ភ្នំពេញៈ សិក្ខាកាមជាគ្រូបង្វឹក មន្រ្តីបច្ចេកទេស និងជាកីឡាករ កីឡាការិនីទូកកានូ និងរ៉ូអ៊ីងកម្ពុជាជាង៥០នាក់ កំពុងទទួលបានការបណ្តុះបណ្តាលពីប្រធានបច្ចេកទេសសហព័ន្ធកីឡាទូកនាគអន្តរជាតិ លោក Dick Lim នៅក្នុងវគ្គបណ្តុះបណ្តាលគណៈកម្មាការបច្ចេកទេសកីឡាទូកនាគថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ត្រៀមចូលរួមរៀបចំប្រភេទកីឡានេះ នៅពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។
វគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសកីឡាទូកនាគថ្នាក់ជាតិ ឆ្នាំ២០២២នេះ បានចាប់ផ្តើមដំណើរការ កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ហើយគ្រោងបញ្ចប់ នៅថ្ងៃទី១១ ខែធ្នូ។
នេះជាវគ្គដ៏សំខាន់ចុងក្រោយរបស់សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា ដើម្បីពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេស សម្រាប់ត្រៀមចូលរួមក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្ត នៅឆ្នាំ២០២៣ខាងមុខ។
លោក ស្រ៊ុន លាង អគ្គលេខាធិការរងទទួលបន្ទុកបច្ចេកទេសរបស់សហព័ន្ធកីឡាទូក កានូ និងរ៉ូអ៊ីងកម្ពុជា បានប្រាប់កាលពីព្រឹកថ្ងៃអង្គារថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមចំនួន៥៥នាក់ ហើយអ្នកទាំងនេះ ទទួលបានការបណ្តុះបណ្តាលទាំងផ្នែកទ្រឹស្តី និងការអនុវត្តផ្ទាល់ ពីមន្រ្តីបច្ចេកទេសជាន់ខ្ពស់របស់សហព័ន្ធកីឡាទូកនាគអន្តរជាតិ គឺលោក Dick Lim។
នៅក្នុងពិធីបើកវគ្គបណ្តុះបណ្តាល កាលពីព្រឹកថ្ងៃទី៦ ខែធ្នូ នៅទីស្នាក់ការ NOCC នោះលោក Dick Lim បានព្យាយាមពន្យល់ពីលក្ខន្តិកៈ និងបទបញ្ជានៃការប្រកួតផ្សេងៗ ដល់សិក្ខាកាមទាំង៥៥នាក់ ហើយលោកក៏បានចុះទៅត្រួតពិនិត្យទីលានប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» នៅដងព្រែកកំពត សម្រាប់រៀបចំក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ហើយទីនោះ ក៏ជាកន្លែងហ្វឹកហាត់របស់ក្រុមជម្រើសជាតិកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជាផងដែរ។
លោក ស្រ៊ុន លាង បានថ្លែងថា៖ «ការបើកវគ្គបណ្តុះបណ្តាលគណៈកម្មការបច្ចេកទេសកីឡាទូកនាគថ្នាក់ជាតិនេះឡើង គឺសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា មានគោលបំណងពង្រឹងសមត្ថភាពមន្រ្តីបច្ចេកទេសរបស់យើងបន្ថែម ហើយក្រោមការបង្ហាត់បង្ហាញពីគ្រូឧទ្ទេសអន្តរជាតិ លោក Dick Lim មកពីប្រទេសម៉ាឡេស៊ី យើងសង្ឃឹមថា មន្រ្តីបច្ចេកទេសរបស់យើង នឹងអាចសហការជាមួយគណៈកម្មការសហព័ន្ធកីឡាទូកនាគអន្តរជាតិ ដើម្បីត្រៀមរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣»។
បើទោះបីជាវគ្គបណ្តុះបណ្តាលនេះ ទើបតែចាប់់ដំណើរការ ប៉ុន្តែលោក ស្រ៊ុន លាង ដែលជាអ្នកបកប្រែឱ្យលោក Dick Lim នៅក្នុងវគ្គនេះ បានមើលឃើញរួចទៅហើយថា នៅក្នុងចំណោមសិក្ខាកាមទាំង៥៥នាក់នេះ គឺមានសិក្ខាកាមមួយចំនួន អាចមានលទ្ធភាពបន្តទៅប្រឡងយកអាជ្ញាប័ណ្ណជាមន្រ្តីបច្ចេកទេសអន្តរជាតិ សម្រាប់ចូលរួមរៀបចំការធ្វើជាម្ចាស់ផ្ទះ នៅស៊ីហ្គេម។
លោកបាន បញ្ជាក់ថា៖ «យើងមើលឃើញថា សិក្ខាកាមមួយចំនួន មានការលេចធ្លោ ដែលអាចបន្តទៅប្រឡងយកអាជ្ញាប័ណ្ណជាមន្រ្តីបច្ចេកទេសអន្តរជាតិ នៅពេលខាងមុខបាន គឺមន្រ្តីបច្ចេកទេស ដែលមានសមត្ថភាពផ្នែកភាសា ដោយពួកគាត់ នឹងអាចបន្តការបណ្តុះបណ្តាល នៅបរទេស ក៏ដូចជាឆ្លងវគ្គទៅប្រឡងនៅខាងក្រៅប្រទេសផងដែរ ដើម្បីបានក្របខ័ណ្ឌជាមន្រ្តីបច្ចេកទេសកីឡាទូកអន្តរជាតិ បាន»៕