គល មន្រ្តីជំនាញរបស់គាត់នោះ នឹងចាប់ផ្តើមប្រមូលផ្តុំគ្នាធ្វើការ នៅមជ្ឈមណ្ឌលប្រតិបត្តិការបញ្ជាការរួមនាខែមករា ខាងមុខនេះ។ អ៊ីចឹងយើងបង្កើតសេនាធិការបញ្ជាការរួម១ នៅទីតាំងតែ១ និងអង្គុយធ្វើការជាមួយគ្នា ហើយចំណុចនេះ យើងបានស្រុះស្រួលគ្នា និងបានឯកភាពគ្នា»។
ចំពោះចំណុចទី២ លោក វ៉ាត់ ចំរើន និយាយថា CAMSOC បានពិនិត្យឡើងវិញ នូវអ្វីដែលCAMSOC ត្រូវធ្វើ អ្វីដែលមិនត្រូវធ្វើ និងអ្វីដែលត្រូវជំរុញការងារបន្តទៀត ហើយអ្វីដែលមិនទាន់បានធ្វើ ជាភារកិច្ចដោយឡែករបស់គណៈកម្មការនីមួយៗត្រូវធ្វើ ហើយCAMSOC ពិនិត្យមើលសំខាន់ទៅលើការងារស្នូល។
លោកបន្ថែមថា៖«ការងារស្នូលនេះ យើងបានបង្រួញវាបញ្ចូលអស់ហើយ គឺយើងបានរៀបចំឱ្យគណៈកម្មការជំនាញនីមួយៗ ស្គាល់តួនាទី ភារកិច្ច និងការងារទទួលខុសត្រូវអស់ហើយ។ អ៊ីចឹងទេ គណៈកម្មការមួយៗ នឹងចាប់ផ្តើមធ្វើការងារ គឺយើងធ្វើយ៉ាងណា ឱ្យទាន់ពេលវេលា និងរួចរាល់ នៅមុនការរាប់ថយក្រោយ១០០ថ្ងៃរបស់ស៊ីហ្គេមយើង ដែលយើងនឹងធ្វើនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣»។
ក្នុងពិធីរាប់ថយក្រោយ១០០ថ្ងៃ នៃការឈានទៅធ្វើម្ចាស់ផ្ទះការប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជាCAMSOC ក៏នឹងរៀបចំកិច្ចប្រជុំជាមួយនាយកបេសកកម្មរបស់ប្រទេសនីមួយៗ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ដែរ។ នោះក៏ជាពេល ដែលកម្ពុជា ត្រូវបង្ហាញទៅកាន់នាយកបេសកកម្មរបស់ប្រទេសទាំងនោះ នូវសក្តានុពល នៃការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរបស់កម្ពុជា ដើម្បីឱ្យអ្នកទាំងនោះ កាន់តែមានភាពជឿជាក់ និងកក់ក្តៅ ក្នុងការបញ្ជូនប្រតិភូកីឡា មកចូលរួមប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅឆ្នាំក្រោយ។
លោកវ៉ាត់ ចំរើន សង្កត់ធ្ងន់ថា៖«យើងត្រូវបង្ហាញពីសក្តានុពលថា យើងត្រៀមខ្លួនបានគ្រប់ជ្រុងជ្រោយ គឺមានន័យថា យើងបានត្រៀមរួចរាល់អស់ហើយដោយរង់ចាំតែទទួលភ្ញៀវ។ ហេតុនេះយើងនឹងបង្ហាញនូវអ្វីដែលយើងបានត្រៀមលក្ខណៈ ព្រមទាំងផ្សព្វផ្សាយការរៀបចំការតុបតែង សន្តិសុខសណ្តាប់ធ្នាប់ និងផ្សព្វផ្សាយពីពិធីការផ្សេងៗទៀត គឺយើងនឹងបង្ហាញជូន នៅមុនពេល១០០ថ្ងៃនេះ»។
«ជាលទ្ធផលនៃអង្គប្រជុំនេះ គឺយើងបានបញ្រ្ជាបការយល់ហ្នឹង និងរបៀបរបបនៃការងារផ្ទៃក្នុង ឱ្យបានជ្រួតជ្រាបទាំងអស់គ្នា និងបានត្រៀមលក្ខណៈល្អប្រសើរដូចគ្នា ដោយគណៈកម្មការនីមួយៗ បានខិតខំប្រឹងប្រែង ហើយចាប់ពីពេលនេះទៅ ត្រូវលះបង់ពេលវេលា ត្រូវលះបង់ការងារមួយចំនួន ដើម្បីធ្វើឱ្យស៊ីហ្គេមនេះ ទទួលបានជោគជ័យ។ អ៊ីចឹងជាលទ្ធផល យើងបានរួមគ្នាធ្វើដោយស្មោះស្ម័គ្រ និងឆន្ទៈទទួលខុសត្រូវ នៅចំពោះមុខរាជរដ្ឋាភិបាល ចំពោះមុខក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ និងនៅចំពោះមុខកិត្តិយសជាតិទាំងមូល»។ នេះជាការបញ្ជាក់របស់លោកចំរើន៕